អ្នកវិភាគ៖ យុទ្ធសាស្រ្ត «ឈប់ឈ្លោះ ឈប់ឆ្លើយ» របស់លោក កឹម សុខា គ្រាន់តែជាការ ដោះទាល់

ភ្នំពេញ៖ ក្រុមអ្នកវិភាគ និងអ្នកតាមដានព្រឹត្តិការណ៍ នយោបាយ នៅក្នុងប្រទេសកម្ពុជា កំពុងតាមដាន យ៉ាងយកចិត្តទុកដាក់ ចំពោះឥរិយាបថ របស់មេដឹកនាំ គណបក្សនយោបាយនានា នៅក្នុង ប្រទេសកម្ពុជា។ ពិសេសទៅលើឥរិយាបថរបស់ មេដឹកនាំ គណបក្សសង្រ្គោះជាតិ ក្រោយពី លោក កឹម សុខា ប្រធានស្តីទី គណបក្សសង្រ្គោះជាតិ បានប្រកាសចេញ នូវយុទ្ធសាស្រ្ត សកម្មភាព «ឈប់ឈ្លោះ ឈប់ឆ្លើយ» រឿងបុគ្គលជាមួយនឹង គណបក្សនយោបាយណាមួយ ដែលទំនង ជាសំដៅមកលើ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាប្រធាន គណបក្សប្រជាជនកម្ពុជា។

សម្រាប់ក្រុមអ្នកវិភាគ នេះគឺជាអ្វីដែលគេចង់ឃើញ ដែលអ្នកនយោបាយខ្មែរ ឈប់ យករឿងបុគ្គល មកធ្វើជាត្រីវិស័យ ឬប្រធានបទ នៃការកេងចំណេញ ប្រជាប្រិយភាពលើ គូរបដិបក្ខ ដោយងាកមកធ្វើការប្រកួតប្រជែងគ្នា ទៅលើ ទស្សនៈនយោបាយវិញម្តង។ ប៉ុន្តែជាមួយគ្នានេះ គ្រប់គ្នាហាក់នៅអល់អែក និងប្រាកដប្រជាក្នុងចិត្តណាស់ថា តើការប្រកាស របស់ លោក កឹមសុខា នេះ បានយូរប៉ុណ្ណា ហើយថាតើ ទង្វើ នឹង សំដី របស់មេដឹកនាំ គណបក្សសង្រ្គោះជាតិ ដែលប្រកាសចេញនេះស្របគ្នាឬទេ?

លោកបណ្ឌិត កែម ឡី អ្នកសិក្សាស្រាវជ្រាវ សង្គមបានបញ្ជាក់ថា ៖«អ្នកនយោបាយស្រុកខ្មែរ ភាគច្រើនជាអ្នកនយោបាយអង្ករកំប៉ុង និយាយហើយមិនសូវ មានការទទួលខុសត្រូវទេ ហើយ មានចលនា បត់បែន ទៅតាមស្ថានភាពនយោបាយ»។ លោក កែម ឡី បន្តថា «ជាពិសោធន៍! ភាគច្រើននៅពេល ដែលមានស្ថានភាពនយោបាយតានតឹង អ្នកនយោបាយភាគច្រើនតែងតែ មានការសម្របសម្រួលគ្នា ហើយការសម្របសម្រួលគ្នានោះ អ្នកនយោបាយតែងតែមានភាព ទន់ធ្លន់ងាកទៅរកគ្នា តែបន្តិចក្រោយមក ច្រើនតែឈ្លោះទាស់ទែងគ្នាទៀត»។

ចំណែកឯ លោក អ៊ូ វីរៈ ប្រធានវេទិការអនាគត បានលើកឡើងថា ប្រសិនបើការសម្រេចចិត្ត របស់គណបក្សសង្គ្រោះជាតិក្លាយជាការពិត នោះវានឹងក្លាយជា ប្រយោជន៍របស់ពលរដ្ឋម្ចាស់ឆ្នោត ព្រោះអ្នកនយោបាយឈ្លោះគ្នារឿងជាតិ ប្រសើរជាងឈ្លោះគ្នារឿងបុគ្គល។
លោក អ៊ូ វីរៈ បានថ្លែងថា៖«តែអ្វីដែលខ្ញុំព្រួយបារម្ភនោះ គឺការអនុវត្តវិញទេ»។ លោកថា «តើ ជាក់ស្តែងយើងអនុវត្តបានយ៉ាងម៉េច ហើយថាតើ ការអនុវត្តមានរយៈពេលយូរឬអត់»? លោកបន្តថា «ជួនកាល ការតាំងចិត្តធ្វើចឹងមែន តែពេលធ្វើមានការប៉ះទង្គិចមួយចំនួនទៅ ក៏ស្រាប់តែភ្លេចពីយុទ្ធសាស្រ្តហ្នឹង ហើយបែរទៅរកទិសដៅដើមវិញដដែល»។ លោក អ៊ូ វីរៈ ថា « នោះហើយ គឺជាគន្លះនៃបញ្ហា»។

