ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

ខេត្តបាត់ដំបង ៖ ​ប្រជា​ពលរ​ដ្ឋ​​រាប់រយ​នាក់​កំពុង​ប្រមូលគ្នា​ផ្ដិត​មេដៃ ធ្វើញ​ត្តិ​​តវ៉ា​​ប្រឆាំង​​អតីតគណៈ​កម្ម​ការ​​វត្ត​ម្នាក់ ដែល​​កំពុង​​បង្កើន​សកម្មភាព​​ចាក់​ដី​លុប​​អូរ​សាធារណៈ​​ក្បែរ​​របង​វត្ត​មួយ​​កន្លែង នៅ​ក្នុងភូមិ​ខ្នាច​រមាស ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល ដើម្បី​បើកហាង​ផឹក​ស៊ី ថែម​​ទាំង​បាន​អូស​ទាញ​ប​ក្ស​​​​ពួក​​ខ្លួន ឱ្យ​​ចូលរួម​​ចាក់​ដី​ពង្រីក​ទីតាំង​ដី​មាត់​អូរ​នោះ​​​បន្ថែម​ទៀត​ផង ដែល​គេ​សង្ស័យ​ថា អាជ្ញាធរ​ដែនដី​​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​។ នេះ​បើ​តាម​ការ​ផ្ដល់​ព័​ត៌មាន​ពី​ប្រជា​ពលរ​ដ្ឋ​​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ​មក​រា​ ​២០១៦ ​នេះ​ ។

ប្រជា​ពលរ​ដ្ឋនៅ​ភូមិ​ខ្នាចរមាស​ ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​បាន​និយាយ​ថា  អ​តី​ត​គណៈកម្មការ​ «​វត្ត​ខ្នាចរមាស​» ​ឈ្មោះ​ស សៅ អាយុ​ជាង​៦០​ឆ្នាំ រស់នៅ​ភូមិ​-ឃុំ​ខាងលើ ជា​អ្នក​នាំ​​​ក្នុង​ការ​ចាក់​ដី​រំលោភ​យក​ដី​អូរ​សាធារណៈ​នោះ ​ដែល​មាន​ទីតាំង​ខាងលិច​ឈៀង​ខាងជើង​ជាប់​​នឹង​របង​វត្ត​ខ្នាចរមាស​ ។ ប្រភព​ដដែល​​​បញ្ជាក់​ថា កាលដែល​ឈ្មោះ​ស សៅ នេះ​ចាប់ផ្ដើម​ចាក់​ដី​លុប​អូរ​ដំបូង អ្នក​ភូមិ​បាន​ប្រតិកម្ម​ស្នើ​ឲ្យ​លោក​មេឃុំ​ខ្នាចរមាស ចុះ​ទប់ស្កាត់​ម្ដង​​ជា​ពីរ​ដង​រួច​មក​​ហើយ តែ​លោក​មេឃុំ​មិន​អើពើ​ទេ ថែម​ទាំង​ផ្ដល់​សញ្ញា​ភ្លើង​​ខៀវ​ឱ្យ​​អ​តី​ត​គណៈកម្មការ​វត្ត​រូប​នេះ​ នាំ​បក្ស​​ពួក​មក​ចាក់​ដី​ពង្រីក​ទីតាំង​រំលោភ​យក​ដី​អូរ​បន្ថែម​ទៀត​ផង ​។

អ្នក​ភូមិ​និយាយ​ថា ដី​អូរ​ដែល​ឈ្មោះ​ស សៅ និង​គូកន​ចំនួន​២​នាក់​ទៀត កំពុង​ចាក់​ដី​លុប​រំលោភ​យក​នោះ ជា​ដី​សាធារណៈ​នៅ​ជាប់​​ផ្លូវ​សាធារណៈ និង​នៅ​ជាប់​របង​វត្ត​ខ្នាចរមាស ។ ការ​ចាក់​ដី​លុប​អូរ​នោះ គឺ​ដើម្បី​បើកហាង​ផឹកស៊ី ហើយ​ពេល​នេះ​ពួក​គេ​កំពុង​បង្កើន​​សកម្មភាព​ពេញទំហឹង ដោយ​គ្មាន​ការ​ទប់ស្កាត់​ពី​អាជ្ញាធរ​ឬ​មន្ត្រី​ជំនាញ​ឡើយ  បើ​ទោះជា​ពលរ​ដ្ឋ​សំណូមពរ​ឲ្យ​មាន​វិធានការ​ទប់ស្កាត់​ច្រើន​លើក​ច្រើន​សារ​ក្ដី តែ​អ្នក​ភូមិ​នឹង​នាំ​គ្នា​ធ្វើ​ញត្តិផ្ដិត​មេដៃ​ប្រឆាំង​តវ៉ា​​ក្នុង​ករណី​នេះ ដើម្បី​ប្រ​យោ​ជ​ន៍​​រួម​ ។

