អាជ្ញាធរកាត់ដី សាលាស្រុកពោធិរៀង មួយចំណែឲ្យ អភិបាលស្រុក

ព្រៃវែង៖ ដីមួយចំណែកដែលមាន ទទឹងជាង ១០ម៉ែត្រ និងបណ្តោយប្រមាណ ២០ម៉ែត្រ ជាប់សាលាស្រុកពោធិរៀង ខេត្តព្រៃវែងត្រូវបានអាជ្ញាធរ ភូមិ-ឃុំពោធិរៀងប្រគល់ជូនលោក ម៉ៅ គឹមឡុង អភិបាលស្រុកជាកម្មសិទ្ធ ផ្ទាល់ខ្លួនបូករួមទាំងដីជាប់គ្នា មួយទៀតមានបណ្តោយជាង ៣០ម៉ែត្រ និងទទឹងជាង ២០ម៉ែត្រ ក៏បានប្រគល់ជូនមន្ត្រីយោធា ហេង គឹមលី។

ការប្រគល់ដីពីរក្បាលដី របស់សាលាស្រុក ឲ្យទៅជាកម្មសិទ្ធឯកជននេះ ត្រូវបានលោក ហេង គឹមលី មេឃុំពោធិរៀងបាន មានប្រសាសន៍ថា " មូលហេតុប្រគល់ដីនេះដោយសារមុនកើត សាលាស្រុកដីនេះជាដីព្រៃ រួចលោក ហេង គឹមលីយកគ្រឿង ចក្រមកត្រាយព្រៃ ឈូសឆាយពង្រាប ហើយពេលធ្វើសាលាស្រុក វាស់ដីកាត់ត្រង់ ហើយសល់ដីកៀនៗនេះ ក៏បានប្រគល់ជូនម្ចាស់គ្រឿងចក្រ និងលោកអភិបាលស្រុក ទុកធ្វើខ្ទមយាមសាលាស្រុក។ ដីទាំងអស់នេះកន្លងមក ពិតជាដីសាធារណៈ របស់រដ្ឋ ជាទួលលោកយាយ ស ហើយអាជ្ញាធរ អត់ដីធ្វើសាលាស្រុកក៍បានយកដីនេះ រៀបចំធ្វើសាលាស្រុកទៅ"។

បើយោងតាមសមាជិក ក្រុមប្រឹក្សាស្រុកពោធិរៀង ជាច្រើននាក់បាននិយាយថា ពេលប្រជុំ ក្រុមប្រឹក្សាបានដេញដោលថា មិនគួរប្រគល់ដីទាំងនោះ ឲ្យលោកអភិបាលស្រុក និងម្ចាស់គ្រឿងចក្រទេ។

ក្រុមប្រឹក្សាស្រុកបន្តថា ដីនៅសល់គូរតែទុកធ្វើការិយាល័យ នានាចំណុះសាលាស្រុកពីព្រោះ ការិយាល័យជាច្រើនមិនទាន់ មានដីសង់អគារធ្វើការនោះទេ។

លោក ម៉ៅ គឹមឡុង អភិបាលស្រុកពោធិរៀង ដែលត្រៀមចូលនិវត្តន៍ បាននិយាយថា ករណីដីជាប់សាលាស្រុកនោះ លោកមេភូមិ មេឃុំ បានប្រគល់ដីនោះឲ្យលោកពិតមែន ទើបលោកទទួលយក៕