ប្រាសាទចៅសាយទេវតា បូជនីយដ្ឋាន​តូច​ច្រឡឹង មិនគួរ​រំលង​

ខេត្តសៀមរាប: ​ប្រាសាទចៅសាយទេវតា ត្រូវបាន​ស្ថាបនា​ឡើង នៅ​ចុង​ស​.​វ​ទី​១១ ដើម​ស​.​វ​.​ទី​១២ ដោយ​ព្រះបាទ​សូរ្យ​វរ្ម័នទី​២ រចនាប័ទ្ម​អង្គរវត្ត ដើម្បី​ឧទ្ទិស​ថ្វាយ​សាសនា​ហិណ្ឌូ​។ ប្រាសាទ​នេះ មាន​ទីតាំង ស្ថិតនៅ​ខាងកើត​ទ្វារ​ជ័យ​នៃ​ក្រុង​អង្គរធំ ឈម​គ្នា​នឹង​ប្រាសាទធម្មនន្ទ​។​

​ចំពោះ​ការហៅ​ឈ្មោះ ចៅ​សាយ​ទេវតា មិនមាន​ប្រភព​ណា​បញ្ជាក់​ច្បាស់លាស់​ទេ តែបើ​តាម​ការសន្និដ្ឋាន​របស់​អ្នកស្រុក ឈ្មោះ​ប្រាសាទ​នេះ ប្រហែលជា​ឈ្មោះ​មេទ័ព​មាន​ស្នាដៃ​ល្អ​ម្នាក់ ក្នុងការ​ធ្វើសឹក​សង្គ្រាម ឬ​អ្នកមាន​ស្នាដៃ​ក្នុង​ការធ្វើ​អ្វីមួយ​។

​សព្វថ្ងៃ​អ្នកស្រុក​ហៅ​ឈ្មោះ​ប្រាសាទ​នេះ ត្រឹម​ចៅ​សាយ​ប៉ុណ្ណោះ មិនមាន​ពាក្យ​ទេវតា​នៅ​ខាងចុង​ទេ នេះ​ជា​ទម្លាប់​របស់​ខ្មែរ​ដែល​ច្រើន​ប្រើ​ឈ្មោះ​ខ្លីៗ​។​

​ប្រាសាទចៅសាយទេវតា មាន​រូបរាង​តូច​ច្រឡឹង មាន​ចម្លាក់​ក្បូរក្បាច់​ល្អ​វិចិត្រ រស់​រវើក បែរមុខ​ទៅ​ទិសខាងកើត​សំដៅ​ស្ទឹង​សៀមរាប មាន​ស្រះ​២ និង​គូ​ទឹក​ព័ទ្ធជុំវិញ តែ​បច្ចុប្បន្ន​ស្រះ​និង​គូ​ទឹក​រីងស្ងួត​ស្ទើរ​គ្មាន​រូបរាង​ដែល​ជំនួស​ដោយ​ដើមឈើ​តូចធំ​ជាច្រើន​ដុះ​ក្នុងនោះ​។​

​ថ្វី​ត្បិត​ប្រាសាទ​នេះ ស្ថិត​នៅក្បែរ​ប្រាសាទធំៗ​ជាច្រើន តែ​ហាក់ដូចជា​ស្ងប់ស្ងាត់​ណាស់​ព្រោះ​មិនសូវមាន​ទេសចរ​ចាប់អារម្មណ៍​ច្រើន​ដូច​ប្រាសាទអង្គរវត្ត បាយ័ន និង​តា​ព្រហ្ម​ទេ​។

​លោក ឈួ​ម ឆាត ប្រធាន​ក្រុម​គ្រប់គ្រង​ភ្នាក់ងារ​ទេសចរ​ប្រចាំការ​នៅ​ប្រាសាទចៅសាយទេវតា និង​ប្រាសាទធម្មនន្ទ បាន​ប្រាប់ថា ទេសចរ​ដែល​ចូលមក​មើល​ប្រាសាទ​ទាំង ២​នេះ ក្នុង ១​ថ្ងៃ បាន​ប្រហែល ២០០​នាក់​ជាង​ប៉ុណ្ណោះ ហើយ​ភាគច្រើន​ជា​ជន​ជាតិចិន​។ មូលហេតុ​ដូច្នេះ​ព្រោះ​ប្រាសាទ​នេះ​តូច ហើយ​ភ្ញៀវ​ខ្លះ​មាន​រយៈពេល​ទស្សនា​ខ្លី ទើប​ពួកគេ​ចាប់អារម្មណ៍​តែ​ប្រាសាទធំៗ​។​

​ប្រាសាទ​នេះ ត្រូវបាន​ជួសជុល​ដោយ​ស្ថាប័ន​រដ្ឋាភិបាល​ចិន​សម្រាប់​ការអភិរក្ស​អង្គរ ហៅ​កាត់​ថា CSA ចាប់ពី​ឆ្នាំ​១៩៩៨ ហើយ​បញ្ចប់​នៅ​ឆ្នាំ​២០០៨​។​

​មុនពេល​ជួសជុល ប្រាសាទ​នេះ​មាន​សភាព​ខូចខាត​ច្រើន ទោះជា​តួ​កណ្ដាល និង​តួ​ខាង​កើតមាន​ស្ថានភាព​នៅ​ល្អ​ក៏ដោយ ប៉ុន្តែ​ដំបូល និង​តួ​ផ្សេងទៀត​បាន​បាក់បែក​ស្ទើរ​ទាំងអស់​។ ជើង​ចម្លាក់ និង​ជញ្ជាំង​មួយចំនួន​ទ្រេត និង​ខុសពី​កន្លែង​ដើម​។
​អ្នកជំនាញ​បារាំង បាន​ជួសជុល​តួ​ខាងលិច​ក្នុង​ទសវត្ស​ឆ្នាំ​១៩៥០ ប៉ុន្តែ​ជើង​ចម្លាក់​នៅ​កន្លែង​ផ្សេងទៀត ខូចខាត​តិច ឬ​ច្រើន​ដោយ​អន្លើ​។​

​វិធីសាស្ត្រ ក្នុងការ​ជួសជុល និង​អភិរក្ស ដែល CSA យកមកប្រើ​រួមមាន ការប្រមែប្រមូល និង​រៀប​ថ្ម ដែល​នៅ​រាយប៉ាយ​ឡើងវិញ រៀបចំ​ជួសជុល​ជើង​ចម្លាក់​និង​យកទៅដាក់​តាម​កន្លែង​ដើម រៀបចំ​ប្រព័ន្ធ​បង្ហូរទឹក ជួសជុល​សំណង់​ប្រាសាទ ពង្រឹង​រចនាសម្ព័ន្ធ ស្ថាបត្យកម្ម ជួសជុល​នឹង​ថែ ទាំ​ថ្ម​ដែល​ខូចខាត និង​ថ្ម​ដែល​ល្អ​ផ្សេងៗ​ទៀត​។ នៅពេល​ជួសជុល​ស្ថាប័ន CSA បាន​យក​ថ្ម​ដែល នៅ​រាយប៉ាយ​មក​ដាក់​កន្លែង​ដើម​វិញ​បាន​ចំនួន​ជាង​៣០០០​ដុំ​។​

​ការងារ​អភិរក្ស​នេះ​បាន​ចំណាយពេល​ជិត​មួយ​ទសវត្ស ការខូចខាត​និង​គ្រោះថ្នាក់​នៅ​ប្រាសាទចៅសាយទេវតា ត្រូវបាន​ដោះស្រាយ​ទាំងស្រុង ថ្ម​ដែល​បាក់​ធ្លាក់​បាន​រៀប​ចូល​កន្លែង​ដើម ចំណែក​ថ្ម​ខ្លះទៀត ក៏ត្រូវ​បាន​ជួសជុល និង​ពង្រឹង​ឡើងវិញ ឱ្យមាន​សភាព​ដូចដើម​ទៅតាម​រចនាប័ទ្ម​លក្ខណៈ​ស្ថាបត្យកម្ម រចនាសម្ព័ន្ធ សម្ភារៈ​សំណង់ និង​បច្ចេកទេស​សាងសង់​៕​

ប្រាសាទចៅសាយទេវតា បូជនីយដ្ឋាន​តូច​ច្រឡឹង មិនគួរ​រំលង​

ប្រាសាទចៅសាយទេវតា បូជនីយដ្ឋាន​តូច​ច្រឡឹង មិនគួរ​រំលង​

ប្រាសាទចៅសាយទេវតា បូជនីយដ្ឋាន​តូច​ច្រឡឹង មិនគួរ​រំលង​