ក្នុង​ឆ្នាំ​២០១៥ មាន​អ្នកស្លាប់​ចំនួន​៨៦​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ខេត្តស្វាយរៀង​

ស្វាយរៀង:  គ្រោះថ្នាក់​ចរាចរ​នៅតែ​ជា​បញ្ហា​ប្រឈម​ដ៏​សំខាន់ របស់​ប្រទេស​កម្ពុជា បើទោះបី​កម្ពុជា មានច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ចាស់ ចាប់តាំងពី​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០០៧ និង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​បានដាក់​ឲ្យ​ប្រើប្រាស់​ពីថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៦ ហើយក៏​ដោយ ក៏​គ្រោះថ្នាក់​ចរាចរ​នៅតែ​បន្ត​កើតមាន​ជា​ហូរហែរ ជា​រៀងរាល់ថ្ងៃ ដែល​បាន​បន្សល់ទុក​នូវ​ជន​រងគ្រោះ គ្រួសារ​ជនរងគ្រោះ អ្នក​ពិការភាព កុមារកំព្រា ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រាប់មិនអស់​ដែរ​។

​បើតាម​ការបញ្ជាក់​ពី​លោក​វរសេនីយ៍ទោ អ៊ុច សារ៉ន នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​អធិការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា ៖ នៅក្នុង​ឆ្នាំ​២០១៥ កន្លងទៅ​នៅ​ទូទាំង​ខេត្តស្វាយរៀង បានកើត​ឡើង​គ្រោះថ្នាក់​ចរាចរ​ចំនួន ១៤៥ លើក​។ ចំនួន​នេះ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៤ មានការ​ថយចុះ​២៦​លើក ប៉ុន្តែ​ចំនួន​អ្នកស្លាប់​មាន​ចំនួន​ច្រើនជាង​ឆ្នាំ​២០១៤ ចំនួន​អ្នក​ស្លាប់មាន​៨៦​នាក់ ស្រី​២៦​នាក់ លើ​៧២​នាក់ អ្នករងរបួស​ធ្ងន់​មាន​ចំនួន​១៥១​នាក់ ថយចុះ​ជាង​ឆ្នាំ​២០១៤ ចំនួន​៤៦​នាក់ រងរបួស​ស្រាល​២១២​នាក់ ថយចុះ​១០​នាក់​។ ខូចខាត​រថយន្ត​ធំ​ចំនួន​២០​គ្រឿង រថយន្ត​តូច​៣៤​គ្រឿង គោយន្ត​៥​គ្រឿង ម៉ូតូ​ចំនួន​១៦៨​គ្រឿង និង​យានយន្ត​ផ្សេងៗ​ទៀត​។ ស្ថានភាព​គ្រោះថ្នាក់​ចរាច​រ​ដែល​កើតមានឡើង​នៅ​ឆ្នាំ​២០១៥​កន្លងទៅនេះ ដោយសារតែ​អ្នកបើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍​ដូចជា បើកបរ​ក្នុង​ល្បឿន​លឿន បើកបរ​ក្នុងស្ថានភាព​ស្រវឹង បត់​ឆ្វេង​មិន​មើល​ក្រោយ បើកបរ​ជែង​គ្នា​ក្នុងស្ថានភាព​គ្រោះថ្នាក់​ជាដើម ហើយ​ក្នុងស្រុក​ក្រុង​ដែលមាន​គ្រោះថ្នាក់​ចរាចរ​ច្រើនជាងគេ គឺ​ក្រុង​បាវិត កើតឡើង​ចំនួន​៤៤​លើក និង​ក្រុង​ស្វាយរៀង​២៣​លើក ។​

​លោកនាយ​ការិយាល័យ បានបញ្ជាក់​បន្ថែម​ឲ្យ​ដឹង​ទៀត​ពី​ស្ថានភាព​ទូទៅ នៃ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦​នេះ បាន​កើតឡើង​តែមួយ​ករណី​នៅ​ស្រុក​រមាសហែក​ប៉ុណ្ណោះ ហើយ​ប្រជាពលរដ្ឋ​បាន​ចូលរួម​អនុវត្ត​ច្បាប់​ចរាចរណ៍​បាន​ប្រមាណ ៩០% ហើយ ប៉ុន្តែ​បញ្ហា​ប្រឈម​ធំជាងគេ​នោះ គឺ​ខេត្ត​ស្វ​យ​រៀង​មាន​ម៉ូតូ​អត់​ពន្ធ​ច្រើន បើតាម​ការ​ជំរឿន​តាំងពី​ឆ្នាំ​២០០៩ ម៉ូតូ​អត់​ពន្ធ​ក្នុង​ខេត្តស្វាយរៀង​មាន​ចំនួន ២៩៣.៤០ គ្រឿង ហើយ​រហូតមកដល់​ឆ្នាំ​២០១៥ ម៉ូតូ​អត់​ពន្ធ​នាំចូល​ក្នុង​ខេត្តស្វាយរៀង អាចមាន​ចំនួន​ច្រើនជាង​នេះ​។ ម៉ូតូ​ទាំងនោះ មិនអាច​ធ្វើ​ស្លាក​លេខ​បានទេ តម្រូវ​ឲ្យ​ម្ចាស់​ម៉ូតូ​ត្រូវ​បង់​ពន្ធគយ ដែលមាន​តម្លៃ​ខ្ពស់​។

​បើតាម​ប្រជាពលរដ្ឋ ដែលជា​ម្ចាស់​ម៉ូតូ​អត់​ពន្ធ ពួកគាត់​ទិញ​ម៉ូតូ​មួយ​ក្នុងតម្លៃ ២៥០ ដុល្លារ ទៅ ២៧០ ដុល្លារ ប៉ុន្តែ​ឥឡូវ​ត្រូវ​បង់ពន្ធ​ពី ៣០០ ដុល្លារ​ទៅ ៤៥០ ដុល្លារ តាម​ស៊េរី​ឆ្នាំ​។ ពួកគាត់​បាន​សំណូមពរ​ទៅ​រាជរដ្ឋាភិបាល ជួយ​បញ្ចុះតម្លៃ​បង់ពន្ធ​ម៉ូតូ​អត់​ពន្ធ​បន្តិច ដើម្បី​ឲ្យ​ពួកគាត់​មានលទ្ធភាព​បង់ពន្ធ និង​បានធ្វើ​ស្លាក​លេខ​ឲ្យ​បាន​ស្របច្បាប់​ផង​៕

ក្នុង​ឆ្នាំ​២០១៥ មាន​អ្នកស្លាប់​ចំនួន​៨៦​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ខេត្តស្វាយរៀង​

ក្នុង​ឆ្នាំ​២០១៥ មាន​អ្នកស្លាប់​ចំនួន​៨៦​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ខេត្តស្វាយរៀង​

ក្នុង​ឆ្នាំ​២០១៥ មាន​អ្នកស្លាប់​ចំនួន​៨៦​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ខេត្តស្វាយរៀង​