ដូចគ្នានេះដែរ លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវម្នាក់ទៀត បានលើកឡើងថា អ្វីដែលជា ការលើកឡើងរបស់លោក កឹម សុខា នៅពេលនេះ គឺនឹងអាចទាញយកវប្បធម៌សន្ទនា វិលមកក្នុងរង្វង់ អ្នកនយោបាយយើងវិញ។ លោកថ្លែងថា៖«ក្នុងនេះ គណបក្សប្រឆាំងនៅតែ មានសិទ្ធក្នុងការប្រឆាំង ប៉ុន្តែនៅពេលខ្លះ ការប្រឆាំងហ្នឹងបើសិនជាលើកឡើងឲ្យសមស្រប ឲ្យគណបក្សម្ខាងទៀត ទទួលយកបាននោះ ពេលហ្នឹងវានឹងជួយឲ្យវប្បធម៌សន្ទនានឹង ដំណើរ ការទៅមុខបាន»។ លោក មាស នី បន្តថា «លោកនៅតែសង្ឃឹមថា រឿងរ៉ាវនៅក្នុង សង្គមខ្មែរ នេះ វាត្រូវការពេលវេលាច្រើនទៀតដើម្បីដោះស្រាយ»។

ចំណែកលោក ម៉ម សូណង់ដូ ប្រធានគណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានថ្លែងថា យុទ្ធសាស្រ្តរបស់លោក កឹម សុខា នៅពេលនេះ គ្រាន់តែជានយោបាយទាល់ ច្រកតែ ប៉ុណ្ណោះ។ លោក ម៉ម សូណង់ដូ បានថ្លែងថា៖« ពេលនេះ គណបក្សសង្រ្គោះជាតិ អត់មាន ពាក្យកុហកអ្វី ដល់ប្រជាពលរដ្ឋទៀតទេ ព្រោះប្រជាពលរដ្ឋគេបានដឹងអស់ហើយ»។

គួរកត់សម្គាល់ថា ក្នុងពេលដែល គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ កំពុង អនុវត្តវប្បធម៌សន្ទនា ក្រោមកិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយ នយោបាយ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ លោក កឹមសុខា ត្រូវបានគេចាត់ទុកថា ជាបុគ្គលរឹងរូសជាងគេ ដែលតែង តែបន្តរិះគន់ និងវាយប្រហារ ដោយឥតសំចៃមាត់ ទៅលើបុគ្គលជាថ្នាក់ដឹកនាំគណបក្សប្រជា ជនកម្ពុជា ជាពិសេសមកលើសម្តេចតេជោ ហ៊ុន សែន។ គណបក្សប្រជាជនកម្ពុជា បានចាត់ ទុកការបន្តរិះគន់ និងវាយប្រហាររបស់លោក កឹម សុខា នៅពេលនោះថា  ជានយោបាយ ចាប់ដៃជាន់ជើង ដែលគណបក្សប្រជាជនកម្ពុជា បានព្រមានម្តង ជាពីរដង។  

ក្រុមអ្នកវិភាគបានមើលឃើញថា ការផ្លាស់ប្តូរជំហររបស់ លោក កឹម សុខា នៅពេល នេះ ទំនងជា ក្រោយមានព្រឹត្តិការណ៍នយោបាយចុងក្រោយ នៅមួយរយៈពេលចុងក្រោយនេះ ជាពិសេស ក្រោយពីមានបាតុកម្មទំលាក់លោកចេញពី តំណែងអនុប្រធានទី១ នៃរដ្ឋសភា កាលពីអំឡុង ខែតុលា ឆ្នាំ២០១៥កន្លងទៅ។  បន្ថែមលើនេះ លោក កឹម សុខា បានសរសេរ នៅលើហ្វេសបុករបស់លោក កាលពីថ្ងៃចន្ទដើមសប្តាហ៏នេះទៀតថា «ខ្ញុំ សុំឲ្យសកម្មជន ថ្នាក់ ដឹកនាំមូលដ្ឋាន ផ្ដោតទៅលើ ផែនការសកម្មភាព ដែលខ្ញុំដាក់ជូននេះ ហើយចៀសវាងកុំ ចំណាយពេលទៅឆ្លើយឆ្លង ឬ ឈ្លោះជាមួយនរណា»។

ប៉ុន្តែយ៉ាងណាក៏ដោយ គ្រប់គ្នាហាក់កំពុងរងចាំមើល ថាតើ ផែនការសកម្មភាព«ឈប់ឈ្លោះ ឈប់ឆ្លើយ» របស់លោក កឹម សុខា នឹងបានយូរប៉ុណ្ណា។ ព្រោះបើតាមលោក អ៊ូ វីរៈ ប្រធាន វេទិការអនាគតបានអះអាងថា ការប្រកាន់ជំហរបែបនេះ ទំនងជាការពិបាកសម្រាប់លោក សម រង្ស៊ី ដែលជាប្រធានគណបក្ស។ លោក សម រង្ស៊ី ដែលតែងតែប្រើយុទ្ធសាស្រ្ត វាយ ប្រហារ រិះគន់បុគ្គល ជាជាងការប្រកួតប្រជែងផ្នែក ទស្សនៈ នយោបាយ ជាមួយនឹងគណបក្ស ប្រជាជនកម្ពុជា៕