​ទារិកា​អាយុ ៤ ​ខែ ម្នាក់​ត្រូវ​សត្វ​កណ្តុរ​ខាំ​កកេរ​ស្លាប់​ភ្លាមៗ

​នេះ​ជា​ព័ត៌មាន​ដែល​ គួរ​ឲ្យ​រន្ធត់​បំផុត​មួយ​ដែល​បាន​កើតឡើង ​នៅក្នុង​ទីក្រុង​អេ​ខូ​ល​មែន ​(Acolman) ប្រទេស​ម៉ិច​ស៊ីក (Mexico) ដោយ​ទារិកា​អាយុ ៤​ ខែ​ម្នាក់ ត្រូវ​សត្វ​កណ្ដុរ​ជាច្រើន​ក្បាល​ខាំ​កកេរ​ផ្ទៃមុខ​រហូតដល់​ស្លាប់ ។

បើ​យោងតាម​សេចក្ដីរាយការណ៍​ពី​គេហទំព័រ sizzlingfeed.com ដែល​បាន​ចុះផ្សាយ​កាលពីពេល​ថ្មីៗ​ នេះ​បាន​ឲ្យ​ដឹងថា ស្ត្រី​ដែល​ត្រូវជា​ម្ដាយ​របស់​ទារិកា​រងគ្រោះ​មាន​ឈ្មោះថា Lizbeth Jeronima Fuentes Munguia ដោយ​នាង​បាន​ទុក​ទារិកា​នោះ​ចោល​ឲ្យ​នៅផ្ទះ ចំណែក​នាង​ត្រូវ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ជប់លៀង​របស់​មិត្តភក្តិ ។ បន្ទាប់ពី​ស្រី្ត​ត្រូវជា​ម្តាយ​របស់​ទារក​ខាងលើ​ចាក​ចេញពីផ្ទះ​បាត់ទៅ​មាន​សត្វ​សត្វ​កណ្តុរ​ជាច្រើន​ក្បាល​បានមក​ខាំ​កកេរ​ផ្ទៃមុខ​របស់​ទារិកា​នោះ​រហូតដល់​ស្លាប់​បាត់បង់​ជីវិត​ភ្លាម ។

ក្រោយពី​ត្រឡប់​មកពី​ពិធីជប់លៀង​នា​ពាក់កណ្តាល​យប់​វិញ Lizbeth បានឃើញ​កូន​របស់​នាង​ដេកស្លាប់​នៅក្នុង​អង្រឹង​ដោយមាន​ប្រឡាក់​ឈាម​ពេញ​ខ្លួន​ទាំងអស់ ។យោងតាម​សម្តី​អ្នកជិតខាង​របស់ Lizbeth បាន​ឲ្យ​ដឹង​ច្បាស់​ថា «​នៅ​យប់​ថ្ងៃកើតហេតុ​នោះ ស្ត្រី​មេម៉ាយ Lizbeth បាន​ទុក​កូន​ចោល ដោយ​នាង​ទៅ​ចូលរួម​ក្មវិធី​ជប់លៀង​របស់​មិត្តភក្តិ​នៅ​ជិត​សាលាក្រុង Otumba ហើយ​នាពេល​ពាក់​កណ្តាលយប់​ទើប​នាង​ត្រឡប់មក​ដល់ផ្ទះ ។

រយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយមកទៀត​គាត់​ក៏បាន​ឃើញ​ម្តាយ​របស់​ទារិកា​ដែល​ឈ្មោះថា Lizbeth Jeronima Fuentes Munguia នោះ​ត្រូវ​ចាប់ខ្លួន​» ។ បើតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​ក្នុងស្រុក​មួយ​បាន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ​ម្តាយ​របស់​ទារិកា​រងគ្រោះ​កំពុង តែ​ស្ថិតនៅក្នុង​មន្ទីរឃុំឃាំង​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ការពិនិត្យ​សា​សព​របស់​ទារិកា​នោះ​សាជាថ្មី ហើយ​ក្រោយមកទៀត​នឹងត្រូវ​ប្រកាស​ដាក់ទោស​ស្ត្រី​រូបនោះ​ជា​ផ្លូវ​ការណ៍ ។

ក្នុងនោះដែរ​ប៉ូលិស​ក៏បាន​អំពាវនាវ​ដល់​ឪពុកម្តាយ​ទាំងអស់​ត្រូវតែ​យកចិត្តទុកដាក់​មើលថែ​កូនចៅ​ឱ្យបាន​ល្អ ដើម្បី​ជៀសវាង​កុំ​ឱ្យមាន​ហេតុការណ៍​អាក្រក់​កើតឡើង​ដូចនេះ​ទៀត ៕ (​ប្រភព ស៊ី​ស​លីង​ហ្វី​ដ​) កុសល​