​ឆ្នាំ​២០១៥ ទទួលបាន​ផល​នេសាទ​សមុទ្រ ៤៦.៨៣០​តោន ផល​នេសាទ​ទឹកសាប ៩៣៥​តោន​

ភ្នំពេញ:  លោក នេន ចំរើន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់សោម​បានឱ្យដឹង​ថា ក្នុង​ឆ្នាំ​២០១៥ ផល​នេសាទ​សមុទ្រ មាន​ចំនួន ៤៦.៨៣០​តោន ផល​នេសាទ​ទឹកសាប​មាន​ចំនួន ៩៣៥​តោន​។ ទិន្នផល​កែច្នៃ​បាន​ចំនួន ៣.១៣០​តោន ផល​នេសាទ​ធ្វើការ​នាំចេញ​បាន​ចំនួន ២.៨២០​តោន ផល​នេសាទ ចិញ្ចឹម​ចំនួន ៩៨៨​តោន ផលិត​ទឹកត្រី​បាន​ចំនួន ៦៣២.០០០​លីត្រ​។ ដាក់​ក្តាម​មាន​ពង​ក្នុង​បែរ​បាន​ចំនួន​២.៣៤១​គីឡូក្រាម ស្មើនឹង ១៤.១៦៧​ក្បាល​។​

​លោក​បាន​បន្តថា ខណ្ឌ​រដ្ឋបាល​ជលផល​បានធ្វើ​ការលែង​កូន​ត្រី​ឆ្ពិន​ចំនួន ៣០.០០០​កូន ចូលក្នុង​ស្រះ​ជម្រក​ត្រី​បឹង​ក្រៅ ស្ថិត​ក្នុងភូមិ​បឹងរាំង ឃុំ​សាមគ្គី ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ  និង​រៀបចំ​លែង​កូន​ត្រី​ទី​ឡា​ព្យា​ចំនួន ៣.០០០​កូន ក្នុង​ស្រះ​ជម្រក​ត្រី​ភូមិ​ស្រែ ចាម​ក្រោម ឃុំ​អូជ្រៅ ស្រុក​ព្រៃនប់​។

​លោក នេន ចំរើន បាន​លើកទ្បើង​ថា ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម​បានធ្វើការ​ចាប់ ផាកពិន័យ​នឹង​រឹបអូស​បំផ្លាញ​វត្ថុតាង​ល្មើសច្បាប់  ចំនួន ៦១​ករណី ក្នុងនោះ ពិន័យ​បទល្មើស​នេសាទ​ក្នុង​តំបន់ហាមឃាត់​ចំនួន ២៤​ករណី ពិន័យ​ជា ប្រាក់​បណ្តោះអាសន្ន​ចំនួន ១៦.៥៦០.០០០​រៀល (​ទូក​គ្រែង​ឈាម​ក្នុង​ឆកសមុទ្រ​វាលរេញ​ចំនួន ១១​ករណី ពិន័យ ៣.៣៦០.០០០​រៀល ទូក​នេសាទ​អួន​អូស​ក្នុង​តំបន់​ឆកសមុទ្រ​កំពង់សោម​ចំនួន ៣​ករណី ពិន័យ ១.១០០.០០០​រៀល ទូក​នេសាទ​ស្ទូចត្រី មង​ហ៊ុំ​ត្រី​ក្នុង​ដែន​សហគមន៍​ចំនួន ៤​ករណី ពិន័យ ១.៨០០.០០​រៀល ការដឹកជញ្ជូន​ត្រី​ឆ្តោរ និង​ចិញ្ចឹម​ត្រី​ឆ្តោ​ចំនួន​៤​ករណី ពិន័យ ៧.០០០.០០០​រៀល និង​រថយន្ត​ដឹក​កូន​គ្រែង​ឈាម​ចំនួន ២​ករណី ពិន័យ ៣.៣០០.០០០​រៀល​) ។
​រដ្ឋបាល​ជលផល​បាន​រឹបអូស​បំផ្លាញចោល​បទល្មើស​ជល​ផល​ចំនួន​៣៧​ករណី​រួមមាន ឧបករណ៍ ស្បៃ​មុង ១.៥៣៥​ម៉ែត្រ ស្មើ​៥​ករណី លប​ពោះវៀន​ជ្រូក ៤.២៨០​ម៉ែត្រ ស្មើ ១២​ករណី ឧ​បករ​ណ៌​ផូង ផាង ២៤​ម៉ែត្រ ស្មើ​១​ករណី ទុយោ​ខ្យល់​៥០​ម៉ែត្រ និង​ក្បាល​ខ្យល់​១ ១​ករណី ឧបករណ៍​រនាស់ អូស​កូន​គ្រែង​ឈាម​(​ទូក​យន្ត​)​ចំនួន​២០​រនាស់ ស្មើ ៣​ករណី ឧបករណ៍​អូស​គ្រែង​ឈាម​(​ដោយ​ដៃ​) ចំនួន ៤០​រនាស់ ស្មើ​៣​ករណី ឧបករណ៍​កាំភ្លើង​បាញ់​ត្រី​ចំនួន​៣​ដើម ស្មើ​២​ករណី ឈិ​ប​យន្ត​ដង ឈិ​ប​យន្ត ២​គូរ និង​សាច់​មង​២​ចូរ ស្មើ​២​ករណី រុះរើ​ស៊ុំ​គ្រែង​ឈាម​ចំនួន ៣​ហិកតា ស្មើ ៥០០​បង្គោល ១​ករណី​។​

​លោកនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់​សោមបា​ន​ឱ្យដឹងថា នៅ​ឆ្នាំ​២០១៥​កន្លងមកនេះ ផល​នេសាទ​សមុទ្រ​មានការ​ថយចុះ ៥​ភាគរយ បើ​ប្រៀបធៀប​ជាមួយ​ឆ្នាំ​២០១៤​ដែល ការថយចុះ​នេះ ដោយ​ប្រជា​នេសាទ​ខ្វះ​កម្លាំង​ពលកម្ម​ចេញ ទៅ​នេសាទ​សមុទ្រ ព្រោះ​កម្មករ​នេសាទ​មួយចំនួន ទៅ​ធ្វើការ​នៅក្នុង​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច បិទ​ត្រាំ​ង ឃុំ​បិទ​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ធ្វើ​ឪ្យ​ការ​ចេញទៅ​នេសាទ​បាន​ក្នុង​មួយខែ ប្រមាណ​ជា​ពី​១៥ ទៅ​២០​ថ្ងៃ ខុសពី​ពេលមុន​ពួកគាត់​ចេញ ទៅ​នេសាទ​ពី​២៥ ទៅ​២៦​ថ្ងៃ​ក្នុង​១​ខែ​។​

​លោកនាយ​ខណ្ឌ​រដ្ឋបាល​ជលផល បានធ្វើការ​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ក្នុង សហគមន៍ នេសាទ​សូម​ចូលរួម​ថែរក្សា  និង​អភិរក្ស​ការពារ​ជម្រក​មច្ឆា​ជាតិ​ពង​កូន មានដូចជា​តំបន់​ផ្កាថ្ម ស្មៅ​សមុទ្រ ជាពិសេស ព្រៃកោងកាង​ដែលជា​ប្រភព​ពួក​មច្ឆា​ជាតិ​ពង​កូន​៕