ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​បាន​ដាច់​ចិត្ត​ចង​.​ក​ធ្វើ​អត្តឃាត​ខ្លួនឯង​ដោយសារ​តែ​ខូចចិត្ត​រឿងស្រី​ដែល​ខ្លួន​ស្រលាញ់​បាន​រៀប​ការ​ចោល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦ និង​២៨​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៦ នៅ​រោង​ជាង​ក្រោយ​ផ្ទះ​បុរស​ម្នាក់​ស្ថិត​ក្នុងភូមិ​សង​ឃ្លាំង ឃុំ​តាំងក្រសាំង ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

លោក ជាតិ គឹ​ម​ឆុង អធិការរង​នគរបាល​ស្រុក​ស​ន្ទុ​កបាន​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​ឈ្មោះ ហឿ​ង ពុត អាយុ​២៦​ឆ្នាំ ជា​ជាង​ផ្សារ​ដែក រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ បាន​ចង​.​ក​ធ្វើ​អត្តឃាត​ខ្លួនឯង​នៅ​រោង​ជាង​ក្រោយ​ផ្ទះ​របស់​ឈ្មោះ សំឡូត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​ជន​រង​គ្រោះ ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ចង​.​ក​សម្លាប់​ខ្លួន​ដោយសារ​តែ​ខូចចិត្ត​រឿងស្រី​ដែល​ខ្លួន​ស្រលាញ់​រៀប​ការ​ចោល ដែល​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ផឹកស្រា​ជាមួយ​មិត្តភក្តិ​កាលពី​ល្ងាច​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៦ លុះ​ព្រឹក​ឡើង​ស្រាប់តែ​ប្រទះ​ឃើញ​ចង​.​ក​នឹង​ធ្នឹម​រោង​ជាង​ដែល​គេ​ជួល​​ឲ្យ​មក​ផ្សារ​ដែក​ស្លាប់​បាត់​ទៅ​ហើយ ។

លោក ជាតិ គឹ​ម​ឆុង បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​បាន​សន្និដ្ឋាន​ថា បុរស​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចង​.​ក​ធ្វើ​អត្តឃាត​ពិតប្រាកដ​មែន បន្ទាប់​មក​ក៏​ប្រគល់​សព​ជូន​គ្រួសារ​ជន​រង​គ្រោះ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