ជនសង្ស័យ​ម្នាក់ ត្រូវ​កងរាជអាវុធហត្ថ​ចាប់ខ្លួន ចោទ​ពីបទ ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​

សៀមរាប: នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​បាន​កសាង​សំណុំរឿង​ជនសង្ស័យ​ឈ្មោះ សួន លីន​ដា ហៅ ពា​វ បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប​ចោទប្រកាន់​ពីបទ ទី​១.​បទ​កាន់កាប់ និង​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត និង​ទី​២. បទ​ប្រើប្រាស់​ដោយ​គ្មាន​សិទ្ធិ​នូវ​យានយន្ត ដែលមាន​សញ្ញា​សំគាល់​ប្រើប្រាស់​ដោយ​នគរបាល ឬ​យោធា​។​

​យុវជន​ម្នាក់​ត្រូវបាន​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្តសៀមរាប ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ផ្ទះសំណាក់​ចំការ​ត្នោត ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។ ជននេះ​ត្រូវ បាន​ចោទប្រកាន់​ពីបទ​កាន់កាប់ និង​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត និង​បទ​ប្រើប្រាស់​ដោយ​គ្មាន​សិទ្ធិ​នូវ​យានយន្ត ដែលមាន​សញ្ញា​សំគាល់​ប្រើប្រាស់​ដោយ​នគរបាល ឬ​យោធា​។
​    ​
​ជន​ខាងលើ​មានឈ្មោះ សួន លីន​ដា ហៅ ពា​វ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប​។
​    ​
​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​បញ្ជាក់ថា ជនសង្ស័យ​ខាងលើ​ត្រូវបាន​សមត្ថ កិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ករណី​មួយ ហើយក៏​ប្រទះឃើញ​ជនសង្ស័យ និង​ធ្វើការ​ឃាត់ខ្លួន យក​សាកសួរ ព្រោះថា​ជន​នោះបាន​ប្រើប្រាស់​នូវ​អាវុធ (​ដាវ​) និង​ម៉ូតូ​មួយគ្រឿង​ពាក់​ស្លាក​លេខ កងយោធពល​ខេមរភូមិន្ទ​ក្លែងក្លាយ​។​
​    ​
​សមត្ថកិច្ច​ដដែល​បាន​បញ្ជាក់ថា វត្ថុតាង​ដែលជា​បទល្មើស​នោះ​គឺ ដាវ ដង​ឈើ​ចំនួន​មួយ ប្រ វែង​០,៨០​ម៉ែត្រ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ តួលេខ​ម៉ាស៊ីន ៨៧៧២២០៥ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​០២ ១-៦៦៦៦​។

​ស្លាក​លេខ​ខេមរភូមិន្ទ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​អះអាងថា ជា​ស្លាក​លេខ​ក្លែងក្លាយ​៕

ជនសង្ស័យ​ម្នាក់ ត្រូវ​កងរាជអាវុធហត្ថ​ចាប់ខ្លួន ចោទ​ពីបទ ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​