សម្តេច ស ខេង ជំរុញឲ្យថ្នាក់ដឹកនាំ ក្រសួងផ្ទេរមុខងារ និងធនធាន ទៅឲ្យរដ្ឋបាលថ្នាក់ ក្រោមជាតិ ឲ្យលឿន

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធាន គណបក្ស ប្រជាជនកម្ពុជា បានជំរុញឲ្យថ្នាក់ដឹកនាំ ក្រសួងស្ថាប័នកំពូលៗ ផ្ទេរមុខងារ និង ធនធានរបស់ខ្លួន ទៅឲ្យរដ្ឋបាល ថ្នាក់ក្រោមជាតិ ឲ្យលឿន។

ការណែនាំនេះ បានធ្វើឡើង នៅក្នុងឱកាសដែលសម្តេច បានអញ្ជើញធ្វើជាអធិបតី នៃកិច្ច ប្រជុំលើកទី១១ នៃគណៈកម្មាធិការជាតិសម្រាប់ ការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ នៅ ថ្នាក់ក្រោមជាតិ ហៅកាត់ថា គ.ជ.អ.ប កាលពីថ្ងៃទី១២ខែមករាឆ្នាំ២០១៦។ ជាកិច្ចប្រជុំ ដែល មានការចូលរួម ពីបណ្តារដ្ឋមន្រ្តីក្រសួងនានា ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាអ្នកផ្តល់ សេវាជូនដល់ប្រជាពលរដ្ឋ តាមរយៈមន្រ្តីនៅថ្នាក់ក្រោមជាតិ។

សេចក្តីណែនាំនេះ ត្រូវបានគេមើលឃើញថា បានកើតឡើង នៅពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ ពី សន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានបញ្ចប់ទៅ កាលពីថ្ងៃទី១០ ខែមករាកន្លងទៅនេះ។ ជាកិច្ចប្រជុំប្រចាំឆ្នាំ ដែលបានដាក់ទិសដៅ ដើម្បីកំណត់ជ័យជំនះ របស់គណបក្ស នៅក្នុងការបោះឆ្នោត ឃុំសង្កាត់ ឆ្នាំ២០១៧ និង ការបោះឆ្នោតជាតិ ឆ្នាំ ២០១៨។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមាន ប្រសាសន៍ ថា ថ្នាក់ដឹកនាំក្រសួង ស្ថាប័នថ្នាក់ជាតិនានា ត្រូវសម្រេចចិត្តផ្ទេរមុខងារ និង ធនធាន មួយ ចំនួនទៀត ទៅឲ្យរដ្ឋបាលថ្នាក់ ក្រោមជាតិឲ្យលឿន ខណៈ ការផ្ទេរមុខងារ និងធនធាននេះ អាចជំរុញឲ្យមូលដ្ឋានមាន ការអភិវឌ្ឍន៍បានលឿន។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ក្នុងនាមជាប្រធាន គ.ជ.អ.ប ថា គោល ដៅនៃការកែទម្រង់របបវិមជ្ឈការ និងវិសហមជ្ឈការ គឺជាបញ្ហាស្នូល សម្រាប់ការអភិវឌ្ឍន៍ នៅតាមថ្នាក់មូលដ្ឋាន ហើយការផ្ទេរមុខងារ និងធនធាននេះ អាចកំណត់នូវភាពជោគជ័យ និង មិនជោគជ័យ នៃការអនុវត្តគោលការណ៍កំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ដែល បញ្ហានេះ តម្រូវឲ្យបណ្តាក្រសួង ចូលរួមសហការអនុវត្ត ហើយថ្នាក់ក្រោមជាតិ បច្ចុប្បន្នមាន សមត្ថភាពផងដែរ។

ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ក៏បានជំរុញឲ្យមន្ត្រីថ្នាក់ក្រោមជាតិ កសាងផ្លូវលំ ដែលមានការលំបាក នៅតាមទីជនបទ ដើម្បីជួយដល់ប្រជាពលរដ្ឋឲ្យងាយ ស្រួលក្នុងការធ្វើ ដំណើរ ទៅវិញទៅមក។ សម្តេចបានមានប្រសាសន៍ថា ហេដ្ឋារចនា សម្ព័ន្ធត្រូវបានគេមើល ឃើញថា មានការ អភិវឌ្ឍ យ៉ាងលឿនលើផ្លូវជាតិ ប៉ុន្តែមានផ្លូវលំមួយចំនួន ក្នុងស្រុក ភូមិ ឃុំ មួយចំនួន ក្នុងខេត្តនានា នៅមិនទាន់បានធ្វើឲ្យស្អាត ដើម្បីងាយស្រួលធ្វើដំណើរនៅ ឡើយ ទេ៕

សម្តេច ស ខេង ជំរុញឲ្យថ្នាក់ដឹកនាំ ក្រសួងផ្ទេរមុខងារ និងធនធាន ទៅឲ្យរដ្ឋបាលថ្នាក់ ក្រោមជាតិ ឲ្យលឿន