ឡាន​ដឹក​កម្មករ​កាត់ដេរ​២​គ្រឿង​បុក​គ្នា​ក្រឡាប់​ស្លាប់​កម្មករ​៥​នាក់ របួសធ្ងន់​ស្រា​៦៨​នាក់​

​ខេត្តកំពង់ស្ពឺ​៖ រថយន្ត​កូរ៉េ​ដឹក​កម្មករ​រោងចក្រ​កាត់ដេរ​ពីរ​គ្រឿង​បើក​បញ្ច្រាសទិស​គ្នា ក្នុង​ល្បឿន​លឿន​បាន​រ៉េ​ចង្កូត​បុក​គ្នា​ពេញទំហឹង​ក្រឡាប់​ធ្លាក់​ពី​ផ្លូវ​ទាំងពីរ​គ្រឿង​ក្រឡាប់​១​គ្រឿង បណ្តាល​ឲ្យ​កម្មការិនី​២​នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ស្លាប់​៣​នាក់​ទៀត​បន្ទាប់ពី​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ និង​របួស​ចំនួន​៦៨​នាក់​។ ហេតុការណ៍​រថយន្ត​ដឹក​កម្មករ​បុក​គ្នា​ដ៏​រន្ធត់​នោះ​កើតឡើង​នៅ​ម៉ោង​ប្រមាណ ៦ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦​នេះ នៅលើ​ផ្លូវ ជាតិ​លេខ​៤១ ក្នុងភូមិ​ជ្រៃ​ត្រកួន ឃុំ​រកា​កោះ ស្រុក​គងពិសី ជាប់​ព្រំប្រទល់​នឹង​ស្រុក​សំរោង​ទង​។​

ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​រថយន្ត​ដឹក​កម្មករ​ទាំងពីរ​គ្រឿង​បុក​គ្នា​ហើយ​ប្រ​ឡាប់ ទាំងសងខាង ប្រជាពលរដ្ឋ និង​អាជ្ញាធរ​បានចេញ​មកជួយ​សង្គ្រោះ​ភ្លាមៗ​ជួយ​ដឹកបញ្ជូន​អ្នករងរបួស​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ កម្មករ​២​នាក់ បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ និង​ម្នាក់​ស្លាប់​ពេល​ដឹក​បញ្ជូនទៅ​សង្គ្រោះ តែរ​ហូ​មកដល់​ម៉ោង ១១​ព្រឹក​នេះ អ្នកស្លាប់​បាន​កើន​ដល់ ៥​នាក់​ហើយ ខណៈ​អ្នករងរបួស​មាន​ចំនួន ៦៨​នាក់​។ កម្មករ​-​កម្មការិនី ដែល​ជួប​គ្រោះថ្នាក់​នេះ បម្រើការ​នៅ​រោងចក្រ NOUW CORP ។ ដោយឡែក​ចំពោះ អ្នកបើកបរ​រថយន្ត​ទាំង​២ បាន​រត់​គេចខ្លួនបាត់ ។​

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញមក​បញ្ជាក់ថា ជនរងគ្រោះ​ដែល​ស្លាប់ ១-​ឈ្មោះ ស៊ីម ខុម ភេទ ស្រី អាយុ ៣៣​ឆ្នាំ រស់នៅ ភូម​បឹង​ព័ទ្ធ ឃុំ​ស្តុក ស្រុក​គងពិសី​។ ២-​ឈ្មោះ ណុប លីម ភេទ​ស្រី អាយុ ៣៩​ឆ្នាំ រស់នៅ​ភូមិ​បឹង​ព័ទ្ធ ឃុំ​ស្តុក ស្រុក​គងពិសី​។ ៣-​ឈ្មោះ ស្រី​ប៉ិច រស់នៅ​ភូមិ​ភ្នៅ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី និង​៤-​ឈ្មោះ អ៊ីវ សុខ​មុំ អាយុ ៣៧​ឆ្នាំ រស់នៅ​ភូមិ​ព្រះ​ម្លប់ ឃុំ​ភា​រី​មានជ័យ ស្រុក​បរសេដ្ឋ​។ ចំពោះ​អ្នករបួស ធ្ងន់​ស្រាល នៅ​ពេទ្យ​សម្ភព ថ្នល់ទទឹង​មាន ១៣​នាក់ ក្នុងនោះ​ធ្ងន់ ៧​នាក់ បញ្ជូនទៅ​មន្ទីរពេទ្យ កាល់ម៉ែត​។ ពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ មាន ១២​នាក់ ធ្ងន់ ២​នាក់ និង​មន្ទីរពេទ្យបង្អែក គងពិសី មាន ៤២​នាក់ រងរបួស​ស្រាល សរុប​ទាំងអស់ ៦៨​នាក់​។​

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ប​បាន​ថ្លែង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា កម្មករ​-​កម្មការិនី ដែល​ជួប គ្រោះថ្នាក់​នេះ បម្រើការ​នៅ​រោងចក្រ NOUW CORP ជា​សមាជិក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​. ស​.​ស​) ហើយ ជា​គ្រោះថ្នាក់​ការងារ រាល់​ការព្យាបាល​រហូតដល់​ជាសះស្បើយ​ជា​បន្ទុក​របស់ ប​.​ស​.​ស ។ អ្នកស្លាប់ ប​.​ស​.​ស ផ្តល់ ៤​លាន​រៀល​សម្រាប់​ចាត់ចែង​ពិធី​បុណ្យសព និង​មាន​ផ្តល់​បន្ថែមទៀត​នូវ​របប​ឧបត្ថម្ភ​ក្រុមគ្រួសារ ប្តី ប្រពន្ធ កូន ជន ចាស់ជរា ឪពុក ម្តាយ ជីដូន ជីតា ជាដើម​៕ ​

KA-12-01-2016-01 KA-12-01-2016-07 KA-12-01-2016-03 KA-12-01-2016-04 KA-12-01-2016-05 KA-12-01-2016-08