ជប៉ុន កូរ៉េខាងត្បូង រួមគ្នាផ្សារភ្ជាប់ ទំនាក់ទំនងសេដ្ឋកិច្ច ឡើងវិញ ក្រោយបញ្ចប់ បញ្ហាប្រវត្តិសាស្រ្ត

តូក្យូ៖ នៅថ្ងៃអង្គារនេះ ជប៉ុន និងកូរ៉េខាងត្បូង បានជួបពិភាក្សាគ្នា លើកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចថ្នាក់ខ្ពស់ ក្នុងគោលបំណងដើម្បី លើកកម្ពស់ចំណង ទំនាក់ទំនងទ្វេភាគី ក្រោយពីបានបញ្ចប់ដំណោះស្រាយ បញ្ហាប្រវត្តិសាស្រ្ត (ស្រ្តីបម្រើតណ្ហាទាហានជប៉ុន) ដែលអូសបន្លាយជាង ៧០ឆ្នាំ ហើយឈានដល់កិច្ចព្រមព្រៀង កាលពីខែមុននេះ។

ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នេះដោយលើកឡើងសម្ដីរបស់អនុរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការងារសេដ្ឋកិច្ចប្រចាំនៅក្រសួងការបរទេសជប៉ុនលោក យូស៊ូម៉ាសា ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ជំនួបពិភាក្សារវាងលោក និងអនុរដ្ឋមន្រ្តីការបរទេសទទួលបន្ទុកការងារសេដ្ឋកិច្ចកូរ៉េខាងត្បូងលោក លី តៃហូ ត្រូវបានធ្វើឡើងក្រោយពីទំនាក់ទំនងរវាងប្រទេសទាំងពីរ បានឈានចូល “យុគសម័យថ្មី”។

ក្នុងអំឡុងពេលកិច្ចប្រជុំរយៈពេល ៥ម៉ោង ភាគីទាំងពីរបានពិភាក្សាគ្នាជុំវិញការហាមឃាត់ការនាំចូលផលិតផលនេសាទជប៉ុនទៅកាន់កូរ៉េខាងត្បូង បន្ទាប់ពីគ្រោះមហន្ដរាយនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ឆ្នាំ២០១១ ហើយអង្គការពាណិជ្ជកម្មពិភពលោក ក៏បានបង្កើតក្រុមការងារ ដើម្បីតាមដានលើបញ្ហានេះ៕

ជប៉ុន កូរ៉េខាងត្បូង រួមគ្នាផ្សារភ្ជាប់ ទំនាក់ទំនងសេដ្ឋកិច្ច ឡើងវិញ ក្រោយបញ្ចប់ បញ្ហាប្រវត្តិសាស្រ្ត