កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បង្ហាញ​របាយការណ៍​បូក​សរុប​ការងារ​ឆ្នាំ​២០១៥

កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បង្ហាញ​របាយការណ៍​បូក​សរុប​ការងារ​ឆ្នាំ​២០១៥ អំពី​ការងារ​ប្រមូល​ផ្ដុំ​ធ្វើ​ការ​តវ៉ា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ការ​បង្ក្រាប​បទល្មើស និង​គ្រោះ​មហន្តរាយ។

កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បង្ហាញ​របាយការណ៍​បូក​សរុប​ការងារ​ឆ្នាំ​២០១៥ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៦ ឲ្យ​ដឹង​ថា ការ​ប្រមូល​ផ្ដុំ​មនុស្ស​ធ្វើ​បាតុកម្ម​កូដកម្ម​ទាមទារ​តវ៉ា បាច​ខិត្តប័ណ្ណ កើត​មាន​ជាង ១.៥០០​ករណី។ ករណី​ចុះ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ សត្វ​ព្រៃ ជលផល ក្នុង​តំបន់​អភិរក្ស​ដែន​ជីវចម្រុះ​ធនធាន​ធម្មជាតិ និង​កាប់​ទន្ទ្រាន​ព្រៃ​យក​ដី​ខុស​ច្បាប់ ឃាត់​ខ្លួន​ជន​សង្ស័យ​សរុប​ជាង ១.៦០០​នាក់។ ចំណែក​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​២០១៥ កើត​មាន​ចំនួន​ជិត ៤.៦០០​ករណី មនុស្ស​ស្លាប់​ជិត ២.៣០០​នាក់ និង​របួស​ជាង ៧.៥០០​នាក់។

ក្រៅ​អំពី​បញ្ហា​ទាំង​នេះ របាយការណ៍​ក៏​បាន​បូក​សរុប​ពី​បញ្ហា​គ្រោះ​មហន្តរាយ​ដោយ​ខ្យល់​ព្យុះ រន្ទះ​បាញ់ និង​ជំនន់​ទឹក​ភ្លៀង​នៅ​ទូទាំង​ប្រទេស​ដែរ។ គ្រោះ​មហន្តរាយ​ទាំង​នេះ បាន​កើត​ឡើង​ជិត ២​ពាន់​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជិត ១​ពាន់​នាក់ និង​របួស​ជាង ៣០០​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។