អ្នក​ស្រាវជ្រាវ​បញ្ហា​សង្គម​សាទរ​ចំពោះ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​តាម​តំបន់​ក្បែរ​ព្រំដែន

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម សម្ដែង​ការ​គាំទ្រ​ចំពោះ​ការ​អភិវឌ្ឍ​តំបន់​មួយ​ចំនួន​នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ក្បែរ​បន្ទាត់​ព្រំដែន​ប្រទេស​កម្ពុជា-វៀតណាម។ ជាង​នេះ​ទៀត ពួក​គេ​ចង់​ឲ្យ​ដំណើរ​ការ​អភិវឌ្ឍន៍ ត្រូវ​ធ្វើ​ឡើង​ឲ្យ​បាន​ទូលំទូលាយ​នៅ​ទូទាំង​ប្រទេស​នៅ​តាម​តំបន់​ជាប់​ព្រំដែន។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​ប្រធាន​រដ្ឋសភា លោក ហេង សំរិន បញ្ជាក់​ពី​តំបន់​អភិវឌ្ឍន៍​នៅ​ស្រុក​កំណើត​ក្នុង​ខេត្ត​ត្បូងឃ្មុំ កាល​ពី​ពេល​ថ្មីៗ​នេះ។

អ្នក​ស្រាវជ្រាវ​បញ្ហា​សង្គម​លើក​ឡើង​ថា ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ រួម​មាន​ទីផ្សារ សាលា​រៀន មន្ទីរពេទ្យ ភ្លើង​អគ្គិសនី ប្រព័ន្ធ​ទឹក ការ​សាងសង់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្បែរ​តំបន់​ព្រំដែន គឺ​អាច​ចូលរួម​ចំណែក​ក្នុង​ការ​ស្ដារ​ជីវភាព​ប្រជាពលរដ្ឋ ព្រម​ទាំង​អាច​ជា​របាំង​ព្រំដែន​ដ៏​រឹងមាំ​បាន​ថែម​ទៀត​ផង។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា លោក​គាំទ្រ​ចំពោះ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្បែរ​បន្ទាត់​ព្រំដែន។ លោក​ថា ក្រៅ​ពី​ជួយ​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​បាន​ប្រសើរ​តាម​រយៈ​ការ​ចរាចរ​ទំនិញ​រវាង​ប្រជាជន​រស់នៅ​ជាប់​ព្រំដែន​បាន​ហើយ វា​ក៏​អាច​ជួយ​កាត់​បន្ថយ​ការ​ចំណាក​ស្រុក​របស់​ពលរដ្ឋ​បាន​ទៀត​ផង។ មិន​តែ​ប៉ុណ្ណោះ វា​ក៏​អាច​ក្លាយ​ជា​តំបន់​ទេសចរណ៍ ព្រម​ទាំង​ជា​របាំង​ការពារ​ព្រំដែន​ដ៏​រឹងមាំ៖ «សក្ដានុពល​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ហ្នឹង អាច​មាន​ឱកាស​យ៉ាង​តិច​ក៏​ប្រាំ​យ៉ាង​ដែរ។ ទី​មួយ សេដ្ឋកិច្ច​តាម​ព្រំដែន សេដ្ឋកិច្ច​ឆ្លង​ដែន»

ការ​លើក​ឡើង​របស់​អ្នក​ស្រាវជ្រាវ​បញ្ហា​សង្គម​ពេល​នេះ ក្រោយ​ពេល​ប្រធាន​រដ្ឋសភា លោក ហេង សំរិន បាន​បង្ហាញ​ពី​តំបន់​អភិវឌ្ឍន៍​នៅ​ស្រុក​កំណើត​របស់​លោក ក្នុង​ភូមិ​ចំនួន​ពីរ គឺ​ភូមិ​អន្លង់ជ្រៃ ភូមិ​ថ្លុកត្រាច ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក កាល​ពី​ថ្ងៃ​ទី​១១ មករា។ តំបន់​ទាំង​នេះ កន្លង​មក ប្រធាន​រដ្ឋសភា និង​សប្បុរសជន បាន​ចូលរួម​សាងសង់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​រាប់​រយ​ខ្នង ព្រម​ទាំង​មាន​ប្រព័ន្ធ​ប្រឡាយ​ទឹក ភ្លើង​អគ្គិសនី ផ្លូវ​ថ្នល់​ក្រាល​កៅស៊ូ ដែល​ជា​តំបន់​ជាប់​ព្រំដែន​វៀតណាម ព្រោះ​ថា តំបន់​នេះ​កន្លង​មក ក៏​ជា​តំបន់​ដ៏​ចម្រូងចម្រាស​ជាមួយ​ភាគី​វៀតណាម ដែរ។

ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់ លោក ហេង សំរិន បញ្ជាក់​ដែរ​ថា ការ​អភិវឌ្ឍ​ជា​ផ្នែក​មួយ​នៃ​ការ​កសាង​ខ្សែ​បន្ទាត់​ព្រំដែន​ពី​ភាព​ស្ងប់ស្ងាត់ ឲ្យ​ក្លាយ​ជា​ទី​ប្រជុំជន មាន​ប្រជាពលរដ្ឋ ប្រព័ន្ធ​ស្រោចស្រព​ដំណាំ មន្ទីរពេទ្យ សាលា​រៀន និង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ព្រម​ទាំង​ក្លាយ​ជា​តំបន់​ទេសចរណ៍​មួយ​នា​ទិស​ឦសាន​នៃ​ប្រទេស​កម្ពុជា ផង។

បន្ថែម​ពី​នេះ អភិបាល​រង​ខេត្ត​ត្បូងឃ្មុំ លោក លី ឡេង មាន​ប្រសាសន៍​ថា គម្រោង​អភិវឌ្ឍន៍​នៅ​ស្រុក​ពញាក្រែក ពេល​នេះ គឺ​ជា​គំនិត​ផ្ដួចផ្ដើម​ផ្ទាល់​របស់​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ពីព្រោះ​ជា​ស្រុក​កំណើត​របស់​លោក ព្រម​ទាំង​ជា​កន្លែង​តស៊ូ​ដើម្បី​រំដោះ​ប្រទេស​ជាតិ​ផង។ លោក​ថា គម្រោង​អភិវឌ្ឍន៍​បែប​នេះ លោក​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ថា អាច​កើត​មាន​តំបន់​ផ្សេង​ទៀត​ទេ ប៉ុន្តែ​លោក​មាន​ជំនឿ​ថា ឲ្យ​តែ​ប្រទេស​ជាតិ​មាន​សន្តិភាព ការ​អភិវឌ្ឍ​បែប​នេះ​ប្រាកដ​ជា​មាន​នៅ​តំបន់​ផ្សេង​ដូច​គ្នា៖ «គម្រោង​អភិវឌ្ឍន៍​នៅ​តាម​ព្រំដែន​ជា​បឋម ត្រូវ​អភិវឌ្ឍ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ពិសេស​ប្រព័ន្ធ​ផ្លូវ​គមនាគមន៍»

លោក​បញ្ជាក់​ថា ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​បឋម និង​សាងសង់​ផ្ទះ​ជូន​ពលរដ្ឋ​ក្រីក្រ​ចំនួន​ជិត ២០០​គ្រួសារ (១៧៤​គ្រួសារ) នៅ​ស្រុក​ពញាក្រែក គឺ​បាន​ចប់​សព្វគ្រប់​ហើយ ព្រម​ទាំង​ធ្វើ​ពិធី​ប្រគល់​ជូន​ប្រជាពលរដ្ឋ​នៅ​ខែ​កុម្ភៈ ខាង​មុខ។

យ៉ាង​ណា លោក កែម ឡី លើក​ឡើង​ថា គម្រោង​នេះ គឺ​មាន​អត្ថប្រយោជន៍​ច្រើន​ដល់​ប្រជាពលរដ្ឋ​ដែល​ទាមទារ​ឲ្យ​រាជ​រដ្ឋាភិបាល លើក​ផែនការ​សម្រាប់​ថ្នាក់​ជាតិ ដើម្បី​អភិវឌ្ឍ​តំបន់​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ទាំង​មូល ជា​ជាង​អភិវឌ្ឍ​នៅ​តែ​ទីប្រជុំជន ឬ​ទីក្រុង​នោះ ពីព្រោះ​លោក​ថា អត្រា​នៃ​ភាព​ក្រីក្រ​ខ្ពស់ មិន​មែន​ស្ថិត​នៅ​តាម​ទីប្រជុំជន​ឡើយ ប៉ុន្តែ​វា​កើត​ឡើង​នៅ​តាម​តំបន់​ដាច់​ស្រយាល ឬ​តំបន់​ជាយដែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។