អាជ្ញាធរ​ជាតិ​អប្សរា ប្រគល់​ថវិកា​ជូន​ប្រជាពលរដ្ឋ​ចំនួន ៦​គ្រួសារ ដើម្បី​សង់ផ្ទះ​ថ្ម នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក​

ខេត្តសៀមរាប: ​ប្រជាពលរដ្ឋ​ចំនួន ៦​គ្រួសារ ដែល​បាន​ស្ម័គ្រចិត្ត​ចាប់ឆ្នោត​ទៅ​រស់នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក នា​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦​នេះ បានមក​ទទួល​ថវិកា​ចំនួន​២១​លាន​រៀល​ក្នុង​មួយ​គ្រួសារ ពី​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​សាងសង់​ផ្ទះ នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក​។​

​ពិធី​ប្រគល់​ទទួល​នេះ បានធ្វើ​ឡើង​នៅ​ទីស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា ក្រោម​អធិបតីភាព លោក ម៉ី ម៉ា​រ៉ា​ឌី ទីប្រឹក្សា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​និង​ជា​ប្រធាន​គម្រោង​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ​រុន​តា​ឯក លោក ភ័ន ផល្លា ប្រធាន​នាយកដ្ឋាន​រដ្ឋបាល និង​ជា​អនុប្រធាន​គម្រោង​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ​រុន​តា​ឯក ដោយមាន​ការចូលរួម​ពី​មេធាវី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​ប្រជាពលរដ្ឋ​ទាំង ៦​គ្រួសារ​ផង​។​

​លោក ភ័ន ផល្លា បាន​បញ្ជាក់ថា ការផ្តល់ជូន​សាច់ប្រាក់​នេះ គឺ​ដើម្បី​ឲ្យ​ពួកគាត់​យកទៅ​សាងសង់​ផ្ទះ តាម​គំរូ​ដែល​ក្រុម​ជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​គូស​ជូន​ពួកគាត់ ដោយ​ឲ្យ​ពួកគាត់​ទិញ​សម្ភារៈ និង​ជួល​ជាង​ធ្វើ​ដោយ​ខ្លួនឯង​។ លោក​បន្ថែមថា ចាប់ពី​ថ្ងៃទី​១​នៃ​ការទទួលបាន​ថវិកា​នេះ យ៉ាងយូរបំផុត​១​ខែ ប្រជាពលរដ្ឋ​ម្ចាស់​ដី ត្រូវ​ចូលទៅ​កាប់ឆ្ការ​ដីស្រែ​និង​សាង​សង់ផ្ទះ​ជា​កំណត់​។
​អាជ្ញាធរ​ជាតិ​អប្សរា មិន​ផ្តល់​សាច់ប្រាក់​ទាំងស្រុង​ទេ តែ​នឹង​បើក​ជូន​ពួកគាត់​តាម​តម្រូវការ រហូតដល់​ពួកគាត់​សាង់សង់​ផ្ទះ​រួច ដើម្បី​ការពារ​ហានិភ័យ​ណាមួយ ដែល​ពួកគាត់​យកទៅ​ប្រើ​ខុសពី​អ្វី ដែល​ស្នើសុំ ដូចជា​ករណី​សងបំណុល ឬ​ធ្វើ​អ្វី​ផ្សេង​។​

​លោក ម៉ី ម៉ា​រ៉ា​ឌី ក៏បាន​លើកឡើង​ពី​លក្ខខណ្ឌ​ចាំបាច់​ដែល​ទាក់ទង​នឹង​ការ​ទៅ​រស់នៅ​រុន​តា​ឯក ដោយ​តម្រូវឱ្យ​បងប្អូន​ទាំងអស់​គោរព​តាម​គោលការណ៍​ដែល​បានកំណត់ ហើយ​ត្រូវ​រស់នៅ​ឱ្យបាន​យ៉ាងតិច​៧០% នៃ​ចំនួន​ខែ​ក្នុង ១​ឆ្នាំ ទើប​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ ក្រោយ​ការរស់នៅ​រយៈពេល​៥​ឆ្នាំ​។

​លោក​បន្តទៀតថា នៅ​ទីនោះ​បងប្អូន​អាច​ប្រកប​របរ​កសិកម្ម​ដាំ​ដុះ ចិញ្ចឹម​មាន់​ទា​តាម​ចំណង់​ចិត្ត ព្រោះ​មាន​ដៃគូ​ជាច្រើន​សហការ​ជាមួយ​ភូមិ​ធម្មជាតិ​រុន​តា​ឯក ដែល​ផ្តល់​ទាំង​បច្ចេកទេស ការប្រឹក្សា និង​ការធានា​ទិញ​ទិន្នផល​វិញ​ទាំងអស់​តាម​តម្លៃ​ទីផ្សារ នៅពេល​បងប្អូន​គោរព​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា​។​

​គួរបញ្ជាក់​ផងដែរ​ថា ដូចជា​ប្រជាពលរដ្ឋ​មុនៗ​ដែរ គ្រួសារ​ទាំង ៦​ថ្មី​នេះ ក្រៅពី​ទឹកប្រាក់ ២១ លាន ក្នុង ១​គ្រួសារ ដើម្បី​សង់ផ្ទះ​ថ្ម​ទំហំ ៥ ម៉ែត្រ x ៥,៨០​ម៉ែត្រ ពួកគាត់​ទទួលបាន​ដី ១៥ ម៉ែត្រ x ២៥ ម៉ែត្រ សម្រាប់​សង់ផ្ទះ និង ១ ហិកតា សម្រាប់​ដីស្រែ​ចម្ការ​៕​