ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

ខេត្តក្រចេះ ​៖ អនុវត្ត​ដីកា​លើ​ករណី​មនុស្សឃាត​គិត​ទុកជា​មុនក្នុង​អំពើ​បាញ់​សម្លាប់បុរស​ជនជាតិ​អ៊ិស្លាម​ជា​អតីត​មេការ​ដី​ព្រៃ​សម្បទាន​កា​សូ​ទី​ម​ក្នុងស្រុក​ឆ្លូង កាលពី​៥​ឆ្នាំ​មុន តុលាការបាន​ចេញ​ដីការ​ចាប់​ឃាត់ខ្លួន​បុរស​ម្នាក់ជា​ជន​ដៃដល់​ក្នុង​អំពើ​បាញ់​សម្លាប់​ និង​បានឃុំខ្លួន​នៅ​ព​ន្ធ​នាគារ​ខេត្ត កាល​ពី​រសៀល​ថ្ងៃ​ទី​១១ ​មករា​។

ការ​ចាប់​ឃាត់ខ្លួន​ជន​ដៃដល់​ក្នុង​អំពើបាញ់​សម្លាប់​កាលពី​៥​ឆ្នាំ​កន្លង​ទៅពី​សំណាក់នគរបាល​ខេត្ត គឺ​បាន​ធ្វើ​ឡើង​ទៅ​តាម​អំណាច​ដីការ​របស់​តុលាការខេត្ត​ចេញ​ដោយ​លោកស្រី គឹ​ម សុ​គ​ន្ឋា ចៅក្រម​ស៊ើ​ប​សួរ​នៃ​សាលាដំបូង​ខេត្ត​។

ជន​ដៃដល់​ក្នុង​អំពើបាញ់​សម្លាប់​ និង​ត្រូវ​បាន​ចាប់ខ្លួន ឈ្មោះ មុំ នី អាយុ​៥៣​ឆ្នាំ គេ​ស្គាល់​ថា មានមុខ​ងារ​ជា​ភ្នាក់ងារ​បម្រើ​ការងារ​ឲ្យ​យោធា​ឌឺ​បេ អគ្គបញ្ជាការ​ទ័ពជើងគោក  មានស្រុក​កំណើត​នៅ​ឃុំ​ដារ ស្រុក​ចិត្រ​បុរី បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ​ឈើទាល​ភ្លោះ ឃុំ​ព្រែ​សា​ម៉ា​ន់ ស្រុក​ឆ្លូង​។

គួរ​រំលឹក​ថា ​បុរស​ជនជាតិ​ខ្មែរ​អ៊ិស្លា​ម​ម្នាក់ ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​បាញ់​សម្លាប់ពេលកំពុង​អង្គុយ​ផឹកស៊ី​នៅ​លើ​ផ្ទះ​លក់​ចាប់ហួយ​មួយ​កន្លែង នៅ​ក្នុងភូមិ​ឈើទាល​ភ្លោះ​ ឃុំ​កញ្ជរ ស្រុក​ឆ្លូង កាលពី​វេលា​យប់​ថ្ងៃ​ទី​១៨ ​ធ្នូ ​២០១១ ដែល​​កាល​នោះត្រូវ​បាន​នគរបាលដាក់​ការ​សន្និដ្ឋាន​ថា ផ្តើម​ចេញពី​រឿង​គំនុំ​។

ជន​រង​គ្រោះត្រូវ​ជន​ដៃដល់​​បាញ់​រះ​ពីក្រោម​ផ្ទះបណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​នៅ​លើ​ផ្ទះ​ឈ្មោះ​ឌី សា​វី ហៅ​ឡោះ អាយុ​៤៤​ឆ្នាំ ជនជាតិខ្មែរ​អ៊ិស្លា​ម និង​ជា​មេការ​នៅ​ដី​ព្រៃ​សម្បទាន​កា​សូ​ទី​ម​ក្នុងស្រុក​ឆ្លូង​។ ទំនាស់​ឈាន​​ឲ្យ​មានការ​បាញ់​សម្លាប់ ត្រូវ​បាន​សមត្ថកិច្ច​បង្ហើប​ថា អាច​ផ្តើម​ចេញពីគំនុំ​ក្នុង​សំណុំរឿង​ទំនាស់​ដីធ្លី​។

ក្នុង​អំឡុង​រយៈពេល​៥​ឆ្នាំ ក្រោ​យពី​បង្ក​ការ​បាញ់​សម្លាប់​មនុស្ស ជន​ដៃដល់​រូប​នេះ​មិនបាន​រត់គេច​ទៅ​ណា​នោះ​ទេ​​ គឺ​ជន​នេះ​នៅ​ធ្វើ​របរ​រស់នៅ​ក្នុង​ខេត្តក្រចេះ ដោយ​ជា​ភ្នាក់ងារ ដើរ​យក​លុយ​ពី​រថយន្ត​ដឹក​បទល្មើស ដោយ​សំអាង​ថា ជា​ភ្នាក់ងារ​របស់​យោធា​ឌឺ​បេ អគ្គបញ្ជាការ​ទ័ពជើងគោក​៕