ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តស្ទឹងត្រែង ​៖ ​គូ​ស្វាមីភរិយា​មួយគូ​​ទើប​តែ​រៀប​អាពាហ៍ពិពាហ៍​បាន​​​៤​ថ្ងៃ​ ​​ជួប​​​គ្រោះ​​​ថ្នាក់​​ចរាចរណ៍​ស្លាប់​​​ទាំង​២​នាក់​​គួរ​ឱ្យ​សង្វេគ​យ៉ាង​ខ្លាំង​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១១ ​មករា ​២០១៦ ​នៅ​​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨​អា ​ស្ថិត​​នៅ​ក្នុងភូមិ​រា​ជានុ​កូ​ល​ សង្កាត់​ស្ទឹង​ត្រែង ​ក្រុង​ស្ទឹង​ត្រែង​ ​។​

​មន្ត្រី​នគរបាល​​បាន​ឲ្យ​ដឹង​ថា​ ​​ទាំង​២នាក់​ប្តី​ប្រពន្ធ​​ដែល​ស្លាប់​​ខាង​លើ​ ​បុរស​ជា​​ប្តី​ឈ្មោះ សន សុខ​ខេ​ង អាយុ​២៥​ឆ្នាំ​ រីឯ​ស្ត្រីជា​ប្រពន្ធ ​ឈ្មោះ ម៉ៃ ស្រី​ម៉ី អាយុ​២៣​ឆ្នាំ​ អ្នក​ទាំង​២​នាក់​ប្តីប្រពន្ធ​រស់នៅ​ភូមិ​កាតូត ឃុំ​កំ​ភុ​ន ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ​ទើប​តែ​រៀប​អាពាហ៍ពិពាហ៍​បាន​​​៤​ថ្ងៃ​​ប៉ុណ្ណោះ ។

​តាម​ប្រភព​ព័ត៌​​មាន​​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ ​គេ​ឃើញ២​នាក់​ប្តីប្រពន្ធ​ជិះ​ម៉ូតូ​​​​ឌុ​បគ្នា ម៉ាក​សង់​ ស៊េរី​ឆ្នាំ​២០១៣​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​១BM-៤២៧៣​ ​ទិស​ដៅ​ពី​កើតទៅ​លិច ​ក្នុង​ល្បឿន​លឿន​​ លុះ​មក​ដល់​ចំណុច​កើតហេតុក៍​ជ្រុល​ទៅ​បុក​រថយន្ត​កែ​ច្នៃចត​លើ​ទ្រូង​​ផ្លូវ​ស្រប​ទិស​គ្នា​ពេញ​ទំហឹង​​បណ្តាលឱ្យ​ទាំង​២នាក់​ប្តីប្រពន្ធ​​​ស្លាប់​ភ្លាម​ៗ​នៅនឹងកន្លែង​កើត​ហេតុយ៉ាង​អាណោចអាធម៌​តែ​ម្តង ។

​មន្ត្រី​នគរបាល​ចរាច​ណ៍​​ដែល​​ចុះ​​វាស់វែង​ ​បាន​សន្និដ្ឋាន​ថា ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាច​ណ៍​​​ខាង​លើ​នេះ គឺ​​បណ្តាល​មក​ពី​​កំហុស​ខាង​រថយន្ត​​កែ​ច្នៃ​​​​ទាំង​២គ្រឿង​​ចត​នៅ​​លើ​​ទ្រូង​ផ្លូវ​ទយ​គូ​ទ​ដាក់​គ្នាសាង​ឈើ​ពី​រថយន្ត​មួយ​ទៅ​ដាក់​រថយន្ត​មួយ​គ្រឿងទៀត​​​​មិន​បាន​ដាក់​សញ្ញា​​សម្គាល់​ណាមួយ​​ដើម្បី​ឲ្យ​អ្នកដំណើរ​មានការ​ប្រុង​ប្រយ័ត្ននោះ​ ទើប​បណ្តាល​​ឱ្យ​ជន​រង​គ្រោះ​ទាំង​២នាក់​ប្តី​​ប្រពន្ធ​​​​ស្លាប់​បែប​នេះ ​។​

ក្រោយ​កើតហេតុ ​​សមត្ថកិច្ច​នាំ​យក​រថយន្ត​​ទាំង​២​គ្រឿង​ ​និង​ម៉ូតូ​​រង​ការ​ខូចខាតរបស់​ជន​រង​គ្រោះ​​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​​នគរ​បាល​ចរាចរ​ណ៍ជើង​គោក​ខេត្ត ។ ចំណែក​សព​ជន​រង​គ្រោះ​ទាំង​២នាក់​ប្តីប្រពន្ធ​ ​​ប្រគល់​ឱ្យ​​ទៅ​ក្រុម​​គ្រួសារ​ឪពុក​ម្តាយ​នាំ​យក​ទៅ​​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​