ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ ៖ អាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​ករណី​ឆក់​ទូរស័ព្ទ​ជនបរទេស​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​លេខ​៦៣ កែង​ផ្លូវ​លេខ​១៣៦ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ ។

សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់​ឃាត់ខ្លួន​មាន ១-​ឈ្មោះ លី កឹ​ម​សាន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ ជា​អ្នក​ឆក់ និង ២-​ឈ្មោះ សៅ សុខុម ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ ជា​អ្នក​បើក​ម៉ូតូ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ខណៈ​ពេល​ចាប់​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1L-8466 ​និង​ទូរស័ព្ទ​ដៃ​ម៉ាក iPhone 6 ពណ៌​ខ្មៅ ១​​គ្រឿង​ ជា​របស់​ជន​រង​គ្រោះ​ឈ្មោះ ALICE UNWIN AUSTIN ភេទ​ស្រី អាយុ​២១​ឆ្នាំ ជនជាតិ​អូស្ត្រាលី ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​កំពុង​ឈរ​ចុច​ទូរស័ព្ទ​នៅ​ចំណុច​ផ្លូវ​លេខ​១៥៤ កែង​ផ្លូវ​លេខ​៦៣ ស្រាប់តែ​ជនសង្ស័យ​២​នាក់​ខាងលើ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​មក​ក្បែរ​ហើយ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​១​គ្រឿង​ម៉ាក iPhone 6 ពណ៌​ខ្មៅ ។ ក្រោយ​ពី​ឆក់​បាន​សម្រេច​ហើយ​ជនសង្ស័យ​បាន​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន​តាម​បណ្តោយ​ផ្លូវ​លេខ​១៩ ​ពី​ជើង​ទៅ​ត្បូង រីឯ​ជន​រង​គ្រោះ​បាន​ស្រែក​ឆោឡោ​ឲ្យ​គេ​ជួយ ភ្លាម​នោះ​សមត្ថកិច្ច​ដែល​កំពុង​ល្បាត​ក្បែរ​នោះ​ឃើញ​ក៏​បាន​ចុះ​អន្តរាគមន៍​ដេញ​ប្រផាប់​ចាប់​ប្រ​ភីង​រហូត​ដល់​ចំណុច​ផ្លូវ​លេខ​១៣៦ កែង​ផ្លូវ​លេខ​៦៣ ជនសង្ស័យ​ក៏​បាន​ផ្តួល​ម៉ូតូ​ចោល ហើយ​បាន​ព្យាយាម​រត់គេច​ខ្លួន​ចូល​ក្នុង​ផ្សារ​ថ្មី ហើយ​ជនសង្ស័យ​ឈ្មោះ លី កឹ​ម​សាន បាន​បោះ​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​ចូល​ក្នុង​តូប​លក់​ឥ​វ៉ា​ន់​ក្បែរ​នោះ បន្ទាប់​មក​សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​បាន​ទាំង​២​នាក់​តែ​ម្តង ។

ក្រោយ​ពេល​ឃាត់ខ្លួន​បាន ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ចំណែក​ទូរស័ព្ទ​បាន​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ ៕