យានយន្តជាង ១ម៉ឺនគ្រឿង ទៅធ្វើស្លាកលេខ រយៈពេល១១ថ្ងៃ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ទី ឡុង អនុប្រធាននាយកដ្ឋាន នគរបាលចរា ចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១២ ខែ មករា ឆ្នាំ ២០១៦ នេះឲ្យដឹងថា ១១ថ្ងៃ ខែមករា មានយានយន្តចំនួន១១.៧៩៨គ្រឿង ទៅធ្វើស្លាកលេខនៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីខេត្ត ក្នុងចំណោមខេត្ត១០ទូទាំងប្រទេស។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានកម្ពុជា(AKP)។

លោកទី ឡុង បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៥ នៅអគ្គស្នង ការដ្ឋាននគរបាលជាតិថា “ ក្នុងចំណោមយានយន្តជាង១ម៉ឺនគ្រឿងនោះ គឺមានម៉ូតូ ចំនួន១១៦២០គ្រឿង។ ចំណែក ខេត្តចំនួន១០នោះរួមមាន ខេត្តព្រៃវែង ស្វាយរៀង កំពត បាត់ដំបង កំពង់ធំ ព្រះវិហារ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ និងខេត្តស្ទឹងត្រែង ដែលប្រជាជនភាគច្រើនបាននាំគ្នា ទៅធ្វើស្លាក លេខយានយន្ដនៅ តាមមន្ទីរ សាធារណការខេត្ដ”។

លោកបានបន្តថា អគ្គស្នងការដ្ឋាននគរបាលជាតិកោតសរសើរ ប្រជាដែលយល់ដឹងអំពីការផ្សព្វផ្សាយច្បាប់ ចរាចរណ៍ថ្មី ដែលរាជរដ្ឋាភិបាលបាន ដាក់ឱ្យអនុវត្ដនៅដើមខែមករានេះ ហើយប្រជាពលរដ្ឋ បាននាំគ្នាទៅធ្វើ ស្លាកលេខយានយន្តរបស់ពួកគេ ដើម្បីជៀសវាងការផាកពិន័យ។

គួរបញ្ជាក់ថា ក្នុងរយៈពេល១១ថ្ងៃនេះដែរ មន្រ្ដីនគរបាលបានធ្វើការ ត្រួតពិនិត្យយានយន្តបានជាង ២០ម៉ឺនគ្រឿង ក្នុងនោះ យានយន្ដល្មើសចំនួនជាង ៦ម៉ឺនគ្រឿង ដែលស្មើ ៥៦ភាគរយ យានយន្តយកមក ធ្វើការអប់រំប្រមាណ ជាង៣ម៉ឺន គ្រឿងស្មើនឹង៥៣ភាគរយ។ ចំណែកយាន យន្ដចេញបង្កាន់ដៃពិន័យមានចំនួន ជាង៣ម៉ឺន គ្រឿង ស្មើនឹង៧៨ភាគរយ ដែលគិតជាទឹកប្រាក់មានចំនួន ជាង៦០០លានរៀល៕