កម្ពុជាប្រមូល ពន្ធអាករ គ្រប់ប្រភេទ បានជាង ១ពាន់លានដុល្លារ កើន ២១,៧៦ភាគរយ

ភ្នំពេញ៖ ក្នុងឆ្នាំ២០១៥ កន្លងមកនេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលប្រមូលពន្ធ-អាករ គ្រប់ប្រភេទ បាន សរុបចំនួន ៥.១៩៦.៧៩៥,៧៦លានរៀល (ប្រហែល ១.២៩៩,២០លានដុល្លារអាម៉េរិក) ស្មើនឹង ១១១,៥៣ ភាគរយ នៃគោលដៅកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥ បើធៀបនឹងឆ្នាំ២០១៤ កើនឡើងប្រមាណ ២១,៧៦ភាគរយ។

យោងតាមទីភ្នាក់សារព័ត៌មានកម្ពុជា (AKP) បានឲ្យដឹងថា ការប្រមូលពន្ធចំណូលពន្ធ-អាករតាមប្រភេទពន្ធសំខាន់ៗមួយចំនួនមានការកើនឡើងច្រើន ក្នុងឆ្នាំ២០១៥ មានដូចជា ពន្ធលើប្រាក់ចំណេញកើនឡើងប្រមាណ ២៧,២ភាគរយ, ពន្ធលើប្រាក់បៀវត្សរ៍កើន ឡើងប្រមាណ ១៨,៦ភាគរយ, អាករលើតម្លៃបន្ថែមកើនឡើងប្រមាណ ១១,៦ភាគរយ  និងអាករពិសេសកើនឡើងប្រមាណ ១៦,៣ភាគរយ។ ចំណែកឯចំណូលពន្ធតាមសកម្មភាព អាជីវកម្មក៏មានការកើនឡើងស្ទើរតែទាំងអស់ដែរ៕