អាជ្ញាធរ​បារម្ភ​ចំពោះ​ពលរដ្ឋ​៧០០​គ្រួសារ​ដែល​មាន​ប្លង់​ដី​ជាន់​លើ​តំបន់​បុរាណ

តាំង​តែ​ពី​អំឡុង​ឆ្នាំ​១៩៩៥ មក ស្ថាប័ន​មួយ​ដែល​បង្កើត​ឡើង​សម្រាប់​ការពារ​ប្រាសាទ​បុរាណ​នៅ​ខេត្ត​សៀមរាប ឈ្មោះ អាជ្ញាធរ​អប្សរា បាន​គ្រប់គ្រង​ផ្ទៃដី​មួយ​ចំនួន​ដែល​នៅ​ជុំវិញ​រមណីយដ្ឋាន និង​ប្រាសាទ​បុរាណ​នានា ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន​កន្លែង​បាន​រង​ការ​ប៉ះពាល់​ទៅ​លើ​បញ្ហា​មិន​អាច​សង់​ទីលំនៅ​បាន​ដោយ​សេរី និង​មិន​អាច​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​បាន​ជា​ដើម។

ក្នុង​រយៈពេល​ជាង ១​សប្ដាហ៍​មក​នេះ ប្រជាពលរដ្ឋ​ជា​ច្រើន​រស់​នៅ​សង្កាត់​ជ្រាវ មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​មន្ត្រី​សុរិយោដី ប្រកាស​ក្បាល​បញ្ជី​ដី​ខ្លះ​ប៉ះ​ចំ​តំបន់​បុរាណ មាន​ស្រះ ត្រពាំង និង​ទួល​ជាដើម ហើយ​ប្រឈម​មុខ​នឹង​ការ​ដែល​មិន​អាច​ធ្វើ​ប្លង់​កម្មសិទ្ធិ​បាន។

អាជ្ញាធរ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប កំពុង​សំដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ប្រជាពលរដ្ឋ​ចំនួន​ជិត ៧០០​គ្រួសារ ដែល​កំពុង​តែ​មាន​ប្លង់​ដី​ជាន់​ទៅ​លើ​តំបន់​បុរាណ​ជា​ច្រើន​កន្លែង ហើយ​ត្រូវ​ការពារ និង​ថែរក្សា​ទុក។

ការ​ព្រួយ​បារម្ភ​នេះ ដោយសារ​តែ​តាម​គោលការណ៍​ការពារ និង​អភិរក្ស​វប្បធម៌ គឺ​តំបន់​ណា​ដែល​មាន​ប៉ះ​ចំ​ទី​ទួល ឬ​ក៏​​ស្រះ និង​ប្រឡាយ​បុរាណ​ជាដើម មិន​អាច​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ប្លង់​កម្មសិទ្ធិ​កាន់​កាប់​បាន​ទេ។

ចៅ​សង្កាត់​ជ្រាវ គឺ​លោក ក្អោប រ៉ន។ លោក​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១២ ខែ​មករា ថា កាល​ពី​អំឡុង​ឆ្នាំ​១៩៩៨ កន្លង​ទៅ ខាង​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ ខេត្ត​សៀមរាប ធ្លាប់​បាន​ប្រើ​រូប​លោក​ឱ្យ​ស្រង់​តំបន់​បុរាណ​ជា​ច្រើន​កន្លែង ប៉ុន្តែ​កាល​ពី​ជាង ១​ខែ​មុន​នេះ នៅ​ពេល​ដែល​មន្ត្រី​សុរិយោដី​ក្រុង​សៀមរាប ចុះ​មក​ប្រកាស​ក្បាលដី​ដើម្បី​ឈាន​ទៅ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ស្រាប់តែ​ក្បាល​ដី​ចំនួន ៧០០​ប្លង់ បាន​ប៉ះចំ​តំបន់​បុរាណ ដែល​នឹង​ត្រូវ​អាជ្ញាធរ​អប្សរា​យក​ទៅ​អភិរក្ស​និង​ការពារ៖ «ខ្ញុំ​មាន​ការ​ព្រួយបារម្ភ ព្រោះ​កាល​ណា​ដី​ដែល​ជាប់​ក្នុង​អាជ្ញាធរ​អប្សរា គេ​មិន​អាច​ចេញ​ប្លង់​រឹង​ឱ្យ​គ្រួសារ​ដែល​មាន​ជាប់​នោះ​ទេ»

ទោះ​យ៉ាង​ណា ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​អប្សរា លោក ឡុង កុសល ហាក់​ដូច​ជា​មិន​ទាន់​មាន​ហេតុផល​អ្វី​ច្រើន ដើម្បី​ពន្យល់​ជុំវិញ​រឿ​នេះ​ទេ ដោយ​លោក​គ្រាន់តែ​បដិសេធ​ថា វា​មិន​មាន​តំបន់​អាជ្ញាធរ​អប្សរា​ថ្មី​ណា​មួយ​ទៀត ដែល​នឹង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​គ្រួសារ​នៅ​សង្កាត់​ជ្រាវ​នោះ​ទេ៖ «យើង​កំពុង​ធ្វើ​ការងារ​ហ្នឹង។ ខ្ញុំ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ហ្នឹង​ច្បាស់​ទេ ប៉ុន្តែ​វា​ពិត​ជា​មិន​មាន​រឿង​ហ្នឹង​ឡើយ»

​អ្នក​សម្របសម្រួល​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ខេត្ត​សៀមរាប លោក នូ ពុទ្ធិ ព្រួយ​បារម្ភ​ចំពោះ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ប្រមាណ ៧០០​គ្រួសារ នៅ​សង្កាត់​ជ្រាវ នោះ ពីព្រោះ​កាល​ពី​ពួកគាត់​រស់​នៅ និង​កាន់កាប់ ព្រម​ទាំង​ធ្វើ​សេដ្ឋកិច្ច​គ្រួសារ​នៅ​លើ​ដី​ជា​ច្រើន​ឆ្នាំ​មិន​ដែល​មាន​បញ្ហា​ទេ ប៉ុន្តែ​នៅ​ពេល​ដែល​ធ្វើ​ប្លង់​កម្មសិទ្ធិ បែរ​ជា​មន្ត្រី​រដ្ឋាភិបាល​ប្រកាស​ថា កន្លែង​ខ្លះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​តំបន់​បុរាណ ដែល​នឹង​ត្រូវ​ការពារ និង​អភិរក្ស​ដោយ​អាជ្ញាធរ​អប្សរា​ទៅ​វិញ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។