ព័ត៌មាន​ជាតិ &raquo បរិយាយថ្ងៃនេះ

ស្រុក​យើង​អស់​សង្គ្រាម​ពិតជា​មាន​មែនហើយ​...​ស្រុក​យើង​មាន​សន្តិភាព​ទូ​ទាំង​ប្រទេស​ប្រាកដជា​មាន​មែន ។ ចង់ទៅ​ទីណា​ទាំង​យប់ ទាំង​ថ្ងៃ អាច​ធ្វើ​ដំណើរ​បាន​ដោយ​រលូន​...​លើកលែងតែ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​មុខ​ប៉ុណ្ណោះ ដែល​រង់ចាំ​ស្វាគមន៍​...​ដែល​យើង​គ្រប់​គ្នា​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ខ្ពស់​រៀង​ៗ​ខ្លួន ។

ប៉ុន្តែ​កុំ​ភ្លេច​ថា រឿង​អសន្តិសុខ អ​សុវត្ថិភាព​សង្គម​...​កំពុង​កើត​មាន​គួរ​ឱ្យ​ភ័យ​ខ្លាច​បំផុត​...​ភ័យ​ខ្លាច​ណាស់​...​។ អ្នកមាន​ដែល​រស់នៅ​ក្នុង​ក្រុង​តូច​-​ធំ​...​សុខ​ស្រួល​មែនហើយ​...​តែ​អ្នកមាន​តូច​-​ធំ​ដែល​រស់នៅ​តាម​ទី​ជនបទ​...​មិន​សុខ​ស្រួល​ទេ​...​សូម​មេត្តា​ជ្រាប ។

នៅ​ក្នុង​ឱកាស​ដែល​ប្រទេស​មាន​សន្តិភាព​ពេញលេញ​បែប​នេះ​...​ប្រៀប​ដូច​បណ្តុះ​ពូជ​ចោរហារយ​គ្រប់​ប្រភេទ​...​មាន​ចោរលួច​...​ចោរឆក់​...​ចោរប្លន់​ប្រដាប់​ដោយ​កាំបិត ពូថៅ​ក៏​មាន​...​ប្រដាប់​ដោយ​កាំភ្លើងខ្លី​អា​ម៉ាក​ថ្មី​ៗ​បំផុត​ក៏​មាន​...​ជា​ពិសេស​កាំភ្លើង​វែង​ម៉ាក​អាកា​កាត់​ស្វាយ​...​អាកា​ស្វាយ​បត់​...​កាំភ្លើង​អាកា​ច្នៃ​គ្រប់​ប្រភេទ​ក៏​មាន ។​ល​។

ដូច​ជា​ថ្មី​ៗ​កន្លង​មកនេះ​ប្លន់​ផ្ទះ​អ្នកមាន​ច្រើន​លើក​នៅ​ខេត្តបាត់ដំបង​...​ខេត្តពោធិ៍សាត់​...​ខេត្តកណ្តាល​...​ខេត្តកំពង់ស្ពឺ​...​ខេត្តបន្ទាយមានជ័យ​...​ជាយ​រាជធានី​ភ្នំពេញ​...​ដោយ​ថ្មី​បំផុត​នេះ ចោរ​អាកា​មួយ​ក្រុម​ប្លន់​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង​...​។​ល​។

បើ​និយាយ​ពី​រឿង​កើត​ចោរលួច​...​ចោរឆក់​...​ចោរ​គាស់​ផ្ទះ​ច្រើន​ណាស់ មិន​ហ៊ាន​ថា​ដូច​ស្រមោច​ទេ​...​មាន​ហូរហែ​តាម​ក្រុង និង​រាជធានី​រាប់​មិន​អស់​ឡើយ​...
រឿង​អសន្តិសុខ​សង្គម​ក្នុង​សម័យ​នគរ​មាន​សន្តិភាព​នេះ​...​មិនធម្មតា​ទេ​...​សន្តិភាព​ផ្លូវចិត្ត​មាន​មែន​...​ប៉ុន្តែ​អ​សន្តិភាព​ផ្លូវ​កាយ​នៅ​កើត​មាន​គួរ​ឱ្យ​អាណាប្រជានុរាស្ត្រ​ភ័យ​ខ្លាច​ណាស់​...​អ្នក​ជនបទ​មាន​ល្មម​ៗ​ភ្នែក​នៅ​កញ្ចឹងក​ឯណោះ ។

ចុះបើ​ចោរហារយ​លើកគ្នា​ទាំង​ហ្វូង​ៗ...​កាំភ្លើង​វែង កាំភ្លើងខ្លី មក​ប្លន់​ឆៅ​ៗ​បែប​នេះ អ្នក​ណា​មិន​ភ័យ​...​មិន​ខ្លាច ? ចាប់​ម្ចាស់ផ្ទះ​វ៉ៃ​...​ចងក្រៀក​ជាប់​...​រើ​កកាយ ជជុះ​យក​អស់ទាំង​ម​មិះ​...​អ្នក​ណា​មិន​ភ័យ មិន​ខ្លាច​...

តាម​ដីកា​តុលាការ​...​នៅ​សល់​ចោរ​រាប់​ពាន់​នាក់​ទៀត​ដែល​ស្វែងរក​ចាប់ខ្លួន​មិន​ទាន់​បាន​...​រក​មិន​ទាន់​ឃើញ​...​។ អាហ្នឹង​ហើយ​ដែល​សង្ស័យ កំពុង​ធ្វើ​សកម្មភាព​បង្ក​ឱ្យ​អសន្តិសុខ​ក្នុង​សង្គម​យើង ។

សព្វថ្ងៃ​ពន្ធនាគារ​ផ្ទុក​លើស​ចំណុះ​ទៅ​ហើយ​...​គួរ​ត្រៀម​សង់​គុក​បន្ថែម​ឱ្យ​ហើយ​ទៅ​...​ហើយ​ស្វែងរក​អ្នកទោស​ព្រហ្មទណ្ឌ​រាប់​ពាន់​នាក់​នោះ​ប្រមូល​ទុក​ម្តុំ មហាជន​គិត​ថា​...​សន្តិសុខ​សង្គម​ក្នុង​សម័យ​ក្រោយ​សន្តិភាព​...​ប្រាកដជា​កើត​មាន​គួរ​ឱ្យ​កក់ក្តៅ​មិន​ខាន ។

ឬ​មួយ​ទុក​ដល់​ឆ្នាំ​២០១៨​ដើម្បី​ប្តូរសង្គម ? ប្រ​សិន​ដូច្នោះ​មែន​...​សន្តិភាព​ក៏​គ្មាន​...​សន្តិសុខ​សង្គម​ក៏​គ្មាន​...​ទីបំផុត​សង្គម​យើង​សង្ស័យ​ក្រឡាប់ចាក់​ដូច​ផ្អាប់​ឆ្នាំង​មិន​ខាន​ឡើយ​...​ជឿ​ឬ​មិន​ជឿ មិនដឹង​ទេ !!
                     អា​ឡេវ