សម្តេច ហ៊ុន សែន ចាត់ទុក​បច្ចេកវិទ្យា​ព័ត៌មាន​មាន​សារៈប្រយោជន៍​បំផុត​សម្រាប់​ការអភិវឌ្ឍន៍

រាជធានី​ភ្នំពេញ​៖​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​ការណ៍​របស់ សម្តេច ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦ បាន​សរសេរ​នេះ​ថា ជនរួមជាតិ​ខ្លះ​ប្រាកដជា​ឆ្ងល់​ព្រោះ​ឃើញ​ខ្ញុំ​កាន់​ជាប់​ជានិច្ច​នូវ កាបូបដៃ​តូច​មួយ​ទោះ​ទៅដល់​ទីណា​ក៏ដោយ​។ ក្នុង​កាបូប​នេះ​គឺមាន​ផ្ទុក​ទូរស័ព្ទ​ចំនួន​៥ ដែល​សម្រាប់​តាមដាន​មើល ស្តាប់ និង​ទទួល​ព័ត៌មាន​ដែល​សហការី​បាន​ផ្ញើជូន​នៅ​រៀងរាល់​នាទី​។

​    ​ខ្ញុំ ទទួលស្គាល់​ច្បាស់​ថា បច្ចេកវិទ្យា​ព័ត៌មាន​គឺមាន​សារប្រយោជន៍​សំខាន់បំផុត​ដល់​ការអភិវឌ្ឍន៍ និង​ថែរក្សា​ស្ថេរភាព​សន្តិសុខ​សង្គមជាតិ​។ ខ្ញុំ​សូម​ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ​ទូទាំងប្រទេស​សិក្សា​រៀនសូត្រ​បន្ថែម​អំពី​របៀប​ប្រើប្រាស់ សម្ភារ​បច្ចេកវិទ្យា​ជាពិសេស Smart Phone អោយទាន់​ការវិវឌ្ឍ​ន៍​ជឿនលឿន​ដែល​នាំមក​នូវ​អត្ថប្រយោជន៍​ច្រើន​ដល់​ការងារ ប្រចាំថ្ងៃ និង​ផ្តល់នូវ​ផលប្រយោជន៍​កាន់តែច្រើន​ដល់​សង្គមជាតិ​យើង​ទាំងមូល​។

​    ​សម្តេច តេ​ជោ​ក៏បាន​សរសេរ​ទៀតថា ទោះបី​ខ្ញុំ​ទៅដល់​ទីណា ខ្ញុំ​តែងតែមាន​អារម្មណ៍​នៅ​ជិត​ជាមួយ​ប្រជាពលរដ្ឋ ព្រោះ​បាន​ស្តាប់ បានឃើញ និង​បានដឹង​អំពី​សុខទុក្ខ​របស់​បងប្អូន​ជនរួមជាតិ​នៅ​គ្រប់​ទីកន្លែង ទាំងអស់​។ ព្រោះ​សុខទុក្ខ​របស់​បងប្អូន​ជនរួមជាតិ​គឺជា​សុខទុក្ខ​របស់ខ្ញុំ​ផ្ទាល់ ផងដែរ ។ ប៉ុន្តែ​អ្វីដែល​សំខាន់​ជាង​ទៀត​គឺ​ខ្ញុំ​បាន​ដោះស្រាយ​បញ្ហា​ទាន់ពេល​ទៅនឹង ការសុំ​យោបល់​របស់​ថ្នាក់ដឹកនាំ​នៃ​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​ដែល ត្រូវការ​យោបល់ ឬ​ការសំរេច​របស់ខ្ញុំ​លើ​បញ្ហា​បន្ទាន់​ទាក់ទង​និង​កិច្ចការ​ក្នុង ក្រៅប្រទេស​មួយចំនួន​៕

សម្តេច ហ៊ុន សែន ចាត់ទុក​បច្ចេកវិទ្យា​ព័ត៌មាន​មាន​សារៈប្រយោជន៍​បំផុត​សម្រាប់​ការអភិវឌ្ឍន៍