នាង​ខ្ញុំ​យំ​ពេល​កូន​សួររក​ប៉ា ព្រោះ​ស្វាមី​ទៅធ្វើ​ការ​នៅ​កូរ៉េ​មិន​វិល​វិញ​

​កូនស្រី​វ័យ ៥ ឆ្នាំ ទន្ទឹង​ចាំ​ថ្ងៃ​វិលត្រឡប់​របស់​ឪពុក​នាង​អស់​រយៈពេល​យូរ​ឆ្នាំ​មកហើយ​… សង្ឃឹមថា​ថ្ងៃ​ណាមួយ​ទឹកភ្នែក​នាង​ខ្ញុំ​ឈប់​ហូរ​ដោយសារ​សំណួរ​របស់​កូន ។ ​នាង​ខ្ញុំ​អាយុ ៣២ ឆ្នាំ ចំណែក​ស្វាមី​អាយុ ៣៥ ឆ្នាំ ជា​អ្នកស្រុក​ជាយក្រុង​ភ្នំពេញ បាន​រៀបការ​នឹង​គ្នា​កាលពី​ជាង ៦ ឆ្នាំមុន ។ ពេល​នាង​ខ្ញុំ​មាន​ផ្ទៃពោះ​ក៏ ជា​ពេលដែល​គាត់​ទៅធ្វើ​ការ​នៅ​កូរ៉េខាងត្បូង ហើយ​ចាប់តាំងពី​ពេល​នោះមក ខ្ញុំ​ត្រូវ​ខំប្រឹងប្រែង​ធ្វើការ​រហូតមកដល់​ថ្ងៃនេះ លើកលែងតែ​ប៉ុន្មាន​ខែ​មុន និង ក្រោយ​ថ្ងៃ​ឆ្លងទន្លេ ។ នាង​ខ្ញុំ​ត្រូវធ្វើ​ការ​ថែម​ម៉ោង​ទាំងយប់​ទាំង​ថ្ងៃ​ដើម្បី​រកប្រាក់ មក​ចិញ្ចឹម​គ្រួសារ ។ រាល់​ខែ​ស្វាមី​នាង​ខ្ញុំ​តែង​ផ្ញើ​ប្រាក់​មកឱ្យ​នាង​ខ្ញុំ​សន្សំ​សម្រាប់ ធ្វើ​ផ្ទះ​រហូត​បាន​ផ្ទះថ្ម​តូច​មួយ​សម្រាប់​សមាជិក​គ្រួសារ ៨ នាក់ ។

នាង​ខ្ញុំ​អាណិត ស្វាមី​ខ្លាំងណាស់​ដែល​ខំធ្វើការ​ស៊ីឈ្នួល​នៅ​ស្រុក​គេ​ដើម្បី​រកប្រាក់​ចិញ្ចឹម​គ្រួសារ ប៉ុន្តែ​រយៈពេល​ជាង​កន្លះ​ឆ្នាំ​ចុងក្រោយ​គាត់​មិនបាន​ផ្ញើ​ប្រាក់​មកឱ្យ​ខ្ញុំ និង កូន​ទេ ពេល​ទូរស័ព្ទ​សួរសុខទុក្ខ​គាត់​ប្រាប់ថា​មិន​អី​ទេ តែ​ប៉ុន្មាន​ខែ​មកនេះ​ដោយសារ​មិន ទាន់​រកបាន​ការងារ​ថ្មី​ទើប​គ្មាន​ប្រាក់​ផ្ញើមក​ផ្ទះ​និង ខ្ចីប្រាក់​មិត្តភក្តិ​ចាយ​ទៀតផង ។​ ​រយៈពេល ៣-៤ ឆ្នាំ​កន្លងទៅ​នាង​ខ្ញុំ​ត្រូវ​ប្រឈមមុខ និង ស្រក់​ទឹកភ្នែក រាល់​ពេលឮ​កូនស្រី​សួររក​ប៉ា ។ មិនតែប៉ុណ្ណោះ​កូនស្រី​ដ៏​គួរឱ្យ​អាណិត​របស់ខ្ញុំ​ក៏ត្រូវ​ក្មេងៗ​និង អ្នកភូមិ​មាក់ងាយ​ថា​«​កូន​គ្មាន​ឪ​» «​កូន​ត្រូវ​ឪ​រត់ចោល​» ។​ល​។

