ល្បែងស៊ីសង​ក្នុង​ក្រុងព្រះសីហនុ ជា​ប្រភព​ចំណូល​របស់​សមត្ថកិច្ច​

ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដា​សង្កាត់​នានា​ក្នុង​ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹងថា ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ ជាពិសេស​កន្ទុយលេខ​និង​ហ្គេម​បាញ់​ត្រី​ជាដើម កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ផ្សារលើ​បាន​ឲ្យ​ដឹងថា ល្បែងស៊ីសង​រាលដាល​កាន់តែខ្លាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​និង​សណ្ដាប់ធ្នាប់​សង្គម ប៉ុន្តែ​នាយ​នគរបាល​ប៉ុស្តិ៍​សង្កាត់​លេខ​២ ក៏ដូចជា​លោក ភុល ភ​ស្ត​តា អធិការនគរបាល​ក្រុងព្រះសីហនុ មិន​យកចិត្តទុកដាក់​បង្ក្រាប​ឡើយ​។ បើទោះបី​លោក ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ដាក់ចេញ​នូវ​បទបញ្ជា​ក្នុងការ​បង្ក្រាប​បទល្មើស​ផ្សេងៗ​យ៉ាងណាក៏ដោយ ក៏​ល្បែងស៊ីសង គ្រឿងញៀន និង​អំពើចោរកម្ម​នៅតែ​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក​ដដែល​។

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ផ្សារលើ​ក្នុងភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹងថា ក្នុង​ផ្សារ​នេះ​មាន​ទីតាំង​កត់​កន្ទុយលេខ​ប្រមាណ​ជិត​១០​កន្លែង​កំពុងដំណើរការ​យ៉ាងរ​លូន ហើយ​គ្មាន​សមត្ថកិច្ច​បង្ក្រាប​ទេ ចំណែក​ប្រធាន​ផ្សារ​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ អ្នក​កត់​កន្ទុយលេខ​(​កូនកញ្ច្រែង​)​មួយចំនួន​នៅក្នុង​ផ្សារលើ​បាន​ឲ្យ​ដឹងថា ការដែល​ពួកគេ​អាច​អង្គុយ​កត់​កន្ទុយលេខ​បាន​ដោយ​សុខ​ស្រួល គឺមាន​មន្ត្រីនគរបាល​ជា​អ្នករត់​ការសម្របសម្រួល​។ ចំណែក​ល្បែងស៊ីសង​ដទៃទៀត​ដូចជា ហ្គេម​បាញ់​ត្រី បញ្ជល់មាន់ បៀ​អាប៉ោង ភ្នាល់​បាល់ទាត់​ជាដើម នៅតែ​កើតមាន​យ៉ាង​អនាធិបតេយ្យ​ដដែល​។ ដោយសារតែ​ល្បែងស៊ីសង​ក្នុង​ខេត្ត​ព្រះសីហនុ រាលដាល​យ៉ាង​គគ្រឹកគគ្រេង​បែបនេះហើយ ទើប​អំពើចោរកម្ម​កើតឡើង​ឥតឈប់ឈរ ជាពិសេស​នៅក្នុង​សង្កាត់​លេខ​២​តំបន់​ផ្សារលើ​តែម្តង​។

​ប្រជាពលរដ្ឋ​ក្នុង​ក្រុងព្រះសីហនុ បាន​រិះគន់ថា ប្រហែល​ល្បែងស៊ីសង​ជា​ប្រភព​ចំណូល​របស់លោក ភុល ភ​ស្ត​តា អធិការនគរបាល​ក្រុងព្រះសីហនុ ទើប​លោក ភុល ភ​ស្ត​តា ក៏ដូចជា​នាយ​នគរបាល​ប៉ុស្តិ៍​សង្កាត់​លេខ​២ បណ្ដោយ​ឲ្យ​ល្បែងស៊ីសង​រាលដាល​យ៉ាង​អនាធិបតេយ្យ​។ សូម្បីតែ​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​នៅ​ខេត្ត​ព្រះសីហនុ ក៏បាន​រិះគន់​ដែរ​ថា ល្បែងស៊ីសង​អាច​កើតឡើង​ទៅបាន​គឺមាន​ការឃុបឃិត​រវាង​សមត្ថកិច្ច និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ដូច្នេះ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ និង​អភិបាលខេត្ត​ព្រះសីហនុ ពិនិត្យឡើងវិញ​ហើយ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។ បើ​មិន​ដូច្នេះ​ទេ​ល្បែងស៊ីសង​ក្នុង​ក្រុងព្រះសីហនុ រាលដាល​កាន់តែខ្លាំង​ថែមទៀត ហើយ​បទល្មើស​លួច​ឆក់​ប្លន់ គឺជា​រឿង​មិនអាច​ទប់ស្កាត់​បានឡើយ ប្រជាពលរដ្ឋ​នៅតែ​បន្ត​រស់នៅក្នុង​ភាពភ័យខ្លាច​ដដែល​៕

12506626_1515442835417960_847062463_nលោក ភុល ភស្តតា អធិការនគរបាលក្រុងព្រះសីហនុ gvgfrdeee frtfdcbbb frdesdddd gvfcdaaa gtfrdewwww