រាជរដ្ឋាភិបាល ស្នើប៉ូលីសចរាចរណ៍ ជួយសម្រួលរថយន្ត ល្ខោនយីកេឲ្យ ទៅដល់គោលដៅ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅព្រលប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ បានស្នើឲ្យប៉ូលីសចរាចរណ៍ នៅទូទាំងប្រទេស ត្រូវជួយសម្រួលចរាចរណ៍ ឲ្យរថយន្តដឹកសំភារៈរបស់ ក្រុមល្ខោនយីកេឲ្យ ទៅដល់គោលដៅ។

ការថ្លែងរបស់សម្តេចបែបនេះ ក្រោយពីសម្តេចបានទទួលព័ត៌មាន ពីរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថា ក្រោយពីការដាក់ឲ្យអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីមក ក្រុមយក្សល្ខោន លំបាកក្នុងការធ្វើ ដំណើរទៅវិញទៅមក។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងពិធី ប្រគល់រង្វាន់មរតកវប្បធម៌ខ្មែរ ពានរង្វាន់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជំនាន់ទី៧ ឆ្នាំ២០១៥ នាមហាសន្និបាតកោះពេជ្រថា “ពេលអនុវត្តច្បាប់ចរាចរណ៍ថ្មី ធ្វើឲ្យយក្សពិបាកក្នុងការដំណើរ។ ចឹងប៉ូលីសចរាចរណ៍យោគយល់ ជួយសម្រួលក្នុងការដំណើរ របស់ក្រុមល្ខោន និងយីកេអីផ្សេងទៀតផង”។

សម្តេចបន្តថា ដូច្នេះប៉ូលីស ត្រូវធ្វើយ៉ាងណាជួយ សម្រួលក្រុមសិល្បៈល្ខោន យីកេទឲ្យពួកគេបានទៅដល់ គោលដៅដោយសុវត្ថិភាព ទាន់ពេលវេលា ដោយសាររដូវនេះជារដូវបុណ្យទានច្រើន ដែលម្ចាស់បុណ្យភាគច្រើន ជួលពួកគាត់ទៅសម្តែង ដើម្បីទស្សនាកំសាន្ត។

សម្តេចបន្ថែមថា កាលពីសម័យមុន (ប៉ុលពត) មិនអនុញ្ញាតឲ្យមានក្រុមសិល្បៈ កំសាន្តអ្វីនោះទេ ប៉ុន្តែសម័យសម្តេចតេជោ បើកទូលាយគ្រប់យ៉ាងឲ្យ មានសិល្បៈគ្រប់ជាតិសាសន៍ចម្រុះគ្នា៕

រាជរដ្ឋាភិបាល ស្នើប៉ូលីសចរាចរណ៍ ជួយសម្រួលរថយន្ត ល្ខោនយីកេឲ្យ ទៅដល់គោលដៅ