គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​បង្កើត​ក្រុម​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក បាន​បង្កើត​ក្រុម​ការងារ​ដើម្បី​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក​ថ្មី និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍។

សេចក្ដី​សម្រេច​ស្ដីពី​ការ​បង្កើត​ក្រុម​ការងារ​វេទិកា​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក​ថ្មី ចុះ​ហត្ថលេខា​ដោយ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក នៅ​ថ្ងៃ​ទី​១០ មករា បាន​បង្ហាញ​ថា ក្រុម​ការងារ​អន្តរ​ក្រសួង ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​នេះ មាន​ក្រសួង​ព័ត៌មាន ក្រសួង​យុត្តិធម៌ អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន ស្នងការដ្ឋាន​នគរបាល​ជាតិ និង​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ ជាដើម។

ប្រការ​២ នៃ​សេចក្ដី​សម្រេច​ថា ក្រុម​ការងារ​ត្រូវ​បង្កើន​យុទ្ធនាការ​ផ្សព្វផ្សាយ និង​បង្រៀន​ច្បាប់​ស្ដីពី​ចរាចរណ៍​ឲ្យ​ទូលំទូលាយ តាម​រយៈ​វិទ្យុ ទូរទស្សន៍ និង​ផ្ទាំង​ប៉ាណូ​រូបភាព​តាម​ទី​សាធារណៈ ដើម្បី​បង្កើន​ការ​យល់​ដឹង​ពី​ច្បាប់ និង​លើក​កម្ពស់​សុវត្ថិភាព​ចរាចរណ៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។