ក្រុមការងារ​អន្តរក្រសួង ប្រជុំ​និយាយ​ពី​ការធ្វើ​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​

ភ្នំពេញ: ​ដូច​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦ ក្រុមការងារ​អន្តរក្រសួង ដែលមាន​សមាសភាព ១៩ រូប ដឹកនាំ​ដោយ​លោក តូច ចាន់​កុសល រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ជួបប្រជុំគ្នា ដើម្បី​ពិភាក្សា​ពី​ការធ្វើ​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។ កិច្ចប្រជុំ​នោះ នឹងត្រូវ​ធ្វើ​បន្តទៀត នៅពេល​ក្រោយ​។​

​យ៉ាងណាក៏ដោយ លទ្ធផល​នៃ​កិច្ចប្រជុំ​រវាង​ក្រុមការងារ​អន្តរក្រសួង លើកដំបូង កាលពី​ព្រឹក​ថ្ងៃទី​១២​មករា ដើម្បី​ពិភាក្សា​លើ​ការកែប្រែ​ច្បាប់​ចរាចរណ៍ មិនត្រូវ​បាន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​អ្នកនាំពាក្យ​ក្រុមការងារ​ចម្រុះ​នេះ ប្រាប់​ឲ្យ​ដឹង​នោះទេ​។​

​សូម​រម្លឹកថា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានចេញ​សេចក្តីសម្រេច បង្កើត​ក្រុមការងារ សម្រាប់​រៀបចំ​វិសោធនកម្ម​ច្បាប់ ស្តីពី ចរាចរណ៍​ផ្លូវគោក​។  

​ក្រុមការងារ​អន្តរក្រសួង សម្រាប់​រៀបចំ​វិសោធនកម្ម​ច្បាប់ ស្តីពី ចរាចរណ៍​ផ្លូវគោក ដែល​សម្តេច​សខេង សម្រេច​បង្កើត កាលពី​ថ្ងៃទី​១០ ខែមករា មាន​សមាសភាព ១៩ រូប ដោយមាន​លោក តូច ចាន់​កុសល រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជា​ប្រធាន​។ ក្នុងនោះ ក៏មាន​ការចូលរួម​ពី​តំណាង​ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក្រសួង​សេដ្ឋកិច្ច និង​ហិរញវត្ថុ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ប៉ូលិស​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​។​

​សេចក្តីសម្រេច​នោះ បាន​កំណត់ថា ក្រុមការងារ​នេះ មាន​ភារកិច្ច​រៀបចំ​វិសោធនកម្ម​លើ​បទ​ប្បញ្ញត្តិ​មួយចំនួន នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​ធានាឱ្យមាន​ស​ង្គ​ត់​ភាព ឆ្លើយតប​នឹង​ស្ថានភាព​ជាក់ស្តែង​នៃ​សេដ្ឋកិច្ច និង​សង្គម សម្រាប់​ដាក់​ឆ្លង​គណៈរដ្ឋមន្ត្រី ពិនិត្យ និង​សម្រេច ដើម្បី​បញ្ជូនទៅ​ស្ថាប័ន​នីតិប្បញ្ញត្តិ ពិនិត្យ និង​ផ្តល់​ការអនុម័ត​។​

​សូម​រម្លឹកថា ក្រុមការងារ ដែល​ទើប​បង្កើត​ថ្មី​នេះ ត្រូវ​ពិនិត្យ​កែប្រែ​មាត្រា​មួយចំនួន ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដែល​ទើបតែ​ដាក់​ឲ្យ​អនុវត្ត ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦​។ ក្នុងនោះ រួមមាន ការលុបចោល​នូវ​ប័ណ្ណបើកបរ​ម៉ូតូ កម្រិត ១២៥ CC ចុះក្រោម ជាដើម​៕​