ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកណ្ដាល​ ៖​ ​កាល​ពី​រសៀល​នៅ​ថ្ងៃ​ទី១១ ខែមក​រា ប្រតិភូ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល បាន​ចុះសួរសុខទុក្ខ និង​រៀបចំ​ពិធី​ប្រគល់​ផ្ទះ​តៀម​១​ខ្នង​សង់​ពី​បេតុង​ប្រក់​ស័​ង្កសី ​​ដែល​ជា​អំណោយ​​ដ៏​ថ្លៃ​ថ្លា​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​លោកតា អូ យី អាយុ៧៨ឆ្នាំ ចាស់ជរា​គ្មាន​ទីពឹង និង​ទី​ទ័​ល​ក្រ រស់នៅភូមិ​ជ័យ​ឧត្តម ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ។ ប្រតិភូ​សាខា​ដឹកនាំ​ដោយ ជាវ តា​យ ប្រធាន​គណៈ​ក​ម្មា​ធិការ​សាខា​ខេត្ត​ ​និង​មាន​ការ​ចូល​រួម​ពី​លោក ​លោក​ស្រី ​​​​ព្រម​ទាំង​​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ  ។

​លោក អ៊ូ ឈាង ប្រធាន​គណៈកម្មាធិការ​អនុ​សាខា​ស្រុក បានឱ្យ​ដឹង​ថា លោកតា អូ យី ជា​ចាស់ជរា​គ្មាន​ទីពឹង​រស់នៅ​ម្នាក់ឯង គ្មាន​កូនចៅ ហើយ​មាន​ជីវភាព​ទីទ័ល​ក្រ ​ទើប​ថ្នាក់ដឹកនាំ​​អនុ​សាខា និង​ក្រុម​​ការ​ងារ​កាកបាទក្រហម​ឃុំ បាន​​​អំពាវនាវ​រក​សប្បុរសជន​ជួយ​សាងសង់​លំនៅ​ឋាន​ជូន​លោកតា ដើម្បី​គាត់​បាន​រស់នៅ​ជ្រកកោន​សម​រម្យ​​សម្រាប់​​​ជីវិត​​ចុង​ក្រោយ​របស់គាត់ ។ លំនៅ​ឋាន១ខ្នង​នេះ ​​សង់​ឡើង​ពី​បេតុង​ប្រក់​ស័​ង្កសី​មាន​ទំហំ៤ម៉ែត្រគុណ៥​ម៉ែត្រ​ ដោយ​ចំណាយ​អស់​​ទឹក​ប្រាក់​សរុប​​ចំនួន​២.២៥០ដុល្លារ​​អាមេរិក ។

​​លោក ជាវ តា​យ ​បាន​មាន​ប្រសាសន៍ថា ​ក្នុង​នាម​លោកបណ្ឌិត ម៉ៅ ភិ​រុណ ប្រធាន​កិត្តិយស​សាខា ដោយ​​ពាំនាំ​​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​ប​ណិ្ឌ​ត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​លោកតា និង​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​​ចូលរួម​ក្នុង​ពិធី​នេះ​ដោយ​កី្ត​នឹករឭក ។

​ក្នុង​ពិធី​ប្រគល់​ផ្ទះ​នេះ ប្រតិភូ​អនុ​សាខា​បាន​នាំ​យក​អំណោយ​មនុស្សធម៌​ជូន​លោកតា​ រួម​មាន អង្ករ៥០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកដោះគោ៤ កំប៉ុង ស្ករស១គីឡូក្រាម សារុង៣ គ្រែ​ដេក១ រទេះរុញ​ជន​ពិការ១​ និង​ប្រាក់​ចំនួន​១២៥​ម៉ឺន​រៀល​ផង​ដែរ ៕​