ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ ក្លាយ​ជា​អនុប្រធានទី១​​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា


ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ ក្លាយ​ជា​អនុប្រធានទី១​​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា(E-Sports Federation of Cambodia) បាន​សម្រេច​តែង​តាំង ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ទីប្រឹក្សា​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ជា​អនុប្រធាន​ទី១ របស់​សហព័ន្ធ​កីឡា​អេឡិចត្រូនិក បន្ទាប់​ពី​មាន​ការ​បោះ​ឆ្នោត​លើក​ដៃ​យល់​ព្រម​ជា​ឯកច្ឆន្ទ​ពី​អ្នក​ចូល​រួម​សន្និបាត​វិសាមញ្ញ​ទាំង​អស់​កាល​ពី​ព្រឹក​មិញ។

 

ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ ក្លាយ​ជា​អនុប្រធានទី១​​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជាឯកឧត្ដម ជា ច័ន្ទបរិបូរណ៍

 

ការ​ប្រកាស​តែង​តាំង​សមាជិក​ប្រតិបត្តិ​ថ្មី​របស់​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា បាន​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដោយ​មាន​ការ​ចូល​រួម​ពី​​ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មការ​ជាតិ​អូឡាំពិក ព្រម​ទាំង​​សមាជិក​ប្រតិបត្តិ​ទាំង​អស់​របស់​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា។

 

ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ ដែល​បាន​ក្លាយ​ជា​សមាជិក​មួយ​រូប​របស់​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា។ លោក​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា កីឡា​អេឡិចត្រូនិក​បាន​បង្ហាញ​ពី​ភាព​រីក​ចម្រើន​ផ្នែក​ព័ត៌មាន​វិទ្យា​នៅ​ក្នុង​ស្រទាប់​យុវវ័យ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។ បន្ទាប់​ពី​ជាប់​ឈ្មោះ​ជា​អនុប្រធាន​ទី១ របស់​សហព័ន្ធ ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ បាន​អះអាង​ថា​នឹង​ជួយ​ឲ្យ​កីឡា​នេះ​កាន់​តែ​រីក​ចម្រើន​ខ្លាំង​ឡើង។

 

ចំណែក​លោក ជី សិលា ប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ដោយសារ​លោក ជា ច័ន្ទបរិបូរណ៍ មាន​បទពិសោធន៍​ច្រើន​ក្នុង​ផ្នែក​ព័ត៌មាន​វិទ្យា ទើប​សហព័ន្ធ​សម្រេច​តែង​តាំង​លោក​ជា​អនុប្រធាន ដើម្បី​រួម​គ្នា​អភិវឌ្ឍ​កីឡា​ប្រភេទ​ថ្មី​មួយ​នេះ។ លោក ជី សិលា បាន​បង្ហាញ​ក្ដី​សង្ឃឹម​ថា ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ នឹង​ក្លាយ​ជា​អ្នក​ប្រឹក្សា​ដ៏​សកម្ម​មួយ​រូប ដែល​អាច​ជួយ​ឲ្យ​កីឡា​អេឡិចត្រូនិក​អភិវឌ្ឍ​កាន់​តែ​ខ្លាំង មាន​មុខ​មាត់​លើ​ឆាក​អន្តរជាតិ៕

 

ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ ក្លាយ​ជា​អនុប្រធានទី១​​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជាលោក ជី សិលា ប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា

 

ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ ក្លាយ​ជា​អនុប្រធានទី១​​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា

 

ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ ក្លាយ​ជា​អនុប្រធានទី១​​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា

 

អត្ថបទ៖ គង់ វិសាល