សង្គម​ស៊ីវិល​ចង់​ឱ្យ​បញ្ចូល​បញ្ហា​បក្សពួកនិយម​ក្នុង​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ អះអាង​ថា មានតែ​យន្តការ​ច្បាប់​មួយ​ប៉ុណ្ណោះ​ដែល​អាច​ដោះស្រាយ​បញ្ហា​បក្សពួក ឬ​គ្រួសារនិយម​ក្នុង​ក្រសួង និង​ស្ថាប័នរដ្ឋ​បាន។ ការ​លើក​ឡើង​បែប​នេះ គឺ​ឆ្លើយ​តប​ទៅ​នឹង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ដែល​បាន​ព្រមាន​ខ្លាំងៗ ដល់​រដ្ឋមន្ត្រី​ណា​ដែល​មាន​ប្រពន្ធ មាន​កូន បងប្អូន ឬ សាច់ញាតិ លូកលាន់​ដល់​ការងារ​របស់​ក្រសួង ត្រូវ​ដក​ខ្លួន​ចេញ​ជាបន្ទាន់។

ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ថ្លែង​សាទរ​ចំពោះ​ការ​ព្រមាន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទង​នឹង​រឿង​បញ្ហា​បក្សពួក និង​គ្រួសារ​និយម​នៅ​តាម​បណ្ដា​ក្រសួង និង​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន។ ប្រធាន​អង្គការ​រូប​នេះ​បញ្ជាក់​ថា កម្ពុជា​កំពុង​ស្ថិត​ក្នុង​ហានិភ័យ​ខ្ពស់​ដោយសារ​តែ​ក្រសួង និង​ស្ថាប័នរដ្ឋ​មួយ​ចំនួន​មាន​ក្រុម​គ្រួសារ បងប្អូន ឬ​សាច់ញាតិ​របស់​ខ្លួន​បម្រើការ​ក្នុង​កន្លែង​តែមួយ ដែល​នាំ​ឱ្យ​មាន​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​លក្ខណៈ​ប្រមូល​ផ្តុំ និង​សម្ងាត់​បំផុត។

លោក ព្រាប កុល៖ «ភាគ​ច្រើន​គេ​ស្រាវជ្រាវ​ឃើញ​ថា វា​ច្រើន​មាន​ករណី​ពុករលួយ ហើយ​ការ​ប្រព្រឹត្ត​បែប​នេះ គឺ​ងំ​តែម្ដង។ អត់​មាន​បែក​ធ្លាយ​អី​ស្រួល​ទេ ព្រោះ​ដោយសារ​គាត់​ត្រូវរ៉ូវ​គ្នា គាត់​ជួយ​គ្នា គាត់​ចេះ​សហការ​គ្នា ហើយ​ចែក​ផល​ចំណេញ​គ្នា»

​នៅ​ក្នុង​ឱកាស​សន្និបាត​បិទ​ទ្វារ​កាល​ពី​ថ្ងៃ​ទី​១០ មករា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ព្រមាន​ចំៗ​ចំពោះ​រដ្ឋមន្ត្រី​ណា​ដែល​មាន​ក្រុម​គ្រួសារ​កំពុង​ជ្រៀតជ្រែក ឬ​មាន​ឥទ្ធិពល​នៅ​ក្នុង​ក្រសួង​របស់​ខ្លួន។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​បញ្ជាក់​ថា ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន គឺ​ដើម្បី​ណែ​នាំ​ឱ្យ​ពង្រឹង​ការ​សាមគ្គី និង​ឯកភាព​ផ្ទៃក្នុង​របស់​ក្រសួង ឬ​ស្ថាប័ន​នីមួយៗ។

លោក សុខ ឥសាន បន្ត​ថា វា​ជា​ប្រការ​មិន​ល្អ​ឡើយ បើ​កាល​ណា​រដ្ឋមន្ត្រី ឬ​រដ្ឋលេខាធិការ​យក​ប្រពន្ធ​កូន​របស់​ខ្លួន​ទៅ​ធ្វើ​ការ​នៅ​ក្នុង​ក្រសួង ហើយ​រហូត​ដល់​ថ្នាក់​ប្រពន្ធ ឬ​កូន​ទាំង​នោះ លូកដៃ​ចូល​ក្នុង​កិច្ចការ​របស់​ពួកគេ៖ «តាំង​ពី​ដើម​មក​គណបក្ស​ប្រជាជន​មិន​ត្រូវការ​ការងារ​របៀប​នេះ​ទេ។ អ៊ីចឹង​បាន​សម្ដេច​តេជោ​ណែនាំ​ច្បាស់​ហើយ​ថា រដ្ឋមន្ត្រី​ណា​ដែល​មាន​ប្រពន្ធ​មាន​កូន​ទៅ​ធ្វើការ​ជិត​គ្នា វា​នឹង​នាំ​ឱ្យ​មាន​បញ្ហា​រញ៉េរញ៉ៃ ហើយ​វា​នាំ​មាន​ការ​ចោទ​ពី​បញ្ហា​បក្សពួកនិយម ឬ​គ្រួសារ​និយម។ យើង​មិន​ចង់​បាន​ករណី​នេះ​ទេ អ៊ីចឹង​បាន​សូម​ឱ្យ​សម្រួល​ការងារ​របស់​ប្រពន្ធ​កូន​របស់​រដ្ឋមន្ត្រី​ហ្នឹង​ឱ្យ​វា​ទៅ​ឆ្ងាយ​ល្អ​ជាង​ការ​នៅ​ជិត»