ដើមឡើយ​គាត់​ប្រាប់ថា​ទៅធ្វើ​ការ​នៅ​កូរ៉េខាងត្បូង​រយៈពេល ៣ ឆ្នាំ​តាម​ការ កំណត់​របស់​ក្រុមហ៊ុន​ជ្រើសរើស​ពលករ ប៉ុន្តែ​ពេល​ដល់​ថ្ងៃ​ត្រូវ​វិល​មក​ស្រុក​គាត់ ទូរស័ព្ទ​ប្រាប់ថា​គាត់​ទទួល​ការអនុញ្ញាតឱ្យ​ពន្យារពេល​ដើម្បី​ធ្វើការ​បន្ត ។ ថ្វីបើ​ការ ធ្វើការ​នៅ​កូរ៉េ​គឺជា​ក្តី​ប្រាថ្នា​របស់​អ្នកក្រ​ដូច​យើងខ្ញុំ តែ​វា​ធ្វើឱ្យ​គ្រួសារ​យើង​បារម្ភ​ជាខ្លាំង ព្រោះ​នៅ​ឆ្ងាយ​ពីគ្នា ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ខ្លាចក្រែង​គាត់​ផ្លាស់ប្តូរ​គំនិត ។​​អ្វីដែល​ធ្វើឱ្យ​នាង​ខ្ញុំ​បារម្ភ​បំផុត​នោះ​គឺ​ការបំបែកបំបាក់​ពី​ឪពុកម្តាយ និង បងប្អូន​របស់គាត់ ។ មុនពេល​រៀបការ​ឪពុកម្តាយ និង បងប្អូន​គាត់​ធ្លាប់​ព្រមាន​ឱ្យ​នាង​ខ្ញុំ​ចាក​ចេញពី​គាត់ ហើយ​មិន​ទទួលស្គាល់​នាង​ខ្ញុំ​ជាដាច់ខាត ។

ពាហ៍ពិពាហ៍​របស់​យើងខ្ញុំ​ត្រូវធ្វើឡើង ដោយ​មិន​ពេញមុខ ព្រោះ​មិនមាន​ការចូលរួម​ពី​ឪពុកម្តាយ និង បងប្អូន​បង្កើត​របស់​គាត់ ។ ប៉ុន្មាន​ឆ្នាំ​មកនេះ​ប្អូនប្រុស​របស់​នាង​ខ្ញុំ​ធ្លាប់​ជាប់ពន្ធនាគារ​ម្តង ហើយ​គ្រួសារ​ខ្ញុំ​ក៏មាន វិបត្តិ​មួយចំនួន​ផ្សេងទៀត ចំណែក​ប្អូនថ្លៃ​ពីរ​នាក់​របស់​នាង​ខ្ញុំ​ក៏​ទៅ​ធ្វើការ​នៅ​កូរ៉េ​ដែរ ។ នាង​ខ្ញុំ​មិនដឹងថា​ស្វាមី​មាន​បញ្ហា​អ្វីខ្លះ​ទេ ហើយក៏​មិនដឹងថា​ឪពុក​ម្តាយក្មេក​នៅតែ​ចង់​បំបែក បំបាក់​គ្រួសារ​ប្តី​ប្រពន្ធ​នាង​ខ្ញុំ​ទៀត​ឬ​យ៉ាងណា ? តើ​ខ្ញុំ​ត្រូវ​គិត​យ៉ាងណា​សូម ជួយផ្តល់​យោបល់​ដល់​នាង​ខ្ញុំ​ដោយ​ក្តី​អនុគ្រោះ​ផង ?

​ចំពោះ​ស្ត្រី​មាន​វិបត្តិ​
​តាម​អ្វីដែល​នាង​បាន​រៀបរាប់​«​ប្រជាប្រិយ​»​គិតថា​ទំនាក់ទំនង​ស្នេហា​របស់​នាង និង ស្វាមី​ប្រៀបដូចជា​កែវ​ទឹក​មួយ​នៅលើ​មែកឈើ​តូច​រង់ចាំតែ​ខ្យល់​បក់​ទម្លាក់​តែប៉ុណ្ណោះ ។ អាពាហ៍ពិពាហ៍​មួយ​ដែល​តែងតែមាន​ការរំខាន​គ្រប់ពេល​ដូចជា​ករណី​របស់​នាង​បែបនេះ បើ​គ្មាន​បញ្ហា​អ្វី​កើតឡើង​វា​គឺជា​រឿង​ចម្លែក ព្រោះថា​ឪពុក​ម្តាយក្មេក​ដែល​មិន​ព្រម ទទួលស្គាល់​កូនប្រសា​ស្រី​ដាច់អហង្ការ​ដូច្នេះ ពួកគាត់​ប្រាកដជា​មិន​នៅ​ស្ងៀម​ទុកឱ្យ​នាង មាន​សេចក្តីសុខ​ឡើយ ហើយ​ពួកគាត់​នឹង​រក​គ្រប់​មធ្យោបាយ​ដើម្បី​បំបែកបំបាក់​អ្នក​ទាំងពីរ គឺ​ពួកគាត់​អាច​ប្រមូលយក​ចំណុច​អាក្រក់​របស់​នាង​ដើម្បីឱ្យ នាង​ក្លាយជា​មនុស្ស​មិនល្អ​ក្នុង​ចិត្ត​កូនប្រុស​របស់​ពួកគាត់ ។

