២៥,០០០ ពេលព្រឹក ដែល​អ្នក​អាច​នឹង​មាន សូម​កុំឲ្យ​វា​កន្លង​ហួស ដោយ​ឥត​ប្រយោជន៍​

២៥,០០០ ពេលព្រឹក ដែល​អ្នក​អាច​នឹង​មាន សូម​កុំឲ្យ​វា​កន្លង​ហួស ដោយ​ឥត​ប្រយោជន៍​

​ក្នុង​ឆាកជីវិត​របស់​អ្នក អ្នក​ប្រហែលជា​អាច​ងើប​ភ្ញាក់​ពេលព្រឹក បាន​ប្រហែលជា ២៥,០០០ ដង (​អាច​តិច ឬ​ច្រើន​ជាង​នេះ​) ប៉ុណ្ណោះ​។ យោង​តាម​ការស្រាវជ្រាវ មកពី​អង្គការ​សុខភាព​ពិភពលោក (World Health Organization) អត្រា​សង្ឃឹម​រស់រានមានជីវិត គឺ ៧៩ ឆ្នាំ​ប៉ុណ្ណោះ សម្រាប់​សហរដ្ឋ​អា​មេ​រិច​។​

២៥,០០០ ព្រឹក​
​យើង​មាន​ពេលព្រឹក ២៥,០០០ ដង ដើម្បី​បើកភ្នែក ប្រឈមមុខ​នឹង​បញ្ហា ហើយ​គិត​អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​បន្ទាប់​ទៀត​។ ខ្ញុំ​មិនដឹងថា អ្នក​គិត​យ៉ាងណា​នោះ​ទេ ប៉ុន្តែ ខ្ញុំ​តែងតែ​មាន​ទម្លាប់​បែបនេះ​ជា​ប្រចាំ​ថ្ងៃ ដែល​ធ្វើឲ្យ​ខ្ញុំ​ធុញ​ទ្រាន់​នឹង​ជីវិត ពីព្រោះ គ្រប់​ពេល​ដែល​បើកភ្នែក គឺ​ខ្ញុំ​ត្រូវ​គិត​នូវ​បញ្ហា​ជាច្រើន ដូចជា ការងារ ប្រពន្ធ កូន និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង​ទៅ​ថ្ងៃមុខ​ទៀត​។ ខ្ញុំ​គិតថា បើ​អញ្ចឹង​រាល់ថ្ងៃ ខ្ញុំ​ប្រហែល​ជា​មិន​អាច​មើលឃើញ​ព្រះអាទិត្យ​នៅ​ពេល​ព្រឹក​បាន ២៥,០០០ ដង​នោះទេ​។ នៅពេល​នោះ​ទើប​ខ្ញុំ​យល់​ថា ខ្ញុំ​គួរតែ​កែប្រែ​ទម្លាប់ និង​របៀប​គិត​របស់ខ្ញុំ​ហើយ ដើម្បី​មាន​ផា​សុកភាព​រាងកាយ និង​ផ្លូវចិត្ត​។​

​ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​មួយចំនួន ដែល​ធ្វើឲ្យ​ខ្ញុំ​លែងគិត​ច្រើន ហើយ​មាន​សុខភាព​ល្អ​ទៀតផង ៖

១. ថាមពល មិនមែន​ពេលវេលា​នោះទេ​
​ប្រសិនបើ​អ្នក​គិត​បន្តិច អ្នក​ប្រហែលជា​ត្រូវ​ធ្វើ​ការងារ ទៅតាម​ពេលវេលា​ជាក់ស្តែង ឬ​តាម​កាលវិភាគ​ដែល​អ្នក​បាន​ដាក់​ហើយ​។ ប៉ុន្តែ អ្នក​អាច​គិត​ម្តងទៀត​ថា ពេលព្រឹក បើ​អ្នក​មាន​កម្លាំង និង​អារម្មណ៍ល្អ ដូច្នេះ ការសរសេរ ឬ​ការបង្កើត​ថ្មី ប្រហែល​ជា​ល្អ​ជាង​ការ​ធ្វើ​វា នៅពេល​ថ្ងៃត្រង់ ឬ​ល្ងាច​។​

២. ត្រៀមខ្លួន ពី​យប់​ហើយ​
​ការត្រៀមខ្លួន​ទុកជាមុន នឹង​ធ្វើឲ្យ​គេ​ងលក់​ស្រួល គ្មាន​កង្វល់ និង​គ្មាន​បញ្ហា​ដែល​ត្រូវ​ប្រឈមមុខ​ឡើយ​។ ឧទាហរណ៍ បើ​អ្នក​មាន​គម្រោង ដើរលេង​នៅ​ថ្ងៃស្អែក ដូច្នេះ ពេលយប់​អ្នក​គួរតែ​រៀបចំ​ខោអាវ សាក​ថ្ម​ទូរស័ព្ទ ឬ​ម៉ាស៊ីន​ថត ចម្អិន​ម្ហូប ឬ​ពិនិត្យ​យានជំនិះ​ឲ្យ​ហើយ​។​

៣. កុំ​បើក​មើល email រហូតដល់​ម៉ោង​ធ្វើការ​
​បើ​មិន​ទាន់​ដល់​ម៉ោង​ធ្វើការ កុំ​បើក​មើល​សារ​ឲ្យសោះ ដើម្បី​ឲ្យ​អារម្មណ៍​អ្នក​មូល សម្រាប់​ធ្វើ​រឿង​ផ្សេងទៀត​។ គ្មាន​ការងារ​ណា​បន្ទាន់ ដែល​ត្រូវ​ឲ្យ​អ្នក​ធ្វើ​ភ្លាមៗ ឬ​ទាន់ហន់​នោះទេ ពីព្រោះ បើ​វា​ពិត​ជា​សំខាន់​មែន​នោះ គេ​នឹង​ទូរស័ព្ទ​មក​ប្រាប់​អ្នក​ហើយ​។ ប្រើប្រាស់​ពេល​ព្រឹក​របស់​អ្នក ដើម្បី​ធ្វើឲ្យ​ជីវិត​អ្នក​ស្រស់ថ្លា​បន្តិច​ទៅ​។​

៤. ពេល​សម្រាក គួរតែ​ទុក​ទូរស័ព្ទ នៅ​បន្ទប់​ផ្សេង​មួយ​ស្របក់​ទៅ​
​ចូរ​ផ្តល់​ពេលវេលា​ផ្ទាល់ខ្លួន សម្រាប់​គ្រួសារ និង​ខ្លួន​អ្នក​ផ្ទាល់ ដោយ​ត្រូវ​ចាកចេញ​ពី​ការ​ទូរស័ព្ទ ឬ Facebook ជាដើម​។​

៥. ធ្វើការ​នៅ​កន្លែង​មាន​ផា​សុកភាព និង​ត្រជាក់​ស្រួល​
​ប្រសិទ្ធភាព​ការងារ​នឹង​កើនឡើង នៅពេល​ដែល​អ្នកធ្វើការ​បាន​ស្រួល មាន​ផា​សុកភាព ត្រជាក់ និង​មាន​ក្លិន​ដែល​អ្នក​ចូលចិត្ត​។​

៦. អង្គុយ ឈរ ... ឈរ អង្គុយ​
​អារម្មណ៍ ក៏​ត្រូវការ​អុកស៊ីសែន ដើម្បី​ដំណើរការ​បាន​ល្អ​ផងដែរ​។ ស្តាប់​ទៅ​ដូច​ជា​ចម្លែក ប៉ុន្តែ តើ​អ្នកដឹង​ទេ មាន​មនុស្ស​មួយចំនួន សម្ងំ​ធ្វើ​ការងារ​បី​បួន​ម៉ោង ដោយ​មិន​ក្រោក​ដើរ និយាយ​លេង ឬ​ងើបឈរ​ឡើយ នោះ​ហើយ​ជា​មូលហេតុ ដែល​ងាយ​ធ្វើឲ្យ​គេ​ឈឺ ស្ត្រេ​ស ហើយ​ប្រសិទ្ធភាព​ការងារ ក៏​ចុះ​ថយ​ទៅ​តាម​នោះ​ដែរ​។​

៧. សុខភាព ជា​ចម្បង​
​គ្មាន​អ្វី​ដែល​អ្នក​ត្រូវ​គិត លើ​ពី​សុខភាព​ឡើយ​។ បើ​ឈឺ ត្រូវ​ឈប់​សម្រាក​។ ត្រូវ​ញ៉ាំ​ឲ្យបាន​ដឹតដល់ និង​ញ៉ាំ​អាហារ ដែល​ផ្តល់​នូវ​សុខភាព​ល្អ​។ ការ​ហាត់ប្រាណ ក៏​ជា​ការងារ​សំខាន់​មួយ​ផងដែរ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។