ការ​ផ្ទុះ​មួយ​សម្លាប់​មនុស្ស​អស់​១០នាក់​នៅ​ទីលាន​ប្រវត្តិសាស្ត្រ​មួយ​នៅ​តួកគី

ការ​ផ្ទុះ​មួយ​សម្លាប់​មនុស្ស​អស់​១០នាក់​នៅ​ទីលាន​ប្រវត្តិសាស្ត្រ​មួយ​នៅ​តួកគី

ក្រុមប៉ូលិស​កំពុង​ឆែឆេរ​ទីកន្លែង​ប្រវត្តិសាស្ត្រ​មួយ​នៅ​ក្នុង​ស្រុក Sultanahmet ក្រោយ​ពី​មាន​ការ​ផ្ទុះ​មួយ​​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុលកាលពីថ្ងៃទី១២ ខែមការ ឆ្នាំ២០១៦។

អភិបាល​ក្រុង​អ៊ីស្តង់ប៊ុល​ (Istanbul) នៅ​ប្រទេស​តួកគី​និយាយ​ថា ការ​ផ្ទុះ​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ​ក្នុង​ខណ្ឌ​ Sultanahmet ​ដែល​មាន​វ័យ​ចំណាស់​ក្នុង​ទីក្រុង​នេះ បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​១០នាក់ និង​ធ្វើ​ឲ្យ​របួស​១៥នាក់​ទៀត។

សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ត្រូ​វ​បាន​ផ្សព្វផ្សាយ​តាម​វិបសាយ ​ឬ​ទំព័រ​អ៊ីនធឺណិត​របស់​សាលាក្រុង​នោះ​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​កំពុង​ស៊ើប​អង្កេត​ទៅលើ​ប្រភេទ​នៃ​ការ​ផ្ទុះ មូលហេតុ​និង​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ផ្ទុះ​នោះ។

សាក្សី​ឃើញ​ហេតុ​ការណ៍​ផ្ទាល់​បាន​ពណ៌នា​ការ​ផ្ទុះ​នោះថា​ មាន​សំឡេង​យ៉ាង​ខ្លាំង ហើយ​វា​ធ្វើ​ឲ្យ​រង្គើ​ដី​ថែម​ទៀត​ផង។

ខណ្ឌ Sultanahmet គឺ​ជា​តំបន់​ទេសចរណ៍​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ទីក្រង​អ៊ីស្តង់ប៊ុល​ ដែល​មានទីកន្លែង​ដ៏​ទាក់​ទាញ​មួយ​ចំនួន​ដូចជា​ព្រះវិហារ​ឥស្លាម​ខៀវ (Blue Mosque) និង​សារមន្ទីរ ​Haga Sophia​ ជាដើម។

នាយករដ្ឋមន្ត្រី​តួកគី​បាន​កោះ​កិច្ច​ប្រជុំ​សន្តិសុខ​បន្ទាន់​មួយ ក្រោយ​ពី​មាន​ការ​ផ្ទុះ​នោះ។

ប្រទេស​តួកគី​បាន​ស្ថិត​ក្នុង​ស្ថានភាព​ប្រុង​ប្រយ័ត្ន​ខ្លួន​សម្រាប់​ការ​វាយប្រហារ​បន្ថែម​ទៀត ចាប់​តាំង​ពី​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ផ្ទួនៗ​គ្នា​កាល​ពី​ខែ​តុលា ដែល​បាន​សម្លាប់​មនុស្ស​អស់​ជាង​១០០នាក់ នៅ​ក្នុង​ពិធី​ជួបជុំគ្នា​មួយ​របស់សកម្មជន​សន្តិភាព នៅ​ខាង​ក្រៅ​ស្ថានីយ៍​រថភ្លើង​មួយ​កន្លែង​ក្នុង​រដ្ឋ​ធានី​អង់ការ៉ា (Ankara) នៃ​ប្រទេស​តួកគី​នោះ៕