ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្ដិការ​ណ៏អន្តរជាតិ

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​ភេរវកម្ម​មួយ​ចំនួន ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៤៤​នាក់ និង​ជា​ច្រើន​សិប​នាក់​រង​របួស​កាលពី​ថ្ងៃ​ទី​១១ មក​រា នៅ​អីុរ៉ា​ក់​គឺ​នៅ​ក្រុង​បា​ដា​ដ និង​ក្រុង MOUKDADIYA ភាគ​ឦសាន​រដ្ឋធានី ។ ចំណែក​ការ​វាយប្រហារ​មួយទៀត ពុំ​ទាន់​មាន​ខាង​ណា​ប្រកាស​ទទួលខុសត្រូវ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៧​នាក់ ។

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ប្រកាស​ទទួលខុសត្រូវ​លើ​ការ​វាយប្រហារ​ប្រឆាំង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១៨​នាក់ និង​របួស​៤០​នាក់ កាលពី​ថ្ងៃ​ទី​១១ មក​រា នៅ DJADIDA ជា​សង្កាត់​មួយ​មាន​ពួក​ស៊ី​អីុត​ភាគច្រើន នា​ភាគ​ខាងកើត​ក្រុង​បា​ដា​ដ ។ ការ​វាយប្រហារ​អត្តឃាត​២​ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែល​ការ​វាយប្រហារ​មួយ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២៣​នាក់ និង​របួស​៥១​នាក់ នៅ​ក្រុង MOUKDADIYA ចម្ងាយ​៨០​គីឡូម៉ែត្រ ភាគ​ឦសាន​ក្រុង​បា​ដា​ដ ។ នៅ​បា​គូ​បា​ចម្ងាយ​១៥​គីឡូម៉ែត្រ​ខាងត្បូង​ក្រុង MOUKDADIYA ការ​បំផ្ទុះ​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​មួយ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៣​នាក់ និង​របួស​១៨​នាក់ នៅ​ជិត​ភោជនីយដ្ឋាន​មួយ ។

យោង​តាម​ប្រភព​ព័ត៌មាន​ប៉ូលិស និង​មន្ទីរពេទ្យ​ថា ការ​វាយប្រហារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម DJAUAHER ក្នុង​សង្កាត់​មាន​ពួក​ស៊ី​អីុ​ត​ភាគច្រើន DJADIDA ចាប់ផ្តើម​តាម​រយៈ​ការ​បំផ្ទុះ​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​មួយ​ត្រង់​ច្រកចូល ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៧​នាក់ ក្នុង​នោះ​មាន​ប៉ូលិស​២​នាក់ ។ ជន​វាយប្រហារ​៤​នាក់​ពេល​នោះ​បាន​លុក​ចូល​ក្នុង​បរិវេណ​មជ្ឈមណ្ឌល​នេះ រួច​បាញ់​សម្លាប់​មនុស្ស​៥​នាក់​ទៀត ។ បន្ទាប់​មក​មនុស្ស​៦​នាក់ ត្រូវ​សម្លាប់​ពេល​ពួក​អត្តឃាត​ធ្វើ​ឱ្យ​គ្រឿងផ្ទុះ​ដាក់​ជាប់​ខ្លួន​ពួក​គេ​ផ្ទុះ ។

ប៉ូលិស​ក្រោយមក​ដណ្តើម​ត្រួតត្រា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​ហើយ​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ម្នាក់​ខាង​សន្តិសុខ​បាន​បដិសេធ​ពី​ការ​ចាប់​ចំណាប់ខ្មាំង​ដូច​ការ​ប្រកាស​របស់​សារព័ត៌មាន​មួយ​ចំនួន ។

នៅ MOUKDADIYA ចម្ងាយ​១៥​គីឡូម៉ែត្រ​ភាគ​ឦសាន​ក្រុង​បា​គូ​ឡា មានការ​ផ្ទុះ​គ្រាប់បែក​២ ក្នុង​សង្កាត់​មាន​ពួក​ជីវពល​ស៊ី​អីុ​ត បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២៣​នាក់ និង​របួស​៥១​នាក់ ។ ជន​អត្តឃាត​ម្នាក់​ធ្វើ​ឱ្យ​គ្រឿងផ្ទុះ​ដាក់​ជាប់​ខ្លួន​គេ​ផ្ទុះ​នៅ​ជិត​កាស៊ីណូ​មួយ​នៃ​ទីក្រុង​នេះ ។

នៅ NAHRAOUAN សង្កាត់​ស៊ុន​នី​ត​មួយ​ខាងកើត​ក្រុង​បា​ដា​ដ ជន​អត្តឃាត​ម្នាក់​នៅ​បំផ្ទុះ​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​មួយ ក្នុង​វិ​ថី​ពាណិជ្ជកម្ម​មួយ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៧​នាក់ និង​របួស​១៥​នាក់ ៕