ព្រៃ​សហគមន៍​នៅ​ស្រុក​ឆែប ខេត្តព្រះវិហារ ត្រូវ​ក្រុមហ៊ុន​ចិន​ឈូសឆាយ​បំផ្លាញ​យ៉ាង​មហន្តរាយ​

សកម្មភាព​បំផ្លាញ​ព្រៃ​សហគមន៍​នៅក្នុង​ស្រុក​ឆែប ខេត្តព្រះវិហារ ពី​សំណាក់​ក្រុមហ៊ុន​ចិន​ឈ្មោះ​រួយ​ហ្វេ​ង​(Ruoy Feng) បានកើត​ឡើងជា​ច្រើន​ឆ្នាំ​មកហើយ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន​ធម្មជាតិ​និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​នៅ​ភូមិ​ក្រឡោត ឃុំ​សង្កែ​២ និង​ប្រជាពលរដ្ឋ​នៅ​ភូមិ​បុស្ស ឃុំ​ម្លូព្រៃ​២ ស្រុក​ឆែប ខេត្តព្រះវិហារ សម្ដែង​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការបាត់បង់​ព្រៃ​សហគមន៍ ព្រោះ​រហូតមក​ដល់ពេលនេះ​ពុំមាន​មន្ត្រី​ជំនាញ​ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ពិនិត្យមើល​បទល្មើស​បំផ្លាញ​ព្រៃ​សហគមន៍​យ៉ាង​មហន្តរាយ​​នៅក្នុង​ស្រុក​ឆែប ខេត្តព្រះវិហារ​។

​ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​សង្កែ​២ និង​ឃុំ​ម្លូព្រៃ​២ ស្រុក​ឆែប ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​រួយ​ហ្វេ​ង ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​តែង​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ពង្រីក​ផ្ទៃដី ដោយ​រំលោភបំពាន​លើ​ព្រៃ​សហគមន៍​និង​ដីស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ ហើយ​លោក អ៊ុំ ម៉ា​រ៉ា អភិបាលខេត្ត​ព្រះវិហារ និង​ស្ថាប័ន​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ឡើយ​។ បច្ចុប្បន្ននេះ​ដីព្រៃ​សហគមន៍​និង​ដីស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​ទំហំ​ជាង​១២០០​ហិកតា អាច​ប្រឈម​នឹង​ការបាត់បង់​ដោយសារ​ក្រុមហ៊ុន​រួយ​ហ្វេ​ង រំលោភ​កាន់កាប់​យ៉ាង​គឃ្លើន​។ ជាពិសេស​ការ​ឈូសឆាយ​ព្រៃ​សហគមន៍​ក្នុង​ឃុំ​សង្កែ​២ និង​ឃុំ​ម្លូព្រៃ​២ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន​ធម្មជាតិ ដូច្នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មិនត្រូវ​មើលរំលង​នោះទេ​។​

សេចក្ដីរាយការណ៍​ពី​តំណាង​សហគមន៍​ភូមិ​បុស្ស ឃុំ​ម្លូព្រៃ​២ ស្រុក​ឆែប ខេត្តព្រះវិហារ ដែលជា​ស្រុក​មាន​ព្រំប្រទល់​ជាប់​ប្រទេស​ឡាវ បាន​ឲ្យ​ដឹងថា ពួកគាត់​កំពុង​ព្រួយបារម្ភ​ខ្លាច​បាត់បង់​ដីស្រែ​ចម្ការ​និង​ព្រៃ​សហគមន៍​១២០០​ហិកតា​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ ដោយហេតុថា តាំងពី​ថ្ងៃទី​០៩​ដល់​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៦ ក្រុមហ៊ុន​រួយ​ហ្វេ​ង បាន​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​លើដី​សម្បទាន​សេដ្ឋកិច្ច ហើយ​រំលោភបំពាន​លើដី​ព្រៃ​បម្រុង​ទុក និង​ស្រែចម្ការ​របស់​អ្នកភូមិ​ជាច្រើន​ហិកតា​។ បញ្ហា​នេះ​រដ្ឋាភិបាល​លោក ហ៊ុន សែន គួរ​ចាត់វិធានការ​ដកហូត​ដី​សម្បទាន​ពី​ក្រុមហ៊ុន​ចិន​រួយ​ហ្វេ​ង ជាបន្ទាន់​ព្រោះ​ក្រុមហ៊ុន​នេះ​គ្មាន​អភិវឌ្ឍន៍​អ្វី​ទាំងអស់ ក្រៅពី​បំផ្លាញ​ព្រៃ​សហគមន៍​និង​ឆក់​ប្លន់​ដីធ្លី​ប្រជាពលរដ្ឋ​ក្នុងស្រុក​ឆែប ខេត្តព្រះវិហារ យ៉ាង​កំរោល​៕

12539948_1515432898752287_1235175205_nលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន