ពលរដ្ឋ​ខ្មែរ​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ​នៅ​ប៉ោយប៉ែត ជា​ប្រភព​ចំណូល​របស់​សមត្ថកិច្ច​ពុករលួយ​

​ប្រភពពី​មន្ត្រីរាជការ​ក្នុង​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា​កាស៊ីណូ​មួយចំនួន​នៅ​ក្រុង​ប៉ោយប៉ែត​ដូចជា កាស៊ីណូ​ឡាក់​គី​ប៉ោយប៉ែត​(Lucky Poi Pet)​ជាដើម បាន​បើកដៃ​ឲ្យ​ជនជាតិខ្មែរ​ចូល​លេង​ល្បែងស៊ីសង​ក្នុង​កាស៊ីណូ​នេះ​យ៉ាង​គគ្រឹកគគ្រេង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រីនគរបាល​ដែល​ប្រចាំការ​នៅក្នុង​កាស៊ីណូ​ឡាក់​គី​ប៉ោយប៉ែត មិន​ទប់ស្កាត់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចូល​លេងល្បែង​ស៊ីសង​ទេ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​ពិនិត្យឡើងវិញ​និង​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។ ចំណែក​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ទំនងជា​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​នៅ​ក្រុង​ប៉ោយប៉ែត ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ​ទទួលផល​ប្រយោជន៍​ទើប​ធ្វើ​មិនដឹងមិនឮ​ករណី​ជនជាតិខ្មែរ​ចូល​លេង​ល្បែងស៊ីសង​ក្នុង​កាស៊ីណូ​យ៉ាង​កុះករ​។​

​ប្រជាពលរដ្ឋ​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ក្រុង​ប៉ោយប៉ែត បាន​អំពាវនាវ​ឲ្យ​ក្រសួងមហាផ្ទៃ ចាត់វិធានការ​ត្រួតពិនិត្យ​ឡើងវិញ​ធ្វើយ៉ាងណា​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ចូល​លេង​ល្បែងស៊ីសង​ក្នុង​កាស៊ីណូ ព្រោះ​អាច​នាំ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​សន្តិសុខ​សង្គម​។ ជាមួយគ្នានេះ​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ និង​ជា​គណៈបញ្ជាការ​ឯកភាព​ខេត្តបន្ទាយមានជ័យ គួរពិនិត្យមើល​ជាបន្ទាន់​ព្រោះ​ករណី​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែងស៊ីសង​ក្នុង​កាស៊ីណូ​ឡាក់​គី​ប៉ោយប៉ែត កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​។ ជាក់ស្តែង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ ពលរដ្ឋ​ខ្មែរ​នាំគ្នា​ចូល​លេង​ល្បែងស៊ីសង​ក្នុង​កាស៊ីណូ​នៅ​ក្រុង​ប៉ោយប៉ែត យ៉ាង​ពេញបន្ទុក ហើយ​ពុំមាន​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ណា​ចាត់វិធានការ​ទប់ស្កាត់​ទាល់តែសោះ​។

ក្នុងខណៈដែល​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែងស៊ីសង​ក្នុង​កាស៊ីណូ​ឡាក់​គី​ប៉ោយប៉ែត យ៉ាង​គគ្រឹកគគ្រេង​នោះ​បែរជា​អភិបាលរង​ខេត្តបន្ទាយមានជ័យ​ម្នាក់ គឺ​លោក អ៊ុំ រាត្រី បាន​និយាយ​បិទបាំង​ការពិត​ថា កន្លងមក​អាជ្ញាធរខេត្ត​តែងតែ​ទប់ស្កាត់​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​ចូលទៅ​លេងល្បែង​ស៊ីសង​ក្នុង​កាស៊ីណូ​នោះទេ​។ ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រីរាជការ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បាន​ចំអក​ទៅ​លោក អ៊ុំ រាត្រី វិញ​ថា​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ​នោះទេ គឺ​គេ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​រាប់រយ​នាក់​ចូល​លេងល្បែង​ដោយ​សេរី​។ បញ្ហា​នេះ​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ និង​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ មិនត្រូវ​ព្រងើយ​ក​ន្ទើ​យ​តទៅទៀត​ទេ ព្រោះ​បច្ចុប្បន្ន​ល្បែងស៊ីសង អំពើចោរកម្ម គ្រឿងញៀន និង​បទល្មើស​ផ្សេងទៀតៗ​កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក​នៅក្នុង​ខេត្ត​នេះ​៕

109លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ image