ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖ លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC)​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​១២ មក​រា ថា គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា សហការ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួងទេសចរណ៍ សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា និង​ក្រសួង​អប់រំ​យុវជន​និង​កីឡា នឹង​រៀបចំ​ធ្វើ​សិក្ខា​សាលា​​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៨​ដល់​១៩ មក​រា នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ស្ដី​ពី «​គុណ​តម្លៃ​នៃ​ក្បាច់គុន​ល្បុក្កតោ​ក្នុង​សង្គម​ជាតិខ្មែរ​» ។

លោក វ៉ា​ត់ ចំរើន មាន​ប្រសាសន៍​ថា សិក្ខាសាលា​នេះ​ឧបត្ថម្ភ​ដោយ​អង្គការ​មូលនិធិ​វប្បធម៌​អរូបី​នៃ​សាធារណរដ្ឋ​កូរ៉េ និង​លោក​បណ្ឌិត គួ​ច ម៉េ​ង​លី ប្រធានកិត្តិយស​សហ​ព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា ។ យើង​ទាំងអស់​គ្នា​គួរតែ​ដឹង​ហើយ​ថា ខ្មែរ​មាន​វប្បធម៌ អរិយធម៌​ដ៏​ចំណាស់ និង​សម្បូរ​បែប ពិសេស​មូលដ្ឋាន​គ្រឹះ​នៃ​វប្បធម៌ សង្គម​ធម៌ មាន​ភាព​រឹងមាំ​ច្បាស់លាស់ ។ ក្បាច់គុន​ខ្មែរ គឺជា​ព្រលឹង​វប្បធម៌​ក្នុង​ចំណោម​ព្រលឹង​វប្បធម៌​ជា​ច្រើន​ដែល​បុព្វបុរស​ដូនតា​ខ្មែរ​បន្សល់​ទុកជា​កេរ​មរតក​សម្រាប់​កូន​ខ្មែរ​គ្រប់​ជំនាន់ ។ ដូច្នេះ​​កូន​ខ្មែរ​គ្រប់​ជំនាន់​ត្រូវ​មាន​កាតព្វកិច្ច និង​បេសកកម្ម​ចំពោះ​មុខ គឺ​អភិរក្ស និង​អភិវឌ្ឍ​ព្រលឹង​វប្បធម៌​ជាតិខ្មែរ ព្រលឹង​ក្បាច់គុន​ជាតិ និង​ស្នាដៃ​វប្បធម៌​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​របស់​បុព្វបុរស​ដូនតា​យើង​។

លោក​វ៉ា​ត់ ចំរើន មាន​ប្រសាសន៍​បន្ត​ថា ដោយ​មើលឃើញ​ពី​គុណ​តម្លៃ​ដ៏​ថ្លៃថ្លា​នេះ យើង​ត្រូវ​រួម​គ្នា​ជីក​កកាយ​ឡើង​វិញ​ដោយ​ឈរ​លើ​គោលការណ៍​រួមចិត្ត រួម​គិត រួម​ធ្វើ និង​រួម​ទទួលខុសត្រូវ ។ ដូច្នេះ​យើង​ត្រូវ​រៀបចំ​ចងក្រង​ឯកសារ ប្រមូល​គំនិត យោបល់ ទស្សនាទាន និង​បទ​ពិសោធន៍​បង្កើត​បាន​ធាតុ​ចូល​ដ៏​សម​ហេតុផល មាន​លក្ខណៈ​សម្បូរ​​បែប​ប្រកបដោយ​សុក្រឹតភាព តថភាព​វប្បធម៌ សង្គម​ធម៌​ខ្មែរ​ច្បាស់លាស់ ដើម្បី​បង្ហាញ​ឱ្យ​មតិ​សាធារណៈ​ជាតិ និង​អន្តរជាតិ​បានដឹង​ពី​គុណ​តម្លៃពិត​ប្រាកដ​របស់​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ ។

សិក្ខាសាលា​នៅ​ក្នុង​ឱកាស​នោះ​ក៏​នឹង​បង្ហាញ​នូវ​គម្រោង​ក្នុង​ការ​បំពេញបែបបទ​ដាក់​បញ្ចូល​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ ជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​UNESCO​។ ជាមួយ​គ្នា​នេះ​ដែរ សិក្ខាសាលា​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​វាគ្មិន​ល្បី​ៗ​ដូច​ជា​លោក​បណ្ឌិត​រស់ ច​ន្ត្រា​បុត្រ ទីប្រឹក្សា​រាជរដ្ឋាភិបាល លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​កម្ពុជា លោក​ហាប់ ទូច អគ្គនាយក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក​ឯក ប៊ុ​ន​ថា អគ្គនាយករង​បច្ចេកទេស​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក​រ័​ត្ន សណ្ដាប់ អ្នក​ស្រាវជ្រាវ​ក្បាច់គុន​ខ្មែរ លោក​Philippe Delangher តំណាង​UNESCO លោកគ្រូ​តា​សាន គឹ​ម​ស៊ា​ន ប្រធាន​ACADEMY Bokator និង​លោក ហុ​ក ឈាង​គី​ម អនុប្រធាន​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា ៕