ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ មក​រា នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និក​កម្ពុជា បាន​រៀបចំ​ធ្វើ​សន្និបាត​វិសាមញ្ញ​របស់​ខ្លួន និង​ប្រកាស​បញ្ចូល​សមាជិក​ប្រតិបត្តិ​ថ្មី​មួយ​រូប​បន្ថែម​ទៀត ។

លោក ជី សិលា ប្រធាន​សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និក​កម្ពុជា​ឱ្យ​ដឹង​ថា សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និក​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែតុលា ឆ្នាំ​២០១៤ ។ នេះ​ជា​លើក​ទី​២ ដែល​សហព័ន្ធ​បាន​រៀបចំ​ធ្វើ​សន្និបាត​វិសាមញ្ញ​នេះ​ឡើង ហើយ​រហូត​មក​ទល់​នឹង​ពេល​នេះ​សហព័ន្ធ​មាន​សមាជិក​ប្រតិបត្តិ​ពេញ​សិទ្ធិ​ចំនួន​៨​រូប ក្នុង​នោះ​លោក (​ជី សិលា​)​ជា​ប្រធាន លោក ជា ច័ន្ទ​បរិបូរ​ណ៌ ជា​អនុប្រធាន​ទី​១ លោក​ង៉ោ សាង អនុប្រធាន លោក​លន់ សាម​ឌី អគ្គលេខាធិការ លោក​ជាន ចាន់​រ៉ា អគ្គលេខាធិការ​រង លោកស្រី ឡុ​ង សុ​ម៉ា​លី អគ្គ​ហិ​រញ្ញឹក និង​សមាជិក​ចំនួន​២​រូប​ទៀត​គឺ​លោក​វ៉ា​ន់ សំបូរ និង​លោកស្រី ជ វុ​ទ្ធី​។

លោក ជា ច័ន្ទ​បរិបូរ​ណ៌ បាន​មាន​ប្រសាសន៍​ថា សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និក​កម្ពុជា ជា​សហព័ន្ធ​ថ្មី​មួយ ប៉ុន្តែ​សម្រាប់​អ្នកចេះ​ប្រើ​ប្រព័ន្ធ​អី​ុ​ន​ធើ​រ​ណេ​ត​មិន​ថ្មី​ឡើយ ។ រយៈពេល​មួយ​ឆ្នាំ​មកនេះ សហព័ន្ធ​សម្រេច​បាន​ស្នាដៃ​ធំ​ៗ​ជា​ច្រើន​ដូច​ជា ការ​បញ្ជូន​កីឡាករ​ឱ្យទៅ​ចូលរួម​ប្រកួត​នៅ​ក្រៅប្រទេស​ទទួល​បាន​ចំណាត់ថ្នាក់​ល្អ​បំផុត ដោយ​ទទួល​បាន​មេដាយមាស​ពី​ការ​ប្រកួត​ជើងឯក​MATIC 2015(Mission Against Terror International Championship) នៅ​ប្រទេស​ចិន ។ នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ សហ​ព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និក​កម្ពុជា​បាន​បញ្ជូន​កីឡាករ​ចំនួន​២​ក្រុម​ទៅ​ប្រកួត​ការពារ​តំណែង​ជើងឯក​របស់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​កីឡា​អេ​ឡិច​ត្រូ​និក​អន្តរជាតិ MATIC 2016 នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៨ មក​រា ឆ្នាំ​២០១៦ ។

ព្រឹត្តិការណ៍​ប្រកួត​កីឡា​អេ​ឡិច​ត្រូ​និក​អន្តរជាតិ​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​លើក​នេះ​មាន​ប្រទេស​ចំនួន​៦​ចូលរួម​គឺ ឥណ្ឌូ​ណេ​ស៊ី​ជា​ម្ចាស់ផ្ទះ ចិន កម្ពុជា ថៃ ម៉ា​ឡេ​ស៊ី និង​សិង្ហ​បុរី ប៉ុន្តែ​បើ​គិត​ជា​ក្រុម​មាន​ទាំងអស់​១៦ ក្នុង​នោះ​កម្ពុជា​មាន​២​ក្រុម ថៃ​មាន​៣​ក្រុម ម៉ា​ឡេ​ស៊ី​មាន​២​ក្រុម សិង្ហ​បុរី​មាន​២​ក្រុម ចិន​មាន​២​ក្រុម និង​ម្ចាស់ផ្ទះ​មាន​៥​ក្រុម ។ ចំណែក​​វិញ្ញាសា​ប្រកួត​វិញ​នោះ​មាន​២​គឺ ប្រកួត​៥​នាក់​ទល់​នឹង​៥​នាក់ និង​ប្រកួត​ឯកត្តជន ។ រីឯ​ប្រាក់​រង្វាន់​ដែល​ត្រូវ​ប្រគល់​ជូន​សម្រាប់​វិញ្ញាសា​ប្រកួត​ជា​ក្រុម​ចំណាត់ថ្នាក់​លេខ​១ ទទួល​បាន​មេដាយមាស ពាន​១ និង​ប្រាក់​១៥.០០០​ដុល្លារ​អា​មេ​រិ​ក លេខ​២​ទទួល​បាន​មេដាយ​ប្រាក់ និង​ប្រាក់​៧.០០០​ដុល្លារ លេខ​៣​ទទួល​បាន​មេដាយ​សំរឹទ្ធ​និង​ប្រាក់​៤.០០០​ដុល្លារ និង​លេខ​៤​ទទួល​បាន​ប្រាក់​២.៥០០​ដុល្លារ ។ វិញ្ញាសា​ឯកត្តជន​ចំណាត់ថ្នាក់​លេខ​១ ទទួល​បាន​មេដាយមាស និង​ប្រាក់​៥០០​ដុល្លារ លេខ​២​ទទួល​បាន​មេ​ដោយ​ប្រាក់ និង​ប្រាក់​៤០០​ដុល្លារ លេខ​៣​ទទួល​បាន​មេដាយ​សំរឹទ្ធ​និង​ប្រាក់​៣០០​ដុល្លារ លេខ​៤​ទទួល​បាន​ប្រាក់​២០០​ដុល្លារ និង​លេខ​៥​ទទួល​បាន​ប្រាក់​១០០​ដុល្លារ ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​ផ្ដាំផ្ញើ​ដល់​កីឡាករ​ទាំងអស់​ដែល​ធ្វើ​ដំណើរ​ទៅ​ប្រកួត​លើក​នេះ សូម​ខិតខំ​ប្រឹងប្រែង​ដើម្បី​នាំ​យកជ័យ​ជម្នះ​មក​ជូន​ប្រទេស​ជាតិ ។ លោក​បន្ត​ទៀត​ថា កីឡាករ​កម្ពុជា​បច្ចុប្បន្ន​មិន​ដូច​ពី​មុន​ឡើយ ពី​មុន​ប្រទេស​ណា ក៏​មើល​ស្រាល​កម្ពុជា​ដែរ ប៉ុន្តែ​ពេល​នេះ​កម្ពុជា​បាន​ធ្វើ​ឱ្យ​បណ្ដា​ប្រទេស​មួយ​ចំនួន​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។ មិនតែប៉ុណ្ណោះ គេ​តែង​ប្រុង​ប្រយ័ត្ន​ជា​និច្ច​នៅ​ពេល​ជួប​ប្រកួត​ជាមួយ​កីឡាករ​កម្ពុជា​យើង​ទៀត​ផង ៕