លោក សុខ ឥសាន ពន្យល់​ទៀត​ថា បញ្ហា​បក្សពួកនិយម​ក្នុង​ក្រសួង​នេះ ធ្វើ​ឱ្យ​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា រង​នូវ​ការ​ទិតៀន​ច្រើន​ពី​សំណាក់​សាធារណៈ​មតិ។ ប្រការ​នេះ​ទាមទារ​ឱ្យ​គណបក្ស​គិតគូរ​ឡើង​វិញ​ពី​ប្រជាប្រិយភាព​របស់​បក្ស។

យ៉ាង​ណា​ក៏ដោយ​ចុះ លោក សុខ ឥសាន មិន​បាន​បញ្ជាក់​ថា តើ​ក្រសួង​ណា​ខ្លះ​ដែល​មាន​ក្រុម​គ្រួសារ​ថ្នាក់ដឹកនាំ​កំពុង​លូកដៃ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ក្រសួង​នោះ​ទេ៖ «ការ​ដែល​មាន​ការ​ទិតៀន​ពី​ខាង​ក្រៅ​ហ្នឹង​ហើយ វា​នាំ​ឱ្យ​បាត់​ជំនឿ ឬ​ថយ​ជំនឿ​ចំពោះ​រដ្ឋមន្ត្រី​នៅ​ស្ថាប័ន​ហ្នឹង។ អ៊ីចឹង​ទេ កាល​ណា​គេ​ថ្នាំងថ្នាក់ ក៏​អាច​ថា​ថយ​សន្លឹក​ឆ្នោត​ដែរ»

បញ្ហា​បក្សពួក និង​គ្រួសារ​និយម​ត្រូវ​បាន​គេ​រាប់​បញ្ចូល​ទៅ​ក្នុង​ទម្រង់​មួយ​នៃ​អំពើ​ពុករលួយ ដែល​ក្រៅ​ពី​សំណូក ការ​កេងប្រវ័ញ្ច ការ​លួច​បន្លំ ការ​សម្លុត​គំរាម និង​អំពើ​ពុករលួយ​ផ្នែក​នយោបាយ។ បក្ខពួក​និយម (Nepotism) គឺ​ជា​យន្តការ​នៃ​ការ​រំលោភ​អំណាច និង​លើក​តម្កើង​តែ​ក្រុម ឬ​ញាតិសន្ដាន​របស់​អ្នក​ដឹកនាំ​ដើម្បី​គ្រប់គ្រង​តួនាទី​ណា​មួយ។

ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល អះអាង​ថា បញ្ហា​បក្សពួកនិយម​ក្នុង​ក្រសួង ឬ​ស្ថាប័នរដ្ឋ​នេះ នាំ​មក​នូវ​ផលវិបាក​ជា​ច្រើន ដូចជា​ការ​ប្រកួតប្រជែង​មិន​ស្មើ​ភាព និង​គុណភាព​ការងារ​ធ្លាក់​ចុះ​ជាដើម។ លើស​ពី​នេះ វា​នឹង​ធ្វើ​ឱ្យ​មាន​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ទ្រង់ទ្រាយ​ធំ​ក្នុង​ស្ថាប័ន​នោះ៖ «វា​អាច​ធ្វើ​ឱ្យ​បាក់​ទឹក​ចិត្ត​ដល់​បញ្ញវន្ត ឬ​ក៏​អ្នក​ដែល​រៀន​សូត្រ អ្នក​ដែល​មាន​ជំនាញ និង​សមត្ថភាព​ពិតប្រាកដ ដែល​គាត់​ចង់​ចូល​ទៅ​បម្រើ​ស្ថាប័ន​នោះ ហើយ​គាត់​មិន​មាន​ឱកាស​ព្រោះ​ត្រូវ​បាន​ឆក់​យក ឬ​ក៏​រក្សាទុក​ដើម្បី​ឱ្យ​ក្រុម​គ្រួសារ​សាច់​ញាតិ។ ពេល​ណា​ដែល​យើង​មាន​ក្រុម​គ្រួសារ ឬ​បក្សពួកនិយម​អ៊ីចឹង វា​អាច​ធ្វើ​ឱ្យ​ការ​បំពេញ​ការងារ​មិន​សូវ​មាន​ប្រសិទ្ធភាព ហើយ​និង​គុណភាព»

