លោក ពូទីន ស្តី​បន្ទោស​«អ្នក​បះបោរ» ចំពោះ​ការ​ស្លាប់​ជនស៊ីវិល​នៅ​ស៊ីរី

លោក ពូទីន ស្តី​បន្ទោស​«អ្នក​បះបោរ» ចំពោះ​ការ​ស្លាប់​ជនស៊ីវិល​នៅ​ស៊ីរី

ប្រធានាធិបតី​រុស្ស៊ី Vladimir Putin (កណ្តាល) ផ្តល់​បទសម្ភាសន៍​ដល់​កាសែត​អាល្លឺម៉ង់ Bild នៅ​ទីក្រុង​ Sochi ប្រទេស​រុស្ស៊ី​កាល​ពី​ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦។

ប្រធានាធិបតី​រុស្ស៊ី ​លោក​ វ្លាដឺមៀ​ ពូទី (Vladimir Putin) ​មាន​ប្រសាសន៍​ថា​ ការ​ស្លាប់​និង​របួស​នៃ​ជន​ស៊ីវិល​នៅ​ក្នុង​ប្រទេស​ស៊ីរី គឺ​ជា​កំហុស​របស់​«ក្រុម​បះបោរ និង​បរទេស​ដែល​គាំទ្រ​ពួកគេ» ​គឺ​មិន​មែន​ជា​កំហុស​របស់​ប្រធានាធិបតី​ស៊ីរី លោក Bashar al-Assad ទេ។

នៅ​ក្នុង​បទសម្ភាសន៍​មួយ​ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ដោយកាសែតBild​ របស់​អាល្លឺម៉ង់ លោក​ពូទីន​មាន​ប្រសាសន៍​ថា ​លោក​ Assad គ្រាន់​តែ​ប្រយុទ្ធ​ជាមួយ​ជន​ទាំង​ឡាយ​ណា​ដែល​ចាប់​កាន់​អាវុធ​ប្រឆាំង​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។

លោក​ពូទីន បន្ថែម​ថា ខណៈ​ដែល​លោកAssad «បាន​ប្រព្រឹត្តិ​កំហុស​ជាច្រើន»​ ក្នុង​គ្រា​មាន​សង្គ្រាមដែល​អូស​បន្លាយ​ពេល​ជិត​៥ឆ្នាំ​នៅ​ប្រទេស​ស៊ីរី​នោះ ​លោក Assad មិន​មែន​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​វិសាលភាព​នៃ​អំពើ​ហិង្សា​នោះ​ទេ។

លោក ​ពូទីន​ បាន​ថ្លែង​ប្រាប់​កាសែត​ Bild​ របស់​អាល្លឺម៉ង់​នោះ​ថា ​«ជម្លោះ​នឹង​មិន​រីក​ធំ​ដូច​ពេល​នេះ​ទេ បើសិនជា​ពុំ​មាន​ការ​បញ្ឆេះ​ដោយ​សមាសធាតុ​នៅ​ខាង​ក្រៅ​ប្រទេស​ស៊ីរី ដែល​បាន​ផ្តល់​អាវុធ ​ប្រាក់​និង​កងកម្លាំង​ប្រយុទ្ធ​នោះ»។ លោក ពូទីន​ បាន​បន្ថែម​ ដោយ​សួរ​ជា​សំណួរ​ថា៖ «តើ​នរណា​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​បញ្ហា​នេះ? តើ​ជា​រដ្ឋាភិបាល​របស់​លោក Assad ​ដែល​កំពុង​ព្យាយាម​បង្រួបបង្រួម​ប្រទេស​នោះ​ឬ? ឬ​ក៏​ជា​ក្រុម​បះបោរ​ដែល​ចង់​ពុះ​ច្រៀក​ប្រទេស​ស៊ីរី​ជា​កង់ៗ ហើយ​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​នេះ​ទៅវិញ?»

ប្រទេស​រុស្ស៊ី គឺ​ជា​សម្ព័ន្ធ​មិត្ត​មួយ​របស់​ប្រទេស​ស៊ីរី។ ​កាល​ពី​ចុង​ខែ​កញ្ញា​កន្លងទៅ ប្រទេស​រុស្ស៊ី បាន​ចាប់​ផ្តើម​យុទ្ធនាការ​វាយប្រហារ​តាម​អាកាស​នៅ​ក្នុង​ប្រទេស​ស៊ីរី។ ​ប្រទេស​លោក​ខាងលិច​បាន​រិះគន់​ថា​ ការ​វាយប្រហារ​នោះ​សំដៅ​ទៅរក​ក្រុម​បះបោរ​ មិន​មែន​សំដៅ​ទៅរក​ជន​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​ទេ។

លោក​ពូទីន មាន​ប្រសាសន៍​ថា យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី មិន​បាន​ទម្លាក់​គ្រាប់​បែក​លើ​គោល​ដៅ​ស៊ីវិល​នោះទេ។ លោក​ថ្លែង​ថា រុស្ស៊ី​មាន​ភស្តុតាង​ដែល​អាច​បញ្ជាក់​ថា អ្នក​រិះគន់​ប្រទេស​រុស្ស៊ី ខុស។

នៅ​ពេល​ដែល​អង្គការ​សហប្រជាជាតិ​កំពុង​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​នឹង​ប្រទេស​ស៊ីរី​ឲ្យ​វិល​ទៅ​រក​ការ​ចរចា​សន្តិភាព​មួយ​លើក​ទៀតក្នុង​ទីក្រុង​ហ្សឺណែវ ​ប្រទេស​ស្វីស នៅ​ចុង​ខែ​នេះ លោក​ពូទីន​ មាន​ប្រសាសន៍​ថា លោក​មិន​ចង់​ឃើញ​ប្រទេស​ស៊ីរី ក្លាយ​ទៅ​ជា​ប្រទេស​ដូច​អ៊ីរ៉ាក់ ឬ​លីប៊ី​នោះ​ទេ៕