១២ ថ្ងៃ ប៉ូលិស​រកឃើញ​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍ ជាង ៣៣ ម៉ឺន​គ្រឿង ក្នុងនោះ ពិន័យ​ជាង ៣៧ ពាន់​គ្រឿង​

ភ្នំពេញ: ​ប៉ូលិស​ចរាចរណ៍ បាន​ត្រួតពិនិត្យ​លើ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១២​មករា ឆ្នាំ​២០១៦ ដោយ​ត្រួតពិនិត្យ​លើ​យានយន្ត​សរុប ចំនួន ៣៣៦.៤១៧ គ្រឿង ដែល​ក្នុងនោះ យានយន្ត​ល្មើសច្បាប់​មាន​ចំនួន ៧៧.៩១៧ គ្រឿង ហើយ​ប៉ូលិស​បាន​អប់រំ​ណែនាំ​នៅនឹងកន្លែង​ចំនួន ៤០.៦៥០ គ្រឿង និង​ផាកពិន័យ​ចំនួន ៣៧.២៦០ គ្រឿង​។ នេះ​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ទី ឡុង អនុប្រធាននាយកដ្ឋាន នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​។​

​លោក ទី ឡុង បាន​បន្តថា ក្នុង​រយៈពេល ១២ ថ្ងៃ​មកនេះ ក៏មាន​យានយន្ត​សរុប​ចំនួន ១៦.៨៩៣ គ្រឿង ក្នុងនោះ មាន​ឡាន ៥៤៣ គ្រឿង បាន​ចូលទៅ​ធ្វើ​ស្លាក​លេខ​។ ចំណែក​យានយន្ត ដែល​បាន​ចូលទៅ​បង់​ពន្ធគយ មាន​ចំនួន ៩៧៨ គ្រឿង ដោយ​ក្នុងនោះ មាន​ឡាន ១៣ គ្រឿង​។​

​ចំណែក​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ថ្ងៃទី​១២​មករា ឆ្នាំ​២០១៦ ក៏ត្រូវ​បាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទី ឡុង បញ្ជាក់ថា នៅ​ទូទាំងប្រទេស កើតឡើង ១០ លើក ស្លាប់ ១១ នាក់ និង​របួស ៨០ នាក់ ( របួសធ្ងន់ ២១ នាក់ និង​របួសស្រាល ៥៩ នាក់ )​។ ក្នុងនោះ ករណី​នៅ​ខេត្តកំពង់ស្ពឺ រវាង​ឡាន​ដឹក​កម្មករ គឺមាន​អ្នករងគ្រោះ​សរុប ៧១ នាក់ ដោយ​ក្នុងនោះ មាន​អ្នកស្លាប់ ៤ នាក់​៕​