​លោក ឆែ សុធា បង្កើត​ប៉ុស្តិ៍​ជជុះ​ថ្មី​នៅមុខ​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ក្នុង​ឃុំ​សំរោង ស្រុក​អូរជ្រៅ​

​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ លោក ឆែ សុធា ដែល​បានប្រកាស​ចូលកាន់​តំណែង​កាលពី​ថ្ងៃទី​២៣ ខែធ្នូ ២០១៥ មិនទាន់បាន​មួយខែ ជំនួស​លោក ថោង សុខាំ​ភូ ដែល​រង​ការរិះគន់​ពី​អ្នកជំនួញ រឿង​ដាក់​កុងត្រូល​ច្រើន​កន្លែង​យកលុយ​ពី​ឈ្មួយ​ដឹកទំនិញ​នោះ ត្រូវគេ​ដឹងថា​កំពុង​បង្កើត​ប៉ុស្តិ៍​ជជុះ​ថ្មី​ពីរ​បន្ថែមទៀត​នៅមុខ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្នុងភូមិ​សាស្ត្រ​សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត និង​ក្នុង​ឃុំ​សំរោង ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​

​អ្នកជំនួញ​តូចធំ​ដែល​ដឹកទំនិញ​ពី​ប្រទេស​សៀម​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ បាន​រិះគន់ថា ពីមុន​ពួកគាត់​រំពឹងថា​ការធ្វើ​អាជីវកម្ម​របស់​ពួកគាត់​អាច​នឹងមាន​ភាពប្រសើរ​ឡើង​ក្រោយពី​លោក ឆែ សុធា ចូលកាន់​តំណែង​ជំនួស​លោក ថោង សុខាំ​ភូ ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ តែ​ផ្ទុយទៅវិញ​មាន​បញ្ហា​កាន់តែ​ស្មុគស្មាញ​បន្ថែមទៀត ព្រោះ​ចំនួន​កុងត្រូលជជុះ ឬ​ប៉ុស្តិ៍​ត្រួតពិនិត្យ​របស់​ក្រុម​គយ​មាន​ចំនួន​កើនឡើង​។

​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​បានបញ្ជាក់​ថា សព្វថ្ងៃនេះ​មាន​ប៉ុស្តិ៍​មន្ត្រី​ជំនាញ​ជាច្រើន​កន្លែង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ពី​មាត់​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត មកកាន់​ទី​រួម​ខេត្តបន្ទាយមានជ័យ នៃ​ក្រុង​សិរីសោភ័ណ ព្រោះ​លើ​ចម្ងាយ​ផ្លូវ​មិន​ដល់​៥០​គីឡូម៉ែត្រ មាន​ប៉ុស្តិ៍​ដល់​ទៅ​៦​កន្លែង ធ្វើ​សកម្មភាព​ត្រួតពិនិត្យ​ឲ្យ​ឈ្មួញ​ដឹកទំនិញ​ទាំងអស់​បង់លុយ បង់ថ្លៃ​ក្បាល​ឡាន ថ្លៃ​បាយ ហើយ​ទំនិញ​មាន​ពន្ធ​ក៏ត្រូវ​បង់​ដែរ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ការ​បង់លុយ​ក្រៅផ្លូវការ​ឲ្យ​មន្ត្រី​គយ​ខិលខូច ខ្លះ​បង់​ជា​ជើង និង​ខ្លះទៀត​បង់​គិត​ជា​ខែ​ចាប់ពី​១៥០​ដុល្លារ​ទៅ​២០០​ដុល្លារ​។​

​ចំពោះមុខ​បញ្ហា​ខាងលើនេះ អ្នកជំនួញ​តូចធំ​ដែល​ដឹកទំនិញ​ពី​ប្រទេស​សៀម​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ បាន​សំណូមពរ​ឲ្យ​មន្ត្រីជាន់ខ្ពស់​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គប្បី​ត្រួតពិនិត្យ សកម្មភាព​ការងារ​របស់ លោក ឆែ សុធា ប្រធាន​សាខាគយ និង​រដ្ឋាករ​ថ្មី​នៃ​ខេត្តបន្ទាយមានជ័យ​ឡើងវិញ ពិសេស​ករណី​បង្កើត​ប៉ុស្តិ៍​ជជុះ​ថ្មី​នៅមុខ​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ក្នុង​ឃុំ​សំរោង ស្រុក​អូរជ្រៅ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បើ​មន្ត្រី​ជំនាញ​បំពេញការងារ​មិន​ត្រឹមត្រូវ​វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​ពន្ធ​រដ្ឋ​នោះទេ តែ​វា​ក៏បង្ក​ការលំបាក​ដល់​អ្នកជំនួញ​ដែល​រកស៊ី​ស្របច្បាប់​ផងដែរ ព្រោះ​ពួកគេ​ក៏ត្រូវ​ចំណាយ​ប្រាក់​ក្រៅផ្លូវការ​៕

btv-a1552លោក ឆែ សុធា ប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ btv-a1551-696x452