«​ប្រជាប្រិយ​»​សន្និដ្ឋានថា ការពន្យារពេល​ដើម្បី​បន្តការងារ​នៅ​កូរ៉េខាងត្បូង ការមិន​ផ្ញើ​ប្រាក់​មក​ផ្ទះ​ដោយ​យក​លេស​ថា​មិនទាន់​រកបាន​ការងារ​ធ្វើ និង ការជួយជ្រោមជ្រែង​យក​បងប្អូន​ទៅធ្វើ​ការ​នៅ​កូរ៉េ​របស់​ស្វាមី​នាង​ក៏​អាច ជា​ទង្វើ​ដែល​ស្ថិតក្រោម​ឥទ្ធិពល​នៃ​មធ្យោបាយ​បំបែកបំបាក់​របស់​ឪពុកម្តាយ​គាត់ ។ «​ប្រជាប្រិយ​»​យល់ថា​មុននឹង​ទង្វើ​ខាងលើ​កើតឡើង ឪពុក​ម្តាយក្មេក​របស់​នាង​ប្រហែលជា បាន​លើកយក​បញ្ហា​ទាំងអស់​ដែល​គ្រួសារ​នាង​ជួបប្រទះ​ទៅប្រាប់​កូនប្រុស​របស់ខ្លួន ហើយ​បើ​បូករួម​នឹង​ការ​លាប​ពណ៌​ដ៏​ប៉ិនប្រសប់​របស់​ពួកគាត់​ទៀត បំណង​របស់​ពួកគាត់​ប្រាកដជា​បានសម្រេច​បន្តិច​ម្តងៗ ។

ចំណែក​ស្វាមី​នាង​វិញ​ដោយសារតែ​យល់ថា​នាង និង សមាជិកគ្រួសារ​ពិតជា​អាក្រក់​ដូច​សម្តី​របស់​ឪពុកម្តាយ​គាត់​ទើប​គាត់​លែង​ផ្ញើ​ប្រា​ក់មក​ផ្ទះ ។ នេះ​គ្រាន់តែ​ជាការ​សន្និដ្ឋាន​ប៉ុណ្ណោះ ប៉ុន្តែ​ប្រសិនបើ​វា​ជា​ការពិត «​ប្រជាប្រិយ​»​គិតថា​ការឈប់​ផ្ញើ​ប្រាក់​មកឱ្យ​នាង​គឺ​គ្រាន់តែ​ជា​ដំណោះ ស្រាយ​បណ្តោះអាសន្ន​របស់គេ​ប៉ុណ្ណោះ បញ្ហា​បន្ទាប់​ដែល​អាច​នឹង​កើតឡើង គឺ​ព័ត៌មាន​អាក្រក់​សម្រាប់​នាង​ដូចជា​ថា​ស្វាមី​របស់​នាង​មាន​ប្រពន្ធ​ថ្មី ។​ល​។

«​ប្រជាប្រិយ​»​សូម​ផ្តល់យោបល់​ថា ចាប់ពីពេលនេះ​តទៅ​នាង​គួរ​ទៅ សួរសុខទុក្ខ​ឪពុក​ម្តាយក្មេក និង ជូនអំណោយ​ប្រាក់កាស​ដល់​ពួកគាត់​ឱ្យបាន​ញឹកញាប់ ទោះ​ពួកគាត់​មិន​ទទួល​ស្វាគមន៍​នាង​ក៏ដោយ ។ បន្ទាប់ពី​ធ្វើបែបនេះ​មួយរយៈ​ពេល​យូរ ឪពុក​ម្តាយក្មេក​របស់​នាង​ប្រាកដជា​ទន់​ចិត្ត​បន្តិច​ម្តងៗ​មិន​ខាន ។ ទន្ទឹមនឹងនេះ​ចូរ​ផ្តល់ព័ត៌មាន​បែប​អង្រួន​ចិត្ត​ដល់​ស្វាមី ដូចជា​ថា «​កូនស្រី​យើង​យំ​សួររក​ប៉ា​ជានិច្ច​» «​កូនស្រី​យើង​ឆ្លាត​ណាស់​» «​កូនស្រី​យើង​ត្រូវគេ​មាក់ងាយ​ថា​ជា​កូន​គ្មាន​ឪ​» «​អូន​នឹក​បង​ខ្លាំងណាស់​» ។​ល​។ ម្យ៉ាងទៀត នាង​ត្រូវឱ្យ​ស្វាមី​ដឹងថា ខ្លួន និង សមាជិកគ្រួសារ​នៅតែ​ល្អ​ចំពោះ​គាត់ ហើយ​នៅតែ​ទន្ទឹង​មើលផ្លូវ​ជានិច្ច ។ ជាង​នេះ​ប្រការ​ដែល​មិនត្រូវ​មើលរំលង​នោះ​គឺ​សម្រស់ ចូរ​ប្រាកដថា​នាង​ស្អាត​ជាង​មុន និង ត្រូវ​បង្ហាញ​រូបភាព ដ៏​គួរឱ្យ​ស្រឡាញ់​របស់​នាង​ឱ្យ​ស្វាមី​ឃើញ​ញ្ញឹកញាប់​( តាមរយៈ Facebook) ។

​សូម​ជូនពរ​នាង​បានទទួល​ជោគជ័យ​ក្នុងការ​រក្សា​ស្វាមី​របស់ខ្លួន​ក៏ ដូច​ជាមាន​ទំនាក់ទំនង​ល្អជា​មួយ​ឪពុក​ម្តាយក្មេក ៕