អាជ្ញាធរកាត់ដី សាលាស្រុកពោធិរៀង មួយចំណែ ជូនលោកអភិបាលស្រុក

ព្រៃវែង៖ ដីមួយចំណែកដែលមានទទឹងជាង ១០ម៉ែត្រ និងបណ្តោយប្រមាណ ២០ម៉ែត្រ ជាប់សាលាស្រុកពោធិរៀង ខេត្តព្រៃវែង ត្រូវបានអាជ្ញាធរ ភូមិ-ឃុំពោធិរៀងប្រគល់ជូនលោក ម៉ៅ គឹមឡុង ដែលជាអភិបាលស្រុក ជាកម្មសិទ្ធបូករួមទាំងដីជាប់គ្នា មួយទៀត មានបណ្តោយជាង ៣០ម៉ែត្រ និងទទឹងជាង ២០ម៉ែត្រ ក៏បានប្រគល់ជូនមន្ត្រីយោធា ហេង គឹមលី។

ការប្រគល់ដីពីរក្បាលដី របស់សាលាស្រុក ឲ្យទៅជាកម្មសិទ្ធឯកជននេះ ត្រូវបានលោក ហេង គឹមលី មេឃុំពោធិរៀង បានមានប្រសាសន៍បញ្ជាក់ថា "មូលហេតុប្រគល់ដីនេះដោយសារ មុនកើត ដីនេះជាដីព្រៃ រួចលោក ហេង គឹមលីយកគ្រឿងចក្ រមកត្រាយព្រៃ ឈួសឆាយពង្រាប ហើយពេលធ្វើសាលាស្រុកវាស់ដីកាត់ត្រង់ ហើយសល់ ដីកៀនៗ នេះក៏បានប្រគល់ជូនម្ចាស់គ្រឿងចក្រ និងលោកអភិបាលស្រុក ទុកធ្វើខ្ទមយាមសាលាស្រុកទៅ"។

លោកបន្តថា ដីទាំងអស់នេះកន្លងមក ពិតជាដីសាធារណៈរបស់រដ្ឋ ជាទួលលោកយាយ ស ហើយអាជ្ញាធរ អត់ដីធ្វើសាលាស្រុក ក៏បានយកដីនេះ រៀបចំធ្វើសាលាស្រុកទៅ។ បើយោងតាមសមាជិកក្រុមប្រឹក្សាស្រុកពោធិរៀង ជាច្រើននាក់ បាននិយាយថា ពេលប្រជុំ ក្រុមប្រឹក្សាបានដេញដោលថា មិនគូរប្រគល់ដីទាំងនោះ ឲ្យលោកអភិបាលស្រុក និងម្ចាស់គ្រឿងចក្រទេ ជួលគ្រឿងចក្រគេមកឈួសឆាយ ឲ្យលុយគេត្រឹមត្រូវ មិនចាំបាច់ឲ្យដីថែមទៀតធ្វើអី ហើយការប្រគល់ដីជូន លោក អភិបាលស្រុក នោះសម្រាប់ធ្វើខ្ទមយាមសាលាស្រុក មិនចាំបាច់ទេ ដោយសារសាលាស្រុកកើតថ្មី ឆ្ងាយពីរផ្ទះអ្នកស្រុក ថ្នាក់ដឹកនាំធ្វើផ្ទះឲ្យគាត់ស្នាក់នៅហើយ មិនចាំបាច់ប្រគល់ដីឲ្យលោកធ្វើខ្ទមយាម សាលាស្រុកនោះទេ។

ក្រុមប្រឹក្សាស្រុកបន្តថា ដីនៅសល់គូរតែទុកធ្វើការិយាល័យនានា ចំណុះសាលាស្រុក ពីព្រោះការិយាល័យជាច្រើន មិនទាន់មានដីសង់អគារធ្វើការនោះទេ។

លោក ម៉ៅ គឹមឡុង អភិបាលស្រុកពោធិរៀង ដែលត្រៀមចូលនិវត្តន៍ បាននិយាយថា ករណីដីជាប់សាលាស្រុកនោះ លោកមេភូមិ មេឃុំ បានប្រគល់ដីនោះឲ្យលោកពិតមែន ទើបលោកទទួលយកហើយចង់សួរនាំសួរអស់លោកនោះទៅ៕