ក្រុម​កីឡាអេឡិច​ត្រូនិក​កម្ពុជា ត្រៀម​ចេញ​ទៅ​ការពារតំណែង​​ជើង​ឯក​នៅ​ឥណ្ឌូនេស៊ី

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ដែល​ហៅ​កាត់​ថា E-Sport នឹង​បញ្ជូនអត្ត​ពលិក​ចំនួន​២​ក្រុម​ឲ្យ​ចូល​រួម​ការ​ប្រកួត​​កីឡាអេ​ឡិចត្រូនិក​អន្តរជាតិ MATIC 2016 (Miss Against Terror International Championship) នៅ​ប្រទេស​ឥណ្ឌូ​នេស៊ី ដើម្បី​ការពារ​តំណែង​ជើង​ឯក ដែល​ខ្លួន​ធ្លាប់​ទទួល​បាន​កាល​ពី​ឆ្នាំ​២០១៥។

esport-005នៅ​ក្នុង​សន្និបាត​វិសាមញ្ញ ធ្វើ​នៅ​ទីស្នាក់​ការ NOCC កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ ក្រោម​អធិបតី​លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការ NOCC ​នោះ លោក ជី សិលា ប្រធាន​សហព័ន្ធ​កីឡា​អេឡិច​ត្រូនិក បាន​ប្រកាស​ថា កម្ពុជា នឹង​បញ្ជូន​ក្រុម​កីឡាអេឡិច​ត្រូនិក​ចំនួន​២​ក្រុម​គឺ​ NEVER CARE និង FIVE MILITARY ដើម្បី​ឲ្យ​ចូលរួម​ការ​ប្រកួត​ការពារ​តំណែង​ជើង​ឯក​ក្នុង​ព្រឹត្តិការណ៍ MATIC 2016 ដែល​​នឹង​ត្រូវ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់ ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៦។

លោក ជី សិលា ​បាន​បន្ត​ថា​៖​«ការ​ប្រកួត ​MATIC 2016នេះ​ មាន​ប្រទេស​ចំនួន​៦​បាន​​ចូល​រួម​ គឺ​​ម្ចាស់​ផ្ទះ​ឥណ្ឌូនេស៊ី ចិន កម្ពុជា ថៃ ម៉ាឡេស៊ី និង សិង្ហបុរី។ ប៉ុន្តែ​បើ​គិត​ជា​ចំនួន​ក្រុម​វិញ​គឺ​បាន​រហូត​ដល់​ទៅ​១៦​ក្រុម ព្រោះ​ម្ចាស់ផ្ទះ​មាន​៥​ក្រុម កម្ពុជា​មាន​២​ក្រុម ថៃ​មាន​៣​ក្រុម ម៉ាឡេស៊ី​មាន​២​ក្រុម សិង្ហបុរី​មាន​២​ក្រុម និង​ប្រទេស​ចិន​មាន​២​ក្រុម»។

esport-003

esport-004
សម្រាប់​ប្រាក់​រង្វាន់​វិញ ដែល​នឹង​ទទួល​បាន​ពី​ការ​ប្រកួត MATIC 2016 នេះ គឺ​ក្រុម​ជើង​ឯក ​បាន​១៥០០០​ដុល្លារ ក្រុម​លេខ​២ ​បាន​៧០០០​ដុល្លារ​ក្រុម​លេខ​៣​​បាន​៤០០០​ដុល្លារ​អាមេរិក និង​ក្រុម​លេខ៤ បាន​២៥០០​ដុល្លារ។ ចំពោះ​ការ​ប្រកួត​ឯត្តជន​វិញ លេខ១ នឹង​​ទទួល​៥០០​ដុល្លារ លេខ​២​បាន​៤០០ ដុល្លារ លេខ​៣​បាន​៣០០​ដុល្លារ​លេខ​៤​បាន​២០០​ដុល្លារ និង​លេខ​៥​បាន​១០០​ដុល្លារ។
នៅ​ក្នុង​សន្និបាត​វិសាមញ្ញ​នោះ​ដែរ លោក ជី សិលា ក៏​បាន​ប្រកាស​តែង​តាំង​លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខា​ធិការ​ក្រសួង​ព័ត៌​មាន ​និង​ជា​ទីប្រឹក្សា​គណៈកម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា ធ្វើ​ជា​អនុ​ប្រធាន​ទី​១ របស់​សហព័ន្ធ​កីឡា​អេឡិច​ត្រូនិក​កម្ពុជា ផង​ដែរ៕

esport-001esport-002