ប៉េអឹម​៖ ឆ្នាំ​២០១៥ មាន​ករណី​ប្លន់​ប្រដាប់អាវុធ ៤៣៦ លើក នៅ​ទូទាំងប្រទេស កើនឡើង​ជាង​ឆ្នាំ​២០១៤

ភ្នំពេញ: ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កាលពី​រសៀល​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦ បាន​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៥ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៦ នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​
 
ក្នុងនោះ កាលពី​ឆ្នាំ​២០១៥ ករណី​ប្លន់​ប្រដាប់អាវុធ នៅ​ទូទាំងប្រទេស មាន​ចំនួន ៤៣៦ លើក គឺ​កើនឡើង​ជិត ១០០ លើក បើ​ធៀប​នឹង​ឆ្នាំ​២០១៤​។​

​កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​សំណាក់​មេបញ្ជាការរង ស្នងការ និង​មេបញ្ជាការ អាវុធហត្ថ រាជធានី ខេត្ត នាយការិយាល័យ ប្រធាន​នៃ​អង្គភាព​ចំណុះ​បញ្ជាការដ្ឋាន អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជាច្រើនរូប​ទៀត​។​

​របាយការណ៍​ប្រចាំឆ្នាំ​២០១៥ របស់​កង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស បានបង្ហាញ​ឲ្យ​ដឹងថា ករណី​ប្លន់​ប្រដាប់អាវុធ​មាន ៤៣៦ លើក លើ ៣៦០ លើក គឺមាន​ការកើនឡើង​ជា​ង​ឆ្នាំ​២០១៤ , ករណី​ឃាតកម្ម​មាន​២៥៥​លើក លើ​២៥២​លើក​, ករណី​ជួញដូរ​គ្រឿងញៀន​បង្ក្រាប​បាន​៥៧៤​លើក លើ​២៧៣​លើក​, ករណី​ចាប់​ជម្រិត​មាន ៦​លើក លើ​៣​លើក​, ដឹកជញ្ជូន​អាវុធ​ខុសច្បាប់ ៧៩​លើក លើ​៦៥​លើក​....​។ ដោយ​បង្ក្រាបបាន​ចំនួន ១.៤៨៩ លើ​៩៨៣​លើក ដោយ​ក្នុងនោះ​បទល្មើស​ឧក្រិដ្ឋ ៨២២​លើ​៣៩៩​លើក និង​បទល្មើស​ម​ជ្ឈឹ​ម ៦៦៧ លើ​៥៨៤​លើក​។​
​    ​
​នៅក្នុង​របាយការណ៍​បូកសរុប​ការងារ​ឆ្នាំ​២០១៥ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៦ បានបង្ហាញ​ទៀតថា ពាក់ព័ន្ធ​បទល្មើស​ដែល​បាន​កើតឡើង គឺ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣.៣២០​នាក់ រកឃើញ​ជន​ពាក់ព័ន្ធ ២.៩៩៨​នាក់ និង​វត្ថុតាង​ចាប់យក​មួយចំនួន​បញ្ជូន​ទៅ​តូ​លា​ការ និង​ជន​គ្មាន​ពាក់ព័ន្ធ​ចំនួន ៣២២​នាក់ ឲ្យ​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​។​
​    ​
​របាយការណ៍​បាន​បន្តថា ការប្រមូលផ្តុំ​មនុស្ស​ធ្វើបាតុកម្ម កូដកម្ម​ទាមទារ​តវ៉ា​ផ្សេងៗ កើតមាន​ចំនួន ១.៥៦១ លើ ១.៤៨៧ លើក ក្នុងនោះ​៖ បាតុកម្ម​មាន​ចំនួន ៥៧៣ លើ ៦៧៧ លើក កូដកម្ម មាន​ចំនួន ៩៨៥ លើ ៧៩៤​លើក បាច​ខិ​ត្ត​បណ្ណ មាន​ចំនួន ៣ លើ ១៦ លើក​៕​