ទាក់ទង​នឹង​ការ​ប្រកាស​លោក ហ៊ុន សែន ស្ដីពី​ការ​លុប​បំបាត់​បញ្ហា​គ្រួសារ​និយម​ក្នុង​ក្រសួង​នេះ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ មាន​ប្រសាសន៍​ដោយ​ខ្លី​ថា វា​ជា​កិច្ចការ​របស់​បក្ស​មិន​ទាក់ទង​អ្វី​នឹង​អង្គភាព​របស់​លោក​ទេ៖ «សូម​ជម្រាប​ថា នោះ​ជា​កិច្ចការ​របស់​បក្ស។ កិច្ចការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ គឺ​ឯករាជ្យ។ ខ្ញុំ​សុំ​មិន​លូកលាន់​ទេ។ កុំ​នាំ​ខ្ញុំ​ច្របូកច្របល់​បាយបិណ្ឌ​ជា​បាយ​បាត្រ»

មក​ទល់​នឹង​ពេល​នេះ មិន​ទាន់​មាន​មាត្រា​ណា​មួយ​នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ដែល​ចែង​ពី​បញ្ហា​បក្សពួក ឬ​គ្រួសារ​និយម​នៅ​ឡើយ​ទេ។ មាត្រា​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​នេះ ផ្ដោត​តែ​ទៅ​លើ​បទល្មើស​ស៊ីសំណូក ការ​សូកប៉ាន់ បទ​មានទ្រព្យ​សម្បត្តិ​ដោយ​ខុស​ច្បាប់ បទ​ទទួល​ផល​បន្ត​ពី​បទ​ល្មើស​ពុករលួយ និង​បទល្មើស​ផ្សេង​ទៀត​តែប៉ុណ្ណោះ។

ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល មើល​ឃើញ​ថា ដោយសារ​តែ​ភាព​ឆក​ល្វែង​ត្រង់​ចំណុច​នេះ​ហើយ​ដែល​បើក​ឱកាស​ឱ្យ​មាន​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាម​ក្រសួង និង​ស្ថាប័ន​រដ្ឋ​កន្លង​មក។ លោក​ចង់​ឃើញ​រដ្ឋាភិបាល​បន្ថែម​ប្រការ​នេះ​ចូល​ទៅ​ក្នុង​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ ឬ​ក៏​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​តែម្ដង ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​សារ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពេល​នេះ។

​លោក ព្រាប កុល៖ «ក្របខ័ណ្ឌ​ច្បាប់ យើង​អត់​ទាន់​មាន​ចែង​ច្បាស់លាស់​ពី​គ្រួសារ​និយម ឬ​ទំនាស់​ផលប្រយោជន៍​ឱ្យ​បាន​ច្បាស់​ទេ។ កន្លង​មក​គឺ​យើង​នៅ​ខ្វះ​ចំណុច​ហ្នឹង​ហើយ​ទើប​បាន​ជា​យើង​មាន​បញ្ហា សូម្បី​តែ​ស្ថាប័ន​រដ្ឋ​សភា​ហ្នឹង​ក៏​មាន​បញ្ហា​ហ្នឹង​ដែរ ហើយ​ស្ទើរ​តែ​គ្រប់​ស្ថាប័ន យើង​ឃើញ​មាន​បញ្ហា​នេះ​ទាំង​អស់»

អង្គការ​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន​រក​ឃើញ​ថា អំពើ​ពុករលួយ​នៅ​កម្ពុជា ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន និង​ជា​លក្ខណៈ​ប្រព័ន្ធ​ស្ទើរ​គ្រប់​វិស័យ​ទាំង​អស់ ជាពិសេស​នៅ​ក្នុង​វិស័យ​សាធារណៈ។ កាល​ពី​ឆ្នាំ​២០១៤ កម្ពុជា​ស្ថិត​នៅ​លេខ​រៀង​ទី​១៥៦ ក្នុង​ចំណោម​ប្រទេស ១៧៥ ដែល​អង្គការ​តម្លាភាព​អន្តរជាតិ​រក​ឃើញ​ថា មាន​អំពើ​ពុករលួយ។ នេះ​ជា​ចំណាត់​ថ្នាក់​មួយ​ដ៏​ទាប​ដែល​បង្ហាញ​ថា កម្ពុជា​នៅ​តែ​ស្ថិត​នៅ​ក្នុង​ក្រុម​ប្រទេស​ដែល​ពុករលួយ​ជាង​គេ​លើ​ពិភពលោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។