កោះសន្តិភាព​បាន​​ព្យាយាម​ស្វែងរក​សុំ​ការ​បំភ្លឺ​ពី​ឈ្មោះ​ស សៅ ដែល​រង​ការ​ចោទ​ថា បាន​និង​កំពុង​នាំ​គូ​កន​ចាក់​ដី​លុប​រំលោភ​យក​ដី​អូរ​សាធារណៈ តែ​មិន​អាច​ស្វែងរក​ប្រភព​ណាមួយ ដើម្បី​បំភ្លឺ​បាន​ឡើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១២​ មក​រា ​នេះ​ ។  រីឯ​មេឃុំ​ខ្នាចរមាស លោក​ឡាំ វ​ណ្ណី ក៏​មាន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បាន​ដែរ​ នៅ​ព្រឹក​ថ្ងៃ​ដដែល​។ ប៉ុន្តែ​លោក​មេឃុំ​រូប​នេះ ​ត្រូវ​បាន​ប្រជា​ពលរ​ដ្ឋ​ស្រង់​សម្តី​ ដែល​លោក​ធ្លាប់​បាន​ឆ្លើយ​តប​​ទៅ​ប្រជា​ពលរ​ដ្ឋ​ថា «​ខ្ញុំ​បានដឹង​អំពី​ការ​ចាក់​ដី​លុប​អូរ​ខាងលើ​នេះ តែ​ខ្ញុំ​បាន​ឱ្យ​​គេ​ចាក់​លុប​ធ្វើ​កន្លែង​លក់ដូរ​ជា​ជាង​ទុក​ដី​​ទំនេរ និង​ម្យ៉ាង​កុំ​ឱ្យ​​ប្រជា​ពលរ​ដ្ឋ​យក​សំរាម​ទៅ​ចាក់ចោល​នៅ​ទីនោះ​ផង ព្រោះ​កន្លង​មក​អ្នក​ភូមិ​តែង​យក​កាក​សំណល់​​ស្អុយរលួយ​ទៅ​ចាក់ចោល​ទីនោះ​ហាម​មិន​ស្ដាប់​» ​។

ការ​ឆ្លើយ​តប​របស់​លោក​មេឃុំ​ ទម្លាក់​កំហុស​ទៅ​លើ​អ្នក​ភូមិ​​ដោយ​គ្មាន​ការ​ទ​ទូល​ខុស​ត្រូវ និង​មិន​ព្រម​ចាត់វិធានការ​ទៅ​លើ​ជន​ទុច្ច​រិត​​ចាក់​ដី​រំលោភ​យក​អូរ​សាធារណៈ​បែប​នេះ ត្រូវ​ប្រជា​ពលរ​ដ្ឋ​ប្រតិកម្ម​តប​វិញ​ដូច្នេះ​ថា «​លោក​ឡាំ វ​ណ្ណី មេឃុំ​ខ្នាចរមាស ហាក់​កំពុង​បង្ហាញ​​ពី​ភាព​អសកម្ម ខ្វះ​ការ​ទ​ទូល​ខុស​ត្រូវ​ចំពោះ​សំណូមពរ​របស់​ពលរដ្ឋ​ និង​តួ​​នាទី​​របស់​ខ្លួន ក្នុង​នាមរូប​លោក​ជា​អាជ្ញាធរ​មូល​ដ្ឋា​ន​» ​។ ពលរ​ដ្ឋ​បាន​រិះគន់​លោក​មេឃុំ​ចំ​ៗ​​ថា មេឃុំ​ខ្នាចរមាស​មិន​ទ​ទូល​យក​សំណូមពរ​ពី​ប្រជា​ពលរ​ដ្ធ តែ​បែរ​ប្រឹងប្រែង​ជួយ​ជ្រោម​​ជ្រែង​បើកផ្លូវ​ឲ្យ​ជន​ទុច្ចរិត​ចាក់​ដី​លុប​អូរ​ទៅ​វិញ ​។ 

អ្នក​ភូមិ​បាន​ដាក់​ការ​សង្ស័យ​ថា មេឃុំ​ខ្នាចរមាស លោក​ឡាំ វ​ណ្ណី ជា​អ្នក​នៅ​ពីក្រោយ​ខ្នង នៃ​ការ​ចាក់​ដី​លុប​អូរ​ខាងក្រោយ​វត្ត​ខ្នាច​រមាស​នោះ  ដើម្បី​បើកហាង​ផឹកស៊ី  ក្រោម​លេស​ទប់ស្កាត់​មិន​ឲ្យ​អ្នក​ភូមិ​ចាក់សំរាម​។ បើ​ទោះជា​មេឃុំ​ខ្នាចរមាស​មិន​អើពើ​ និង​ការ​ចាក់​ដី​លុប​រំលោភ​បំពាន​យក​ដី​មាត់​​អូរ​សាធារណៈពី​សំណាក់​ជន​ទុច្ចរិត​ខាងលើ​នេះ​ក្ដី  ប៉ុន្តែ​ពេល​នេះ​អ្នក​ភូមិ​បាន​អះអាង​ថា ពួក​គេ​កំពុង​ប្រមូល​ស្នាម​មេដៃ​បាន​ជាង​១០០​នាក់​ហើយ ដើម្បី​ធ្វើ​ញត្តិ​​ប្ដឹង​តវ៉ា​ប្រឆាំង​នឹង​សកម្មភាព​ចាក់​ដី​លុប​អូរ​ខាងលើ​នេះ​។ ពួក​គេ​គ្រោង​នឹង​យក​ញត្តិ​​នោះ​ដាក់​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​នានា សាលាស្រុក​ប​វេ​ល និងរ​ដ្ឋ​បាល​សាលាខេត្ត​ផង ដើម្បី​ស្នើ​សុំ​ឲ្យ​ជួយ​អន្តរា​
គម​ន៍​ បើ​មិន​ដូច្នេះ​ទេ​ ដី​អូរ​នោះ​នឹង​ក្លាយជា​ដី​កម្មសិទ្ធិឯកជន​នា​ពេល​អនាគត់​ជាក់​ជា​មិន​ខាន​ ។