ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹងថា ករណី​ប្រទះឃើញ​សាកសពបុរសចំណាស់​ម្នាក់នៅ​វាលស្រែក្បែរ​ផ្លូវលំ​មួយ​កន្លែង​ ក្នុង​​ភូមិ​ក្រពើ​៤០ ឃុំ​បឹងប្រាំ ស្រុកបវេល ​គិតត្រឹម​វេលាម៉ោង​០១ និង​៤៥នាទីរសៀលថ្ងៃទី​១២ មករា ២០១៦ នេះ ត្រូវសមត្ថកិច្ច​ស្រាវ​​ជ្រាវ​​ឃាត់​ជន​ដៃដល់​បាន​​ហើយ ។ ប្រទះឃើញសពបុរសចំណាស់​ម្នាក់​នៅវាល​ស្រែ សង្ស័យករណី​ឃាត​កម្ម​​

ប្រភពបានឱ្យដឹងថា ជន​សង្ស័យ​​ឈ្មោះ​​វិន ចាន់ អាយុ​​៤២​ឆ្នាំ ​មានទីលំនៅ​ក្នុងភូមិកើតហេតុខាងលើ និងមានផ្ទះជាប់ផ្ទះជាមួយ​ជនរងគ្រោះ ​។ ​ប្រភពបន្តថា​ ជន​រង​គ្រោះ​និង​ជន​ដៃដល់​ធ្លាប់​មាន​ជម្លោះ​ព្រំ​ដី​ជាមួយ​គ្នា ប៉ុន្តែ​តែងតែ​​​ផឹកស៊ី​និងឈ្លោះ​គ្នា​រាល់ថ្ងៃ ។​​​មុន​ពេល​កើតហេតុ​ ពួក​គេ​ក៏​បាន​ផឹកស៊ី​ជុំ​គ្នាដូចរាល់ដង​ ហើយក៏​ឈ្លោះប្រកែក​គ្នាទៀត​ ។

ប្រភព​​ដដែល​​បន្តទៀត​​ថា ក្រោយ​​ពី​ផឹក​ស៊ី​ស្រវឹង​ជោក​ជាំ យប់​ឡើង​គេ​ឃើញ​ភាគី​ទាំង​២​​នេះ បាន​ដើរ​ជួន​គ្នា​​ទៅ​ផ្ទះ​ទៅ​វិញ​ទៅ​មក ដោយឮ​ឆ្កែ​ព្រូស​ពេញ​ភូមិ រហូត​ដ​ល់​ម៉ោង​​ប្រហែល​៩​យប់​ ទើប​ស្ងាត់​ទៅវិញ ។ លុះ​ព្រឹក​ឡើង ​ស្រាប់តែមាន​គេ​​ប្រទះ​ឃើញ​​ឈ្មោះ​រុន រឿ​ន ដេក​​ស្លាប់​ក្នុង​វាលស្រែ​ក្បែរផ្លូវ​តែ​ម្ដង ​។ ករណីនេះ ត្រូវ​​ជនសង្ស័យខាងលើ​បាន​សារភាព​​​ហើយ​។