ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​សាទរ​ចំពោះ​អភិបាល​ខេត្ត​ព្រះសីហនុ​ចុះ​វាស់​ដី​ផ្ដល់​ប្លង់​កម្មសិទ្ធិ

ប្រជាពលរដ្ឋ​រស់នៅ​សហគមន៍​សេ​អ៊ី​ប្រាំ (CI5) បង្ហាញ​ការ​គាំទ្រ​លោក​អភិបាល​ខេត្ត​ព្រះសីហនុ ដែល​បាន​ជួយ​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ និង​ឈាន​ដល់​ការ​វាស់​ដី​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​នេះ។

មន្ត្រី​សង្គម​ស៊ីវិល ចាត់​ទុក​សកម្មភាព​នេះ​ថា​ជួយ​ឈឺ​ឆ្អាល និង​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បំពេញ​ការងារ​របស់​លោក​អភិបាល​ខេត្ត​ព្រះសីហនុ។

ប្រធាន​សហគមន៍​សេ​អ៊ី​ប្រាំ លោក ស៊ុន សុផាត បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​អង្គារ ទី​១២ ខែ​មករា ថា ពលរដ្ឋ​ចំនួន ១២៦​គ្រួសារ​នៅ​ភូមិ​ពូធឿង ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ បង្ហាញ​ភាព​រីករាយ​នៅ​ពេល​ពួក​គាត់​ទទួល​ដំណឹង​ថា អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​ជំរុញ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ បើក​កិច្ច​ប្រជុំ​ឈាន​ដល់​កំណត់​ថ្ងៃ​ចុះ​វាស់​ដី​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ពួក​គាត់​ក្នុង​សប្ដាហ៍​នេះ។

លោក​បន្ត​ថា ដី​លំនៅឋាន និង​ដី​ចម្ការ​របស់​ពលរដ្ឋ​នៅ​សហគមន៍​សេ​អ៊ី​ប្រាំ ទាំង ១២៦​គ្រួសារ ដែល​មាន​ផ្ទៃដី​សរុប​ជាង ១១១​ហិកតារ គឺ​បាន​មក​រស់នៅ​លើ​ទីតាំង​នេះ​តាំង​ពី​ឆ្នាំ​១៩៩៣ ប៉ុន្តែ​កន្លង​មក​នេះ មាន​ក្រុមហ៊ុន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច និង​មន្ត្រី​មាន​អំណាច​មួយ​ចំនួន មាន​មហិច្ឆតា​ប៉ុនប៉ង​ឃុបឃិត​រំលោភ​យក៖ «ខ្ញុំ​អបអរ​សាទរ និង​សប្បាយ​រីករាយ ដែល​លោក​អភិបាល​ខេត្ត​ព្រះសីហនុ បង្គាប់​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ ត្រៀម​ចុះ​វាស់​ដី​បែង​ចែក​ប្លង់​ជូន​ពលរដ្ឋ​នៅ​សហគមន៍​សេ​អ៊ី​ប្រាំ ពេល​នេះ។ ប្រជាពលរដ្ឋ​រស់នៅ​សហគមន៍​សេ​អ៊ី​ប្រាំ ទាំង ១២៦​គ្រួសារ ក៏​សំណូមពរ​ដល់​អាជ្ញាធរ ត្រូវ​ចុះ​វាស់វែង​ដី​ជូន​ពួក​គាត់​ឲ្យ​បាន​រលូន និង​គ្មាន​ឧបសគ្គ​រារាំង»

ទាក់ទិន​បញ្ហា​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន មាន​ប្រសាសន៍​ថា លោក​នឹង​ខំ​ពន្លឿន​ឲ្យ​ក្រុម​ការងារ​ខេត្ត​នេះ ចុះ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ពលរដ្ឋ​នៅ​តាម​សហគមន៍​នានា​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​អនុវត្ត​ទៅ​បាន នា​ឆ្នាំ​២០១៦ នេះ។ លោក​បន្ត​ថា ទំនាស់​ដីធ្លី​ដែល​មិន​ស្ថិត​ក្នុង​នីតិវិធី​របស់​តុលាការ អាជ្ញាធរ​ខេត្ត​នឹង​ខំ​ពន្លឿន​ដោះស្រាយ​បញ្ចប់​ឲ្យ​បាន​ឆាប់​ទៅ​តាម​ពេលវេលា​ជាក់ស្តែង៖ «ខ្ញុំ​មក​ដឹក​នាំ​ធ្វើ​ជា​អភិបាល​ខេត្ត​ព្រះសីហនុ នេះ គឺ​សម្ដេច​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល និង​ថ្នាក់​ដឹក​នាំ​ក្រសួង​មហាផ្ទៃ បាន​ណែនាំ​ឲ្យ​មក​បម្រើ​ប្រជាពលរដ្ឋ ធ្វើ​យ៉ាង​ណា​ត្រូវ​ផ្តល់​ភាព​កក់ក្តៅ​ជូន​ពលរដ្ឋ​ឲ្យ​រស់នៅ​មាន​សេចក្តី​សុខ។ ដូច្នេះ ក្នុង​លទ្ធភាព​ការងារ​ដែល​ខ្ញុំ​អាច​អនុវត្ត ឬ​អាច​ដោះស្រាយ​ជូន​ពលរដ្ឋ​បាន គឺ​ត្រូវ​តែ​បម្រើ​ឲ្យ​ពលរដ្ឋ ឲ្យ​ការ​រស់នៅ​របស់​ពួក​គាត់ ទទួល​បាន​សេចក្តី​សុខសាន្ត»

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ បាន​ឲ្យ​ដឹង​ថា មូលដ្ឋាន​ខេត្ត​ទេសចរណ៍​មួយ​នេះ​មាន​ប្រជាពលរដ្ឋ​ជិត ២០​សហគមន៍ កើត​មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ និង​មាន​សហគមន៍​ខ្លះ​មាន​ទំនាស់​ដីធ្លី​អូស​បន្លាយ​ចន្លោះ​ពី ១០​ឆ្នាំ​ទៅ ១៥​ឆ្នាំ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​មិន​ទាន់​ចប់​ទេ។

យ៉ាង​នេះ​ក្តី លោក ប៊ួន ណារិទ្ធិ បង្ហាញ​ការ​គាំទ្រ​ចំពោះ​សកម្មភាព​របស់​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​នៅ​ពេល​នេះ ក្នុង​ការ​ដោះស្រាយ​ពី​ទុក្ខ​កង្វល់​រឿង​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ដែល​ក្រុមហ៊ុន និង​មន្ត្រី​មាន​អំណាច​រំលោភ​យក៖ «ក្នុង​នាម​ជា​មន្ត្រី​សង្គម​ស៊ីវិល ខ្ញុំ​ចង់​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ចុះ​ដោះស្រាយ​ទំនាស់​ដីធ្លី​ចប់​ឲ្យ​បាន​ឆាប់ ត្រឹម​ឆ្នាំ​២០១៦ នេះ ព្រោះ​វិវាទ​ដីធ្លី​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​នានា ត្រូវ​រង​ទុក្ខ​វេទនា និង​ជួប​ការ​លំបាក ដោយ​គ្មាន​ដី​បង្កបង្កើនផល និង​សង់​លំនៅឋាន​ជាដើម។ ខ្ញុំ​ចាត់​ទុក​សកម្មភាព​របស់​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ដែល​បាន​ជួយ​ពន្លឿន​សកម្មភាព​ចុះ​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ជូន​ពលរដ្ឋ​ពេល​នេះ ថា​ជា​គំរូ​ដ៏​ល្អ​សម្រាប់​អាជ្ញាធរ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ទំនាស់​ដីធ្លី ឬ​កង្វល់​ជូន​ពលរដ្ឋ និង​មាន​ការ​គាំទ្រ​ច្រើន»

មន្ត្រី​អង្គការ​លីកាដូ លោក ប៊ួន ណារិទ្ធិ បាន​ជំរុញ​ឲ្យ​ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ ត្រូវ​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​តាម​សហគមន៍​នានា ពិសេស​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន​វិនិយោគ ត្រូវ​អនុវត្ត​តាម​គោល​នយោបាយ​ស្បែក​ខ្លា ឬ​គោល​នយោបាយ​កាត់​ឆ្វៀល​ដី​ជាក់ស្តែង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បង្គាប់​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​អនុវត្ត​នោះ ទើប​ទំនាស់​អាច​ដោះស្រាយ​ចប់​បាន​ឆាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។