“កម្ពុជា​គួរ​មាន​ទុន​ជាង​៥០០​លាន​ដុល្លារ​ដើម្បី​សម្រេច​គោលដៅ​នាំ​អង្ករ​ចេញ”

ក្រុមហ៊ុន​នាំ​អង្ករ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​រំពឹង​ថា កម្ពុជា​នឹង​សម្រេច​គោលដៅ​របស់​ខ្លួន​ក្នុង​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ឱ្យ​បាន ១​លាន​តោន​ក្នុង​មួយ​ឆ្នាំ។ ការ​រំពឹង​នេះ នៅ​ក្រោយ​ពី​កម្ពុជា បរាជ័យ​ក្នុង​ការ​នាំ​អង្ក​ចេញ​ឲ្យ​បាន ១​លាន​តោន​នៅ​ឆ្នាំ​២០១៥។ ទន្ទឹម​នឹង​នេះ ម្ចាស់​ក្រុមហ៊ុន​ទាំង​នោះ​បាន​ព្រមាន​ថា កម្ពុជា​ត្រូវ​ពឹង​ផ្អែក​លើ​ទុន​ប្រមាណ​ជាង ៥០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ជា​រឿង​សំខាន់ ដើម្បី​ឲ្យ​ខ្សែ​សង្វាក់​ផលិតកម្ម និង​ពាណិជ្ជកម្ម​ទទួល​បាន​ជោគជ័យ​ក្នុង​គោលដៅ​នេះ។

ម្ចាស់​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ អះអាង​ថា ប្រសិនបើ​មាន​កញ្ចប់​ទុន​ប្រមាណ​ជាង ៥០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ថែម​ទៀត នឹង​អាច​ជួយ​សង្គ្រោះ​វិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា ពិសេស​នឹង​ឈាន​ទៅ​សម្រេច​ផែនការ​នាំ​ចេញ​អង្ករ​ឲ្យ​បាន ១​លាន​តោន​ក្នុង​ឆ្នាំ​២០១៦។

ការ​លើក​ឡើង​របស់​ម្ចាស់​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​នៅ​ពេល​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​លើក​ទី​២ ស្ដីពី​វេទិកា​ស្រូវ​អង្ករ​កម្ពុជា លើក​ទី​៥ ដែល​រៀបចំ​ដោយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នៅ​ថ្ងៃ​ទី​១២ ខែ​មករា។
​តំណាង​ក្រុមហ៊ុន អិល.ប៊ី.អិន (LBN) អង្ករ​កម្ពុជា លោក តាំង ឈុងងី ដែល​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែរ​នោះ មាន​ប្រសាសន៍​ថា កន្លង​មក​កម្ពុជា មាន​បញ្ហា​ប្រឈម​ច្រើន​នៅ​ក្នុង​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ចាប់​ពី​ដំណើរការ​ផលិតកម្ម​រហូត​ដល់​ការ​នាំ​ចេញ។ លោក​ថា កម្ពុជា​ចាំបាច់​ត្រូវតែ​មាន​កញ្ចប់​ទុន​ជាង ៥០០​លាន​ដុល្លារ​នេះ ដើម្បី​ទិញ​ស្រូវ​ពី​កសិករ​ស្តុក​ទុក និង​សាងសង់​ឡ​សម្ងួត​ឲ្យ​មាន​លក្ខណៈ​ស្តង់ដារ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​ច្រើន​ទៀត៖ «»។

​តំណាង​ក្រុមហ៊ុន អិល.ប៊ី.អិន អង្ករ​កម្ពុជា រូប​នេះ ជឿ​ជាក់​ថា កម្ពុជា​នឹង​សម្រេច​គោលដៅ​របស់​ខ្លួន​ក្នុង​ការ​នាំ​អង្ករ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ឱ្យ​បាន ១​លាន​តោន​ក្នុង​មួយ​ឆ្នាំ​សម្រាប់ ៥​ឆ្នាំ​ទៅ​មុខ​ទៀត បើ​កម្ពុជា មាន​ទុន​គ្រប់​នឹង​ការ​ប្ដេជ្ញា​ចិត្ត និង​ឆន្ទៈ​រួម​គ្នា​ពី​ដៃគូ​ពាក់ព័ន្ធ៖ «»។

​ទន្ទឹម​គ្នា​នេះ តំណាង​ក្រុមហ៊ុន​នាំ​អង្ករ​ចេញ 1688 ប្រចាំ​ខេត្ត​កំពង់ធំ អ្នកស្រី អៀ ចាន់សោភ័ណ្ឌ ឲ្យ​ដឹង​ថា កន្លង​មក​កង្វះ​ទុន​ជា​ឧបសគ្គ​របស់​ក្រុមហ៊ុន​អ្នកស្រី ព្រោះ​នៅ​ពេល​ដែល​កសិករ​ផលិត​បាន​ស្រូវ តែ​ក្រុមហ៊ុន​មិន​មាន​ទុន​គ្រប់គ្រាន់​ដើម្បី​ទិញ​ស្រូវ​ពី​កសិករ​ដើម្បី​ស្តុក​ទុក។ ហេតុ​នេះ​ប្រជា​កសិករ​ត្រូវ​បង្ខំ​ចិត្ត​លក់​ស្រូវ​ក្នុង​តម្លៃ​ថោក។ អ្នកស្រី​ស្នើ​ឲ្យ​រដ្ឋាភិបាល​គួរ​មាន​កញ្ចប់​ទុន ដើម្បី​ដោះស្រាយ​បញ្ហា​នេះ៖ «»។

​ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក សុខ ពុទ្ធិវុធ មាន​ប្រសាសន៍​ថា ទុន​ជាង ៥០០​លាន​ដុល្លារ ដែល​ខាង​ក្រុមហ៊ុន​នាំ​អង្ករ​ចេញ​លើក​ឡើង មិន​មែន​ជា​តួលេខ​ច្បាស់​នៅ​ឡើយ វា​គ្រាន់តែ​ជា​ការ​ប្រមើល​មើល​ប៉ុណ្ណោះ។ លោក​មិន​ទាន់​អាច​បញ្ជាក់​ច្បាស់ ថា​តើ​ទុន​ប៉ុន្មាន​ដែល​កម្ពុជា គួរ​ត្រៀម​សម្រាប់​វិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា នោះ​ទេ ព្រោះ​ត្រូវ​ការ​ពេល​វេលា​ច្រើន​ដើម្បី​ពិភាក្សា​ពី​ភាគី​ពាក់ព័ន្ធ។ ប៉ុន្តែ​លោក​អះអាង​ថា សហព័ន្ធ​ស្រូវ​អង្ករ​នឹង​ផ្តោត​លើ​ការងារ​ធំៗ ៣​សំខាន់ៗ គឺ​ដោះស្រាយ​ពូជ​ស្រូវ ពាក់ព័ន្ធ​ហិរញ្ញវត្ថុ​សម្រាប់​ធ្វើ​ឃ្លាំង​ស្តុក​ស្រូវ និង​បញ្ហា​ទីផ្សារ៖ «»។

របាយការណ៍​របស់​លេខាធិការដ្ឋាន​ច្រក​ចេញ​ចូល​តែមួយ​សម្រាប់​បំពេញ​បែបបទ​នាំ​ចេញ​អង្ករ​បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៥ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ចំនួន​ជាង ៥៣​ម៉ឺន​តោន (៥៣៨.៣៩៦) កើន​ឡើង​ចំនួន ៣៩​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៤ ដែល​មាន​ត្រឹមតែ​ជាង ៣០​ម៉ឺន​តោន (៣៨៧.០៦១) ប៉ុណ្ណោះ។ បរិមាណ​នេះ នៅ​មាន​គម្លាត​ឆ្ងាយ​នៅ​ឡើយ ពី​ទិសដៅ​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ផែនការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ១​លាន​តោន​កាល​ពី​ឆ្នាំ​២០១៥ មិន​បាន​សម្រេច​នោះ។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា អះអាង​ថា នឹង​លើក​យក​បញ្ហា​ប្រឈម​ដែល​ម្ចាស់​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​បាន​លើក​ឡើង​នេះ នឹង​ដាក់​បញ្ចូល​នៅ​ក្នុង​វេទិកា​ស្រូវ​អង្ករ​កម្ពុជា លើក​ទី​៥ នៅ​ចុង​ខែ​មករា ឆ្នាំ​២០១៦ ខាង​មុខ ជាមួយ​គ្រប់​បណ្ដា​អ្នក​ពាក់ព័ន្ធ ដែល​ក្នុង​នោះ​មាន​ទាំង​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ ក្រុមហ៊ុន​នាំ​ចេញ​អង្ករ សហគមន៍​កសិករ ក្រុមហ៊ុន​ដឹក​ជញ្ជូន តំណាង​អង្គការ​ក្រសួង​ពាក់ព័ន្ធ និង​តំណាង​ដៃគូ​អន្តរជាតិ ដើម្បី​ពិភាក្សា​ដាក់​យុទ្ធសាស្ត្រ​រួម​គ្នា ព្រម​ទាំង​ដោះស្រាយ​បញ្ហា​ប្រឈម​សំខាន់ៗ​ក្នុង​វិស័យ​ស្រូវ​អង្ករ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។