សុវត្ថិភាព​កម្មករ​រោងចក្រ​កាត់ដេរ តាម​ដងផ្លូវ គួរតែ​ត្រូវ​គិតគូរ​!

ភ្នំពេញ: គ្រោះថ្នាក់​ចរាចរណ៍​រវាង​ឡាន​ដឹក​កម្មករ​រោងចក្រ​កាត់ដេរ ពីរ​គ្រឿង នៅក្នុង​ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​អង្គារ ទី​១២ ខែមករា ឆ្នាំ​២០១៦ បាន​បណ្តាល​ឲ្យ​កម្មករ​រោងចក្រ​យ៉ាងហោចណាស់ ៥ នាក់ ស្លាប់ និង ៦៨ នាក់​ផ្សេងទៀត រងរបួស​។

​កន្លងមក ក៏​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បណ្តាល​ឲ្យ​កម្មករ​រងរបួស និង​ស្លាប់​ច្រើន​នាក់ ផងដែរ​។ ប៉ុន្តែ​មកដល់ពេលនេះ ហេតុការណ៍​ដដែលៗ បាន​បន្ត​កើតឡើង​តាម​ដងផ្លូវ ផ្តាច់ជីវិត និង​បណ្តាល​ឲ្យ​កម្មករ​រោងចក្រ រងរបួស​។​

​កាលពី​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៥ ឡានក្រុង ដឹក​អ្នកដំណើរ​របស់​ប្រទេស​វៀតណាម ចូលមក​ភ្នំពេញ បាន​បុក​ជាមួយ​ឡាន​ដឹក​កម្មករ​រោងចក្រ នៅលើ​ផ្លូវជាតិ​លេខ​១ នៅ​ខេត្តស្វាយរៀង បាន​បណ្តាល​ឲ្យ​កម្មករ​កាត់ដេរ ស្លាប់ ១៧ នាក់ និង​របួសធ្ងន់​ស្រាល ២២ នាក់​ផ្សេងទៀត​។

​ចំណែក​កាលពី​ល្ងាច ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៥ មាន​ករណី​គ្រោះ​ថា្នក់​ចរាចរណ៍​មួយ បានកើត​ឡើង​រវាង​ឡាន​ដឹក​កម្មករ ២​គ្រឿង បណ្តាលឱ្យ​កម្មករ​ចំនួន ៨២​នាក់ រងរបួស ស្ថិតនៅ​ក្រុង​បាវិត ខេត្តស្វាយរៀង​។​

​រីឯ​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៥ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បានកើត​ឡើង បណ្តាលឱ្យ​កម្មករ​រងរបួស ១២​នាក់ និង​ស្លាប់​ម្នាក់​។ ហេតុការណ៍​នោះ បានកើត​ឡើង នៅ​ស្រុក​មុខកំពូល ខេត្តកណ្តាល​។  

​គ្រោះថ្នាក់​ចរាចរណ៍​ចុងក្រោយ​ទាំងអស់នេះ នាំ​ឲ្យ​សុវត្ថិភាព​របស់​កម្មក​រ​រោងចក្រ​កាត់ដេរ គួរតែ​ត្រូវបាន​គិតគូរ ខណៈដែល​ច្បាប់​ចរាចរណ៍​ផ្លូវគោក ទើបតែ​ដាក់​ឲ្យ​អនុវត្ត កាលពី​ថ្ងៃទី​១​មករា ឆ្នាំ​២០១៦​។​

​មាន​មូលហេតុ​ច្រើនយ៉ាង ដែល​នាំ​ដល់​សោកនាដកម្ម​លើ​ដងផ្លូវ បណ្តាល​ឲ្យ​ស្លាប់ និង​របួស​កម្មករ​កា​ត់​ដេរ​ជាច្រើន​នាក់​ដូច្នេះ​។ នោះ​គឺ ឡាន​ដឹក​កម្មករ ១​ឡានៗ បានដាក់​ញាត់​កម្មករ​ណែនៗ ពោលគឺ​ត្រឹមតែ​ឡាន​ទួរីស ១២ កៅអី ឬក៏​ឡាន​កូរ៉េ​កាំ​មី​ញ៉ុ​ង ១​តោន​កន្លះ ឬក៏​ឡាន​ចំណុះ ៣​តោន អត់​ដំបូល គឺ​ផ្ទុក​កម្មករ​ចាប់ពី​ជាង ៣០ នាក់ ឡើងទៅ ក្នុង​មួយ​ឡានៗ​។ ពោលគឺ​កម្មករ​រោងចក្រ ត្រូវ​ឈរ​ប្រជ្រៀត​គ្នា ដោយ​គ្មាន​កន្លែង​អង្គុយ​ត្រឹមត្រូវ​នោះទេ នៅលើ​ឡាន​ដឹក​កម្មករ​កាត់ដេរ​ទាំង​នោះ​។​

​ការផ្ទុក​កម្មករ​ច្រើន​លើស​ចំណុះ​ដូច្នេះ ក្រោម​ហេតុផល​ថា កម្មករ​ម្នាក់ៗ ត្រូវ​បង់ថ្លៃ​ត្រឹមតែ ៥​ដុល្លារ ឬក៏ ១០ ដុល្លារ ប៉ុណ្ណោះ ពី​ផ្ទះ ទៅ​រោងចក្រ និង​ពី​រោងចក្រ មក​ផ្ទះ​វិញ​។​

​ហេតុផល​មួយទៀត ឡាន​ដឹក​កម្មករ​ភាគច្រើន ជា​ឡាន​កែច្នៃ ហើយ​អ្នកបើកបរ​ឡាន​ដឹក​កម្មករ មួយចំនួន មិនចេះ​ច្បាប់​ចរាចរណ៍ និង​មិន​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ត្រឹមត្រូវ​ទេ ហើយ​អ្នកបើកបរ​មួយចំនួនទៀត ក៏​មិនបាន​រៀន​បើកបរ និង​មិនបាន​ប្រឡង​យក​ប័ណ្ណបើកបរ​តាមច្បាប់​ឡើយ​។​

​ជា​ដំណោះស្រាយ​ចំពោះមុខ​គ្រោះថ្នាក់​ចរាចរណ៍​លើ​កម្មករ​រោងចក្រ គឺ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សហការ​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានរៀបចំ​ប្រឡង និង​ផ្តល់​ប័ណ្ណបើកបរ ជូន​ដល់​អ្នកបើកបរ​ឡាន​ដឹក​កម្មករ ដែល​គ្មាន​ប័ណ្ណបើកបរ ដោយ​ធ្វើ​នៅតាម​បណ្តា​រោងចក្រ និង​តំបន់​សេដ្ឋកិច្ច​ពិសេស ជា​បន្តបន្ទាប់​។

​ក៏ប៉ុន្តែ​ដំណោះស្រាយ​នោះ មិនទាន់​គ្រប់គ្រាន់​ទេ​។ ដូច្នេះ ដើម្បី​បញ្ជៀ​ស​នូវ​សោកនាដកម្ម​គ្រោះថ្នាក់​ចរាចរណ៍ កុំ​ឲ្យ​កើត​ឡើងលើ​កម្មករ​រោងចក្រ​កាត់ដេរ​តទៅទៀត ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ត្រូវ​ធ្វើការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ថៅកែ​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ គួរតែ​សាងសង់​ផ្ទះ​សម្រាប់​កម្មករ​ស្នាក់នៅ​ជិត​រោងចក្រ ឬក៏​បរិវេណ​រោងចក្រ ឬក៏​រៀបចំ​ឡានក្រុង​ធំៗ​របស់​រោងចក្រ ដើម្បី​ដឹក​កម្មករ​។ បើ​មិន​អីចឹង​ទេ ក៏​គួរតែ​កំណត់​ឲ្យ​ឡាន​ដឹក​កម្មករ ដែលជា​ឡាន​ឈ្នួល​ឯកជន​ដាក់​ខែ​នោះ ផ្ទុក​កម្មករ​កំណត់​ហួស​ចំណុះ ហើយ​រោងចក្រ​កាត់ដេរ គួរតែ​ផ្តល់​ថវិកា​ថ្លៃ​ជួល​ឡាន ឬក៏​ជួយ​ចេញ​លុយ ដើម្បី​កុំ​ឲ្យ​ម្ចាស់​ឡាន​ឈ្នួល តម្លៃ​ថ្លៃ នៅពេល​កាត់បន្ថយ​កម្មករ​ជិះឡាន​របស់​ពួកគេ​។​

​កត្តា​សំខាន់​មួយទៀត អ្នកបើកបរ​ឡាន​ដឹក​កម្មករ ចាំបាច់​ត្រូវតែ​ចេះ​ច្បាប់​ចរាចរណ៍ និង​បើកបរ​ដោយ​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ត្រឹមត្រូវ​បំផុត​។ បើ​ធ្វើដូច្នេះបាន​មែន នោះ​ឈាម​កម្មករ​រោងចក្រ នឹង​លែង​ហូ​រលើ​ដងផ្លូវ​ទៀតហើយ ព្រោះថា កម្មករ​រោងចក្រ ត្រូវ​បង្ហូរញើស ដើម្បី​ទទួលបាន​ប្រាក់ខែ ក្នុង​រោងចក្រ ហើយ​ពេលខ្លះ ក្នុង​រោងចក្រ​កាត់ដេរ​ខ្លះ ក៏​កម្មករ ត្រូវ​ប្រឈម​នឹង​លក្ខខណ្ឌ​ការងារ និង​ឈឺ​សន្លប់​ក៏មាន​៕​

សុវត្ថិភាព​កម្មករ​រោងចក្រ​កាត់ដេរ តាម​ដងផ្លូវ គួរតែ​ត្រូវ​គិតគូរ​!
គ្រោះ​ថ្នាក់​​ចរាចរណ៍​​​រវាង​​ឡាន​​ដឹក​​កម្មករ​​ពីរ​គ្រឿង នៅព្រឹកថ្ងៃទី១២មករា បណ្តាលឲ្យកម្មករស្លាប់ ៥ នាក់ និងរបួស ៦៨ នាក់ នៅខេត្តកំពង់ស្ពឺ