ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ជា​ទូទៅ​ដែល​ត្រូវការ​បញ្ជាក់​លិខិត​ថ្កោលទោស​ពី​នាយកដ្ឋាន​ថ្កោលទោស​នៃ​ក្រសួងយុត្តិធម៌ ដើម្បី​យក​ទៅ​ប្រើប្រាស់​កិច្ច​ការងារ​ផ្សេង​ៗ​ផ្ទាល់ខ្លួន​នោះ​មានការ​រ​អូរ​ទាំ​គ្រប់​ៗ​រូប អំពី​ការ​យឺតយ៉ាវ​ក្នុង​ការ​បញ្ជាក់​លិខិត​ថ្កោលទោស​ជូន​ពួក​គាត់​ពី​សំណាក់​មន្ត្រី​បម្រើ​ការ​នៅ​ក្នុង​នាយកដ្ឋាន​មួយ​នេះ ។

ជាក់ស្តែង​នៅ​រសៀល​ថ្ងៃ​ទី​១២ មក​រា ២០១៥ មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ដែល​ត្រូវ​យក​ចុងសន្លឹក​មក​ទទួលយក​ប្រតិបត្តិ​ថ្កោលទោស​ចេញ​មក ដើម្បី​យក​ទៅ​ប្រើប្រាស់​ការងារ​ផ្សេង​ៗ មានការ​ខកខានរ​អូរ​រទាំ ដោយសារ​លិខិត​ថ្កោលទោស​មិន​ទាន់​ធ្លាក់​មក​តាម​ការ​កំណត់ ។ ជាង​នេះ​ទៅ​ទៀត​នោះ មាន​ប្រជាពលរដ្ឋ​ខ្លះមក​ពី​បណ្តា​ខេត្ត​-​ក្រុង​នានា អ្នកខ្លះ​ត្រូវ​មក​យក​លិខិត​ថ្កោលទោស តាម​ការ​ណាត់​៤​ទៅ​៥​ដង ចំណាយ​ទាំង​ពេលវេលា និង​ថវិកា​សា​ហុយ​ចុះឡើង ប៉ុន្តែ​នៅ​តែ​មិន​ទាន់​បាន​លិខិត​ថ្កោល​ទោស​យក​ទៅ​ប្រើប្រាស់ តាម​អ្វី​ជា​ការ​កំណត់​របស់​នាយកដ្ឋាន​មួយ​នេះ ។

ជាមួយនឹង​សកម្មភាព​យឺតយ៉ាវ​ខាងលើ​នេះ ប្រជាពលរដ្ឋ​ស្នើ​សុំ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល ពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន មេត្តា​ពិន​ត្យ​មើល​ឡើង​វិញ​ចំពោះ​បុគ្គលិក ជា​មន្ត្រីរាជការ​បម្រើ​កិច្ចការ​នៅ​នាយកដ្ឋាន​កិច្ចការ​ថ្កោលទោស នៃ​ក្រសួងយុត្តិធម៌ អំពី​បញ្ហា​ផ្តល់​ប្រតិបត្តិ​ថ្កោលទោស​ជូន​ប្រជាពលរដ្ឋ យក​ទៅ​ប្រើប្រាស់​ឱ្យ​បាន​ស្រួល និង​រហ័សរហួន​តាម​ការ​កំណត់ នៅ​ក្នុង​កន្លែងធ្វើការ​របស់​ក្រសួងយុត្តិធម៌ ។

សូម​បញ្ជាក់​ថា ភាព​មិន​ប្រក្រតី​នៅ​ក្នុង​នាយកដ្ឋាន​មួយ​នេះ គឺ​មិនមែន​ទើបតែ​កើត​មាន​ទេ គឺ​កើត​មាន​យូរ​មក​ហើយ ដូច្នេះ​ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​ត្រូវការ​កែទម្រង់​គ្រប់​បែប​យ៉ាង ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ សូម​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ធ្វើការ​ពិនិត្យ​ទៅ​លើ​សកម្មភាព​មន្ត្រី​របស់​ខ្លួន ដែល​មិន​យក​ចិត្តទុកដាក់​បំពេញ​កិច្ច​ការងារ​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ឱ្យ​បាន​តាម​គោលការណ៍​កំណត់សន្យា​គ្នា (​មាន​ន័យ​ថា កំណត់​ឱ្យ​ប្រជាពលរដ្ឋ​មក​ទទួលយក​លិខិត​ថ្ងៃ​ណា​មួយ បែរជា​មិន​បាន​ថ្ងៃ​នោះ ផ្ទុយ​មក​បាន​តែ​ក្រដាស​.​ស​ទៅ​វិញ​) ។ ហើយ​ក្នុង​នោះ​ដែល អ្នកខ្លះ​នៅ​រហូត​ដល់​ខេត្ត​នានា​ជុំវិញ​ប្រទេស គឺ​ពួក​គាត់​ត្រូវការ​ឡើង​ចុះ​ច្រើន​លើក​ច្រើន​សារ ហើយ​សកម្មភាព​នេះ ល្មមតែ​លុប​បំបាត់​ហើយ ដល់​ដំណាក់កាល​២០១៦ នេះ​ទៅ​ហើយ ។

មន្ត្រី​នៃ​នាយកដ្ឋាន​មួយ​នេះ មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បាន​ឡើយ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​ឆ្នាំ​ដដែល ដោយសារ​តែ​ពួក​គាត់​ម្នាក់​ៗ ជាប់​មមាញឹក​ដៃជើង​ក្នុង​កិច្ច​ការងារ​ខាងលើ ដោយ​ពុំ​បាន​ធ្វើការ​បកស្រាយ​ដល់​អ្នកកាសែត ឬ​ក៏​ទូរទស្សន៍​ឡើយ ប៉ុន្តែ​យ៉ាងណា​ប្រជាពលរដ្ឋ​មានការ​ថ្នាំងថ្នាក់​ខ្លាំង​ណាស់​ចំពោះ​កិច្ច​ការងារ​មួយ​នេះ ។

គួរ​បញ្ជាក់​ថា នាយកដ្ឋាន​មួយ​នេះ មិនមែន​ទើបតែ​ពិបាក​ក្នុង​ពេល​មក​ទទួលយក​ប្រតិបត្តិ​ថ្កោលទោស​ទៅ​ប្រើប្រាស់​នោះ​ទេ គឺ​ជួប​ផល​លំបាក​តាំងពី​ពេល​រៀបចំ​ឯកសារ​យក​មក​ដាក់​ត្រូវ​ចំណាយពេល​មួយ​រសៀល រង់ចាំ​ដាក់​ពាក្យ ទម្រាំ​មន្ត្រី​ទទួល​ពាក្យ​ចេញ​វិ​ក័យ​ប័ត្រ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ញ្ហា​នេះ​បាន​ស​ង្គេ​ត​ឃើញ​ថា ភាពយឺត​យ៉ាវ បណ្តាល​មក​ពី​មន្ត្រី​មាន​គ្នា​តិច​ពេក ហើយ​នាយកដ្ឋាន​នេះ មាន​ទីកន្លែង​ចង្អៀត​ទៀត  ដូច្នេះ​ដើម្បី​ឆ្លើយ​តប​ទៅ​ហ្នឹង​តម្រូវការ​ជាក់ស្តែង ក៏​ដូច​ជា​ការ​ចូលរួម​កែទម្រង់​ជាមួយ​រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្នើ​ដល់​នាយ​ដ្ឋា​ន​មួយ​នេះ​យកចិត្តទុកដាក់ ធ្វើ​យ៉ាងណា​ឆ្លើយ​តប​តាម​តម្រូវការ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ ៕