កម្ពុជា​នឹង​បញ្ជូន​មន្ត្រី ២​រូប ឲ្យ​ទៅ​បំពេញបេសកកម្ម​នៅ​ទីស្នាក់ការ​នគរបាល​អ​ន្ត​រ​ជាតិ​ប្រទេស​សិង្ហបូរី​

ភ្នំពេញ: អគ្គ​ស្នងការរង​នគរបាលជាតិ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ថោង លីម ថ្លែងថា កម្ពុជា​នឹងបញ្ជូន​មន្ត្រីនគរបាល ២​រូប ឲ្យ​ទៅ​បំពេញបេសកកម្ម​ការងា​រ​រយៈពេល ២​សប្តាហ៍នៅ​ទី​ស្នាក់​នគរបាល​អន្តរជាតិ ប្រទេស​សិង្ហបូរី​។​

​នៅក្នុង​ជំនួប​ជាមួយ​ប្រតិភូ​នគរបាល​អន្តរជាតិ (INTERPOL) ដែល​ដឹកនាំ​ដោយ លោកFABRIZIO DI CARLO មន្ត្រី​គ្រប់គ្រង​ទិន្ន័យ​នៃ​អគ្គលេខាធិការ​​ដ្ឋា​ន​នគរបាល​អន្តរជាតិ ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច នា​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦ នៅអគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ថោង លីម បានមានប្រសាសន៍ថា​៖​កម្ពុជា​នឹង​បញ្ជូន​មន្ត្រីនគរបាល ២​រូប ឲ្យ​ទៅ​ចូលរួមបំពេញបេសកកម្ម​ការងា​រ ជាមួយ​នគរបាល​អន្តរជាតិ (INTERPOL) ដែលមានទីស្នាក់ការ​នៅ​ប្រទេស​សិង្ហបូរី ដើម្បី​ដក​បទពិសោធន៍ ក៏ដូចជា​ពង្រឹង និងពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​ការប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម​។

​លោក​បន្តថា​៖ មន្ត្រីនគរបាល ២​រូប ដែល​កម្ពុជា​គ្រោង​នឹង​បញ្ជូន​ទៅនោះ មាន​មួយមកពី​នាយកដ្ឋាន​ន​គ​របាល​អន្តរជាតិ និង​មួយទៀត​មកពី​នាយកដ្ឋាន​នគរបាលប្រឆាំង​ភេរវកម្ម ហើយ​ចំពោះ​កិច្ចប្រជុំ​នៅ​ទីក្រុង​ឈៀង​ម៉ៃ ប្រទេស​ថៃនាពេលខាងមុខ​ដែល​គ្រោង​អញ្ជើញ​មន្ត្រីនគរបាល​កម្ពុជា ២​រូបនោះ លោក ក៏បានសូម​សំណូមពរ​ឲ្យ​អគ្គលេខាធិការដ្ឋាន​នគ​របាល​អន្តរជាតិ ពិចារណា​ដាក់មន្ត្រីនគរបាល​កម្ពុ​ជា ឲ្យ​បាន ៣​រូប​។​

​លោក​អគ្គ​ស្នងការរង​នគរបាលជាតិ បាន​មានប្រសាសន៍​ទៀតថា កន្លងមក​ទាំងនគរបាល​អន្តរជាតិ​ក​ម្ពុ​ជា និង​ទាំង​នគរបាល​អន្តរជាតិ​បណ្តា​ប្រទេស​ជា​សមាជិកតាមរយៈ​ការសម្របសម្រួល​របស់​អគ្គលេខាធិការដ្ឋាន​ន​គ​របាល​អន្តរជាតិបាន​សហការគ្នា​ល្អ​ក្នុង​ស្វែងរក​ចាប់ខ្លួន​ពិរុទ្ធជន​ដែលមាន​និ​វេទ​ក្រហម​។

​ក្នុងឱកាស​នោះដែរ លោក ក៏បាន​ស្នើ​ឲ្យ​អគ្គលេខាធិការដ្ឋាន​នគ​របាល​អន្តរជាតិ ជួយរៀបចំ​ឧបករណ៍​សម្ភារ និង​ដំឡើង​ប្រព័ន្ធ​ត្រួតពិនិត្យ ខណៈដែល​នាយកដ្ឋាននគរបាល​អ​ន្ត​រ​ជាតិ​កម្ពុជា នឹងត្រូវ​ផ្លាស់ប្តូរ​ទី​ទាំងថ្មី​របស់ខ្លួន​។​

​ក្នុងជំនួប​នោះដែរ លោក FABRIZIO DI CARLO មន្ត្រី​គ្រប់គ្រង​ទិន្ន័យ នៃអគ្គលេខាធិការដ្ឋាន​នគ​របាល​អន្តរជាតិ ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច ក៏បានថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិក្រសួងមហាផ្ទៃ ដែល​កន្លងមក​បា​នស​ហ​ការ​គ្នា​ល្អ ក្នុងការ​ទប់ស្កាត់​ឧក្រិដ្ឋកម្មឆ្លងដែន និង​ភេរវកម្ម​។​

 ដោយឡែក​នៅ​ឆ្នាំនេះ អគ្គលេខាធិការដ្ឋាន​ន​គ​របាល​អន្តរជាតិ បាន​ផ្តោត​សំខាន់ទៅលើ​បញ្ហា​២ ទី​១.​បញ្ហា​ឧក្រិដ្ឋជន និង​ទី​២.​បញ្ហា​ក្រុម​សកម្មប្រយុទ្ធ​បរទេស​។ជាមួយគ្នា​នោះ លោក FABRIZIO DI CARLO ក៏បាន​ស្នើ​ឲ្យ​នគរបាល​អន្តរជាតិ​ក​ម្ពុ​ជាបើ​បានដឹង​ពី​ព័ត៌មាន​របស់​ឧក្រិដ្ឋជន និង​សកម្មជន​ប្រយុទ្ធ​បរទេស សូម​ដាក់ចូលក្នុង​ប្រព័ន្ធ​ត្រួតពិនិត្យ​របស់​នគរបាល​អន្តរជាតិ (INTERPOL)​។​

​លោក FABRIZIO DI CARLO បាន​បញ្ជាក់ថា លោក​នឹង​បន្ត​ជួយ​នគរបាល​អន្តរជាតិ​ក​ម្ពុជា លើ​ការងារ​រៀបចំ​ប្រព័ន្ធ​ត្រួតពិនិត្យ​ចេញចូល​របស់​អ្នកដំណើរ នៅព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ហើយ​នៅ​ថ្ងៃអនាគត​លោក​នឹង​បន្ត​ជួយ​ការងារ​នេះ នៅតាម​ច្រកទ្វារ​អន្តរជាតិ​សំខាន់ៗមួយចំនួនទៀត​របស់​កម្ពុជា